ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជារៀបចំការប្រកួតកីឡាហែលទឹក ជ្រើសរើសជើងឯកយុវជនអាស៊ីអាគ្នេហ៍ លើកទី៤៣ មានកីឡាករចូលរួម​ ៤០៦នាក់

57

ថ្ងៃទី២៨ មិថុនា នេះ សហព័ន្ធខ្មែរកីឡាហែលទឹក (Khmer Swimming Federation) សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស និងសាធារណជនទាំងអស់ចូលរួមទស្សនាអោយបានច្រើនកុះករនៅក្នុងកម្មវិធីប្រកួតកីឡាហែលទឹក “ជ្រើសរើសជើងឯកយុវជនអាស៊ីអាគ្នេយ៍” លើកទី៤៣ ឆ្នាំ២០១៩ ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៨-៣០ ខែមិថុនា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៧:៣០ ព្រឹក នៅពហុកីឡដ្ឋានមរតកតេជោ ដែលមានទីតាំងទល់មុខវិមានឈ្នះ-ឈ្នះ រាជធានីភ្នំពេញ។

ការប្រកួតកីឡាហែលទឹកនេះ គឺមានការចូលរួមពី កីឡាករ កីឡាការិនី ជាតិ និងអន្តរជាតិចំនួន ៤០៦ រូប មកពី ១០ប្រទេស ក្នុងនោះកម្ពុជាមានចំនួន ២០រូប និងបរទេសមានចំនួន ៣៨៦រូប។

សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ យុវជន សិស្សានុសិស្ស និងសាធារណជនទាំងអស់ចូលរួមទស្សឲ្យបានច្រើនកុះករ ដើម្បីគាំទ្រ និងផ្តល់កំលាំងចិត្តដល់កីឡាករ កីឡាការិនីកម្ពុជាវ័យក្មេង និងបានចូលរួមលើកស្ទួយវិស័យកីឡាឲ្យកាន់តែរីកចម្រើនខ្លាំងក្លាឡើង។

លោក ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធកីឡាហែលទឹក បានគូសបញ្ជាក់ថា នេះជាព្រឹត្តិការណ៍លក្ខណៈអន្តរជាតិ លើកដំបូងរបស់សហព័ន្ធខ្មែរកីឡាហែលទឹក ក្រោយពីខកខានការរៀបចំតាំងពីឆ្នាំ១៩៦៦ ដែលពេលនោះ កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះកីឡា Games Ganefo អាស៊ីលើកទី១ ហើយការរៀបចំការប្រកួតនាពេលនេះ បានបង្ហាញពីការពង្រឹងទំនាក់ទំនង រឹតចំណងមិត្តភាព សាមគ្គីភាព និង ការស្វែងយល់ពីគ្នាទៅវិញទៅមករវាងបណ្តាប្រទេសនានា ក៏ដូចជាដើម្បីពង្រឹង សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ព្រមទាំងដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមកផងដែរ។

លោក ទេសរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ផងដែរ ពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឆ្លាសវៃប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឲ្យកម្ពុជាអាចត្រៀមលក្ខណៈរួចរាល់ដើម្បីធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំការប្រកួតជ្រើសរើស ជើងឯកយុវជនអាស៊ីអាគ្នេយ៍លើកទី៤៣ នាឆ្នាំនេះ ដែលជាព្រឹត្តិការណ៍ថ្មីមួយទៀត ដើម្បីបង្ហាញមុខមាត់ និងការរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា នាពេលបច្ចុប្បន្ន ក្រោមដំបូលសុខសន្តិភាព ដែលកម្ពុជាទទួលបានដោយលំបាកលំបិនជាទីបំផុត។

ជាចុងបញ្ចប់ លោក ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះ ចំពោះសហព័ន្ធអាស៊ីអាគ្នេយ៍ ក្រសួងអប់រំ យុវជន និងកីឡា សាលារាជធានីភ្នំពេញ វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា សហព័ន្ធសហភាពយុវជនកម្ពុជា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ គណៈកម្មការបច្ចេកទេសរបស់សហព័ន្ធ និងក្រុមហ៊ុនខ្មែរប្រ៊ូវើរីគ្រុប ដែលបានជួយសហការ ជ្រោមជ្រែង ចូលរួម និងឧបត្ថម្ភគាំទ្រ ដល់ការរៀបចំការប្រកួត នាពេលនេះ ព្រមទាំងជូនពរដល់កីឡាករ កីឡាការិនី ឱ្យមានសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ និងទទួលបានជោគជ័យ ក្នុងការប្រកួត ដែលនឹងប្រព្រឹត្ត ក្នុងរយៈពេលដ៏ខ្លីខាងមុខ និងថ្ងៃបន្តបន្ទាប់៕

អត្ថបទដែលជាប់ទាក់ទង