ការអភិវឌ្ឍខេត្តព្រះសីហនុ ត្រូវរក្សាឱ្យបានដាច់ខាតនូវអត្តសញ្ញាណជាតិ
(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាស់តឿនដល់ថ្នាក់ដឹកនាំខេត្តព្រះសីហនុថា ការអភិវឌ្ឍខេត្តមួយនេះ ត្រូវរក្សាឱ្យបាននូវអត្តសញ្ញាណជាតិ។ ការរក្សាអត្តសញ្ញាណជាតិត្រង់នេះ គឺសម្តេចចង់ឱ្យការរៀបចំស្លាកសញ្ញាផ្សេងៗត្រូវតែដាក់អក្សរខ្មែរពីលើជានិច្ច ហើយអក្សរបរទេសត្រូវដាក់ពីខាងក្រោម។
ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីប្រកាសផ្ទេរតំណែងអភិបាលខេត្តព្រះសីហនុ ពីលោក យន្ត មីន មកលោក គួច ចំរើន នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេចក្រឡាហោម បានបញ្ជាក់ថា ការអភិវឌ្ឍក្នុងខេត្តព្រះសីហនុ ត្រូវរក្សាឱ្យបានដាច់ខាតអត្តសញ្ញាណជាតិ ដើម្បីឱ្យអ្នកទេសចរចូលមកលេងកម្សាន្ត និងវិនិយោគបានដូចគ្នា។ ខ្ញុំគាំទ្រកន្លងទៅផ្លាកសញ្ញានានាយើងបានកែសម្រួល តែសុំឱ្យបន្តទៅទៀត។ យើងដើរមើលប្រទេសណា គេដាក់អក្សរប្រទេសគេណុងហើយ អក្សរបរទេសគេដាក់ខាងក្រោម៕