អតីតឯកអគ្គរាជទូតជប៉ុន សុំការគាំទ្រពីរដ្ឋបាលរាជធានី ក្នុងឱកាសប្រារព្វខួប៦៥ឆ្នាំ ចំណងមិត្តភាពកម្ពុជា.ជប៉ុន ដែលគ្រោងធ្វើនៅរាជធានីភ្នំពេញ នាដើមខែធ្នូ ឆ្នាំ២០១៨នេះ
ភ្នំពេញ៖ អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោកតាកាហាស៊ី ហ្វូមីអាគី រួមជាមួយភ្នាក់ងារទូរទស្សន៍ផ្លូវការរបស់ជប៉ុនNHK ២រូបផ្សេងទៀត នាព្រឹកថ្ងៃទី១៣ ខែកក្កដានេះ បានចូលជួបសំណេះសំណាល ជាមួយលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីសុំកិច្ចសហការ ពីរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការរៀបចំខួបលើកទី៦៥ នៃចំណងមិត្តភាព និងការទូតកម្ពុជា.ជប៉ុន ដែលគ្រោងធ្វើនៅរាជធានីភ្នំពេញ នៅដើមខែធ្នូ ឆ្នាំ២០១៨នេះ។
លោកតាកាហាស៊ី ហ្វូមីអាគី បានជម្រាបជូនពីគោលបំណង នៃការប្រារព្ធខួបលើកទី៦៥ឆ្នាំ នៃចំណងមិត្តភាពកម្ពុជា.ជប៉ុននេះ ផ្តោតលើការពង្រឹងផ្នែកវប្បធម៌កម្ពុជា.ជប៉ុន ពិសេសបញ្ជ្រាបការយល់ដឹងកាន់តែច្បាស់ ថែមទៀត សម្រាប់យុវវ័យកម្ពុជា.ជប៉ុន លើផ្នែកវប្បធម៌ក្រោមការរៀបចំពីភ្នាក់ងារព័ត៌មាន NHK ដែលជាទីភ្នាក់ងារផ្លូវការ របស់រដ្ឋ និងមានការផ្សព្វផ្សាយយ៉ាងទូលំទូលាយ ពីព្រឹត្តិការណ៍នេះ ទៅកាន់ពិភពលោក តាមរយៈភាពយន្តតុក្កតា ការបង្ហាញម៉ូត និងការប្រគំតន្ត្រី លើខ្លឹមសារ គួរឲ្យស្រឡាញ់ ដែលភាសាជប៉ុនហៅថា ខាវ៉ៃ។
លោកឃួង ស្រេង បានស្វាគមន៍ និងគាំទ្រពេញទំហឹង លើការរៀបចំព្រឹត្តិការណ៍ ដ៏មានអត្ថន័យនេះ និងត្រៀមខ្លួនផ្តល់កិច្ចសហការ ជាមួយភាគីជប៉ុន ដើម្បីរៀបចំព្រឹត្តិការណ៍ឲ្យទទួលបានជោគជ័យ។ ទន្ទឹមគ្នានេះ លោកអភិបាល ក៏បានផ្តល់យោបល់ ឲ្យភាគីជប៉ុនធ្វើលិខិតផ្លូវការ ទៅក្រសួងការបរទេស និងក្រសួងមហាផ្ទៃ ក្នុងគោលបំណង សហការរៀបចំការងារនេះ ឲ្យមានប្រសិទ្ធភាព៕