អភិបាលរាជធានីជំរុញអោយព្រះសង្ឃនិងពុទ្ធបរិស័រួមគ្នាថែរក្សាសុខសន្តិភាពដើម្បីធានា អោយកម្ពុជា កាន់តែមានការអភិវឌ្ឍន៍រីកចំរើន
ភ្នំពេញ៖អភិបាលរាជធានីភ្នំពេញលោកឃួងស្រេងបានជំរុញអោយព្រះសង្ឃនិងពុទ្ធបរិស័ទរូមគ្នាក្នុងការថែរក្សាសុខសន្តិភាពដើម្បីធានាអោយកម្ពុជាកាន់តែមានការអភិវឌ្ឍរីកចំរើនធ្វើអោយប្រជាពលរដ្ឋរស់នៅដោយភាពកក់ក្តៅសម្បូរសប្បាយនិងគ្មានការរំខានពីការគោរពប្រតិបត្តិជំនឿសាសនា។
ការជម្រុញបែបនេះរបស់លោកឃួងស្រេងកាលពីរសៀលថ្ងៃទី៣០ខែមិថុនាក្នុងកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនាបំបួសកុលបុត្រកុលធីតាជាង៥៦០អង្គ/នាក់នៅវត្តភ្នៀតសម្ពលីដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ត្រីរាជការនិងពុទ្ធបរិស័ទជាច្រើនរយនាក់។
លោកឃួងស្រេងបានមានប្រសាសន៍ថាសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្ដីនៃកម្ពុជាបានកសាងសុខសន្តិភាពជូនកម្ពុជាមកដល់ពេលនេះបានមកដោយលំបាកណាស់។ដូច្នេះទេយើងត្រូវរួមគ្នាថែរក្សាសុខសន្តិភាពនេះអោយគង់វង្សទោះក្នុងរូបភាពណាក៏ដោយមិនអោយជនអគតិណាមួយមកបំភ្លេចបំផ្លាញសុខសន្តិភាពនេះបានឡើយ។
លោកជំរុញអោយព្រះសង្ឃគ្រប់ព្រះអង្គឲ្យបង្កើនការ បំពេញតួនាទីអោយកាន់តែខ្លំាងក្លាក្នុងការអប់រំសង្គមឲ្យមានសន្តិភាពគ្មានអំពើហិង្សាស្របពេលដែលវិស័យព្រះពុទ្ធសាសនាមានការរីកចំរើនហើយប្រទេសជាតិមានសុខសន្តិភាពនិងស្ថេរភាពនយោបាយល្អ។
លោកបន្ថែមថារាជរដ្ឋាភិបាលបានចាត់ទុកព្រះសង្ឃមានតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកធ្វើឲ្យសង្គមជាតិមានសុខសន្តិភាពនិងគ្មានអំពើហិង្សា។លោកបន្តថារាជរដ្ឋាភិបាលបានលើកទឹកចិត្តឲ្យព្រះសង្ឃបានអប់រំសង្គមតាមរយៈកម្មវិធីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គមដែលត្រូវបានអប់រំផ្សាយនៅគ្រប់ស្ថានីយ៍វិទ្យុនិងទូរទស្សន៍។បន្ថែមពីនេះទៀតការផ្តល់ពុទ្ធឱវាទរបស់ព្រះសង្ឃតាមរយៈការសម្តែងធម៌ទេសនានៅក្នុងទីវត្តអារ៉ាមនិងកម្មវិធីបុណ្យនានាដោយបញ្ជូលសារអប់រំដូចជាអោយប្រព្រឹត្តអំពើល្អចាកឆ្ងាយពីគ្រឿងញៀនគ្រឿងស្រវឹងមិនប្រើប្រាស់អំពើហិង្សានិងមិនប្រព្រឹត្តអំពើអបាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើម។
សម្តេចព្រះមហាសុមេធាធិបតីកិត្តិឧទ្ទេសបណ្ឌិត្យនន្ទង៉ែត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាបានមានព្រះបន្ទូលថាការកសាងសុខសន្តិភាពបានល្អពិតជាបានជួយអោយវិស័យពុទ្ធចក្រមានការរីកចំរើនទៅតាមនោះដែរជាក់ស្តែងគ្រប់ទីវត្តអារ៉ាមទាំងអស់បានអភិវឌ្ឍន៍សំណង់ហេដ្ឋារចនាសម្ព័ន្ធបានយ៉ាងល្អសម្រាប់ទុកអោយពុទ្ធបរិស័ទគោរពប្រតិបត្តិទៅតាមគន្លងប្រពៃណីសាសនា។ សម្តេចព្រះមហាសុមេធាធិបតីកិត្តិឧទ្ទេសបណ្ឌិត្យនន្ទង៉ែត បានមានព្រះបន្ទូលថា បច្ចុប្បន្នព្រះសង្ឃគ្រប់ព្រះអង្គបានគោរពប្រតិបត្តិធម៌វិន័យនិងការសិក្សាមានចំណេះដឹងអោយកានលតែជ្រៅជ្រះទំាងផ្លូវលោកនិងផ្លូវធម៌ដើម្បីជួយអប់រំផ្លូវចិត្តប្រជាពលរដ្ឋឲ្យមានស្មារតីរស់នៅក្នុងសង្គមប្រកបដោយសុខសន្តិភាពមិនចងគំនំហើយស្រលាញ់រាប់អានគ្នានិង ប្រាស់ចាក់ពីអំពើអបាយមុខផ្ទុយនឹងច្បាប់សង្គមជាដើម៕