ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ACU ស្នើឲ្យសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី 3 ឆ្នាំ 2019 មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

54


ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ បានចេញសេចក្តីជូនដំណឹង ដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី 3 ឆ្នាំ 2019 មកប្រកាសទ្រព្យសម្បត្តិ និងបំណុល នៅអង្គភាពប្រឆាំងអំពើពុករលួយ ទៅតាមកាលកំណត់ យ៉ាងយូរ 30 ថ្ងៃ ក្រោយការប្រកាសចូលកាន់តំណែង។

បើតាមការប្រកាសកាលពីពេលថ្មីៗនេះ អង្គភាពប្រឆាំងអំពើពុករលួយ បានឲ្យដឹងថា យោងតាមច្បាប់ ស្ដីពីការប្រឆាំងអំពើពុករលួយ អង្គភាពប្រឆាំងអំពើពុករលួយ បានជម្រាបជូនដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី អំពីការប្រកាសទ្រព្យសម្បត្តិ និងបំណុល សម្រាប់សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដូចខាងក្រោម ១ ៖ សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ តើធ្លាប់បានប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងឆ្នាំ 2018 នៅឆ្នាំ 2019 ហើយបានជាប់ឆ្នោត បន្តតំណែងក្នុងក្រុមប្រឹក្សា មិនមានការចាំបាច់ ត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល យ៉ាងយូរ 30 ថ្ងៃ ក្រោយចូលកាន់ដំណែងជាថ្មីម្ដងទៀតនោះទេ។ ហើយរង់ចាំអនុវត្តការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប 2 ឆ្នាំ (អ្នកប្រកាសក្នុងឆ្នាំ 2018 ត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល នៅខែមករា ឆ្នាំ 2020 ហើយអ្នកដែលបានប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងឆ្នាំ 2019 ត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងខែមករាឆ្នាំ 2021)។

២៖ សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលទទួលបានតំណែងថ្មី ជាលើកដំបូង ឬឈប់ជាស្ថាពរពីសមាជិកក្រុមប្រឹក្សា ហើយមិនមានជាប់មុខងារផ្សេងទៀត ដែលមានកាតព្វកិច្ច ប្រកាសទ្រព្យសម្បត្តិ និងបំណុលនោះទេ ត្រូវអនុវត្តការប្រកាសទ្រព្យសម្បត្តិ និងបំណុល យ៉ាងយូរបំផុត 30ថ្ងៃ ក្រោយការចូលកាន់តំណែង ឬក្រោយពីឈប់ពីមុខតំណែងនេះ។

អង្គភាពប្រឆាំងអំពើពុករលួយ បានប្រកាសសូមឯកឧត្តម លោកជំទាវ លោក លោកស្រី បំពេញកាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល ឲ្យបានទាន់ពេលវេលាកំណត់របស់ច្បាប់ ដោយអញ្ជើញមកផ្ទាល់ ឬផ្ញើតាមក្រុមជនបង្គោល ប្រឆាំងអំពើពុករលួយប្រចាំរាជធានី ខេត្ត ឬក្រសួងមហាផ្ទៃផ្នែករដ្ឋបាលស៊ីវិល ឬផ្ញើតាមបុគ្គលណាម្នាក់ ដែលខ្លួនទុកចិត្ត ឬផ្ញើតាមប្រអប់ប្រៃសណីយ៍៕

អត្ថបទដែលជាប់ទាក់ទង