ប្រកាសផ្ទេរតំណែងអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា ជំនួសលោក គួច ចំរើន
(កំពង់ចាម)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ចាម នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសផ្ទេរតំណែងអភិបាលខេត្តកំពង់ចាមថ្មី ដោយលោក អ៊ុន ចាន់ដា អតីតអភិបាលខេត្តព្រះវិហារ ត្រូវចូលកាន់តំណែងជំនួសលោក គួច ចំរើន អភិបាលភិបាលខេត្តកំពង់ចាមចាស់ ដែលត្រូវផ្លាស់ទៅកាន់តំណែងជាអភិបាលខេត្តព្រះសីហនុ។
យោងតាមហ្វេសប៊ុកផ្លូវការ លោកគួច ចំរើន អតីតអភិបាលខេត្តកំពង់ចាម បានឲ្យដឹងថា គិតត្រឹមរសៀលនេះ រយៈពេល២ឆ្នាំ និង១ថ្ងៃកន្លះ ដែលខ្ញុំចូលកាន់តំណែង ជាអភិបាលខេត្តកំពង់ចាម បេីទោះបីជារយះពេលខ្លី ក៏មនោសញ្ជោតនា ដួងចិត្តរបស់ខ្ញុំ បានចងចាំ និងដក់ជាប់ក្នុងក្រអៅបេះដូងជានិច្ច នូវទឹកចិត្តដ៏ល្អប្រពៃ ស្វាមន៍ រួសរាយរាក់ទាក់សោមនស្ស របស់ព្រះសង្ឃ មន្ត្រីរាជការ ប្រជាជនទូទាំងខេត្តកំពង់ចាម ដែលចូលរួមសហការក្នុងដំណេីរការងាររដ្ឋបាល និងការអភិវឌ្ឍខេត្តកំពង់ចាមទទួលបានជោគជ័យ។
ខ្ញុំសូមជូនពរប្រជាពលរដ្ឋទាំងអស់ជួបតែសេចក្តីសុខ សុខភាពល្អ និងរកទទួលទានកាន់តែរីកចម្រើន។
សូមជម្រាបថា តាមការគ្រោងទុកនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ស្អែកនេះ ក៏មាននឹងការប្រារព្ធពិធីតែងតាំង លោក គួច ចំរើន ជាអភិបាលខេត្តព្រះសីហនុ បន្ទាប់ពីលោក យន្ត មីន សុំលាលែងពីតំណែងពីអភិបាលខេត្តព្រះសីហនុ ហើយត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំង ជារដ្ឋលេខាធិការក្រសួងការពារជាតិ និងបំពាក់ឋាន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍ ៕