ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជា សុផារ៉ា ស្នើសុំសម្ដេចនាយករដ្ឋមន្ត្រី មាន វិធានការចាំបាច់សំដៅទប់ស្កាត់ការដ្ឋានសំណង់ខុសច្បាប់ នៅទូទាំងប្រទេស

80

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ កាលពីថ្ងៃទី 27 ខែមិថុនា ឆ្នាំ 2019បានចេញ លិខិតមួយច្បាប់ ដោយគោរពជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយស្នើសុំគោលការណ៍ សម្រេចលើវិធានការចាំបាច់ សំដៅទប់ស្កាត់ការដ្ឋានសំណង់ខុសច្បាប់ ដើម្បីធានាអាយុជីវិតមនុស្ស ទ្រព្យសម្បត្តិ សុវត្ថិភាព និងគុណភាពសំណង់ ទូទាំងប្រទេស។

លោកឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា បានថ្លែងជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថា ដើម្បីការពារអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ធានាសុវត្ថិភាពនិងគុណភាពសំណង់នៅទូទាំងប្រទេស និងធានាការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ គោរពសូមការសម្រេចដ៏ខ្ពង់ខ្ពស់ ពីសម្ដេចតេជោនាយករដ្ឋមន្ត្រី ដើម្បីដាក់ចេញនូវវិធានការចាំបាច់មួយចំនួន ចំពោះការដ្ឋានសំណង់សណ្ឋាគារអគារស្នាក់នៅរួម អគារពាណិជ្ជកម្ម អគាររោងចក្រ អគារសិប្បកម្ម និងសំណង់ផ្សេងទៀត បើគ្មានលិខិតអនុញ្ញាត និងឬសាងសង់ខុសលក្ខណៈបច្ចេកទេស លើកលែងសំណង់លំនៅដ្ឋានផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋ ដូចជា៖ ក្រសួងរ៉ែនិងថាមពល វិធានការមិនឱ្យមានការផ្គត់ផ្គង់ថាមពលអគ្គីសនីដល់ការដ្ឋានសំណង់។ ក្រសួងឧស្សាហកម្មនិងសិប្បកម្ម ចាត់វិធានការមិនឱ្យមានការផ្គត់ផ្គង់ទឹកស្អាតដល់ការដ្ឋានសំណង់។ ក្រសួងសាធារណការនិងដឹកជញ្ជូន មិនត្រូវអនុញ្ញាតឲ្យតភ្ជាប់លូចូលបណ្ដាញលូសាធារណៈ។ ក្រសួង ស្ថាប័ន និងអង្គភាព្យ មានសមត្ថកិច្ច មិនត្រូវផ្ដល់លិខិតអនុញ្ញាតឲប្រកបអាជីវកម្ម។ ក្រសួងព័ត៌មាន្យ និងអង្គភាពមានសមត្ថកិច្ច មិនត្រូវអនុញ្ញាតឲផ្សព្វផ្សាយពាណិជ្ជកម្ម។ សេចក្តីដូចបានគោរពជូនខាងលើ សូមសម្ដេចតេជោនាយករដ្ឋមន្ត្រី ពិនិត្យ និងសម្រេចដ៏ខ្ពង់ខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង