ផ្ទេរសាលាពិការ គ ថ្លង់ នៃអង្គការគ្រួសារថ្មី មកក្រោម ឱវាទរបស់ ក្រសួងអប់រំ យុវជន និងកីឡា
ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១៤ រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញ ជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីផ្ទេរ ការគ្រប់គ្រង សាលាពិការ គថ្លង់ ឱ្យស្ថិតក្រោមការគ្រប់គ្រង របស់ក្រសួងអប់រំ យុវជន និងកីឡាវិញ។ នៅក្នុងឱកាសនេះដែរ សម្តេចទាំងទ្វេ ក៏បានអញ្ជើញ រៀបចំអាហារ ផ្តល់ជូនកូនក្មួយសិស្សានុសិស្ស មកពីសាលាកុមារពិការភ្នែក និងគ ថ្លង់នៃអង្គការគ្រួសារថ្មី ៨៩៦នាក់ផងដែរ។
សូមបញ្ជាក់ផងដែរថា សាលាកុមារពិការភ្នែក និងគ ថ្លង់នៃអង្គការគ្រួសារថ្មី ត្រូវបានបង្កើតឡើងដំបូង នៅឆ្នាំ១៩៩១ ដោយមានឈ្មោះថា “មជ្ឈមណ្ឌលជាតិ អប់រំជនពិការភ្នែក និងគ ថ្លង់”។ មជ្ឈមណ្ឌលនេះ ក៏ជាកន្លែងបណ្តុះបណ្តាល គ្រូបង្រៀន ជនពិការភ្នែក និងគ ថ្លង់ និងសម្រាប់ ជាទីតាំងបោះពុម្ភផ្សាយ ផលិតសម្ភារៈសិក្សា របស់ជនពិការភ្នែក និងគ ថ្លង់ ផងដែរ។
ក្នុងរយៈពេល ជាង២០ឆ្នាំកន្លងមកនេះ កម្មវិធីអប់រំកុមារ ពិការភ្នែក និងកុមារគ ថ្លង់ បានដំណើរការ និងមានការអភិវឌ្ឍជានិច្ច ដោយសារ ការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសស ម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែ បានផ្ដល់ជំនួយឧបត្ថម្ភ ដ៏ថ្លៃថ្លា ជាច្រើន រួមទាំងជំនួយមូលនិធិ ដល់អង្គការគ្រួសារថ្មី សម្រាប់ដំណើរការ កម្មវិធីជាច្រើន ជារៀងរហូតមក។
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបង្ហាញនូវក្តី សោមនស្សរីករាយ ដែលមានឱកាស បានមកជួបកូនក្មួយ ដោយផ្ទាល់ នៅថ្ងៃនេះ មុនពេល សម្តេចអញ្ជើញ ចេញដំណើរ ទៅប្រទេសស្វីស នៅថ្ងៃស្អែក។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ បញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៩៥ ពោលគឺក្រោយ ពីព្រះមហាក្សត្រ បានយាងសម្ពោធ ដាក់ឲ្យដំណើរការ នៃអង្គការគ្រួសារថ្មីមក គឺពេលនេះ មានរយៈពេល២៤ឆ្នាំ ហើយ។ ហើយក្នុងរយៈពេល២៤ឆ្នាំ កន្លងមកនេះ សម្តេចតេជោ តែងតែ យកចិត្តទុកដាក់មិនភ្លេច ម្តងណាទេ ចំពោះសុខទុកក្មួយៗ ចៅៗ ដែលទទួលបានការ មើលថែទាំង និងការអប់រំបណ្តុះបណ្តាល នៅទីនេះ។ ជារៀងរាល់ឆ្នាំ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែ មកជួបជាមួយកូនក្មួយ និងចៅៗនៅទីនេះ ២ដង ក្នុង១ឆ្នាំ ដែលកន្លងមក បានចំណោយថវិកា អស់ប្រមាណជាង ២៤៧.៦២៥ ដុល្លារផងដែរ សម្រាប់ឧបត្ថម្ភ គាំទ្រចំពោះជីវភាពរស់នៅ របស់ក្មួយៗ និងចៅៗ នៅក្នុងមណ្ឌលនេះ ផ្ទាល់តែម្តង។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ អង្គការគ្រួសារថ្មី ដែលកន្លងមក បានយកចិត្តទុកដាក់ ចំពោះកុមារកម្ពុជា ជាពិសេសកុមារពិការភ្នែក និងគ ថ្លង់ អោយទទួលបាន ការសិក្សាអប់រំរៀនសូត្រ ការហ្វឹកហ្វឺនជំនាញនានា និងការឧបត្ថម្ភគាំទ្រ ផ្សេងៗជាច្រើនទៀត។ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណផងដែរ ចំពោះ ក្រសួងអបរំយុវជន និងកីឡា ដែលបានទទួល យកនូវសាលាហ្វឹកហ្វឺនពិសេស ពីអង្គការគ្រួសារថ្មី ដាក់នៅក្រោមការគ្រប់គ្រង របស់រដ្ឋវិញ។ ដែលនឹងមានប្រយោជន៍ កាន់តែច្រើន និងទូលំទូលាយ នៅទូទាំងប្រទេស។
សម្តេចតេជោ ហ៊ុន សែន បានបន្តជម្រុញឲ្យ គ្រប់ស្ថានីយទូរទស្សន៍ នៅក្នុងប្រទេសកម្ពុជា រៀបចំការផ្សាយព័ត៌មាន ដែលអាចឲ្យកុមារពិការ គ ថ្លង់ មានឱកាសទទួលព័ត៌មាន បាន ដូចជា ពលរដ្ឋដទៃ ព្រោះនេះជាសិទ្ធិមួយ របស់កុមារ និងពលរដ្ឋពិការ ផងដែរ។ ដោយមើលឃើញ ពីតម្រូវការចាំបាច់ និងជាក់ស្តែងនៅទីនេះ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា និងអភិបាលក្រុងភ្នំពេញ ត្រូវរៀបចំសាងសង់ អគារបន្ថែមសម្រាប់ វិទ្យាស្ថានអប់រំ ពិសេសនេះ មានកម្ពស់៤ជាន់ សម្រាប់បណ្តុះបណ្តាល ធនធានមនុស្សនៅទីនេះ ឲ្យកាន់តែល្អប្រសើរថែមទៀត។
នៅថ្ងៃនេះដែរ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ ដោយក្តីមោទន ដែលកម្ពុជា បានអនុវត្តន៍ នូវក្របខ័ណ្ឌ គោលនយោបាល គាំពារសង្គម តាមរយៈការប្រើប្រាស់ នូវបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ជាពិសេសស ថ្មីៗនេះ រាជរដ្ឋាភិបាល ក៏បានដាក់ឲ្យអនុវត្តន៍ គោលនយោបាយ ផ្តល់សាច់ប្រាក់ ដល់ស្ត្រីក្រីក្រ ស្រ្តីមានផ្ទៃពោះ និងស្រ្តីពេលសម្រាលកូន ហើយរហូតដល់កូន បានអាយុ២ឆ្នាំ ដើម្បីជួយសម្រាលទុក្ខលំបាក របស់ប្រជាពលរដ្ឋក្រីក្រ ឲ្យបានធូរស្រាលមួយកម្រិត។
ក្នុងឱកាសដ៏ថ្លៃថ្លានេះ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានឧបត្ថម្ភ ជាថវិកាលើកទឹកចិត្ត ដល់កុមារ គ ថ្លង់ ចំនួន ៨៩៦ នាក់ ដោយម្នាក់ៗទទួលបាន ឃីត១កញ្ចប់ និងថវិកា៥ម៉ឺនរៀល និង លោកគ្រូអ្នកគ្រូចំនួន ២៦៥ ទទួលបានឃីត ១កញ្ចប់ និងថវិកា១០ម៉ឺនរៀល។ ទន្ទឹមនឹងនេះដែរ សម្រាប់សាលាកុមារពិការភ្នែក និង គ ថ្លង់ ខេត្តបាត់ដំបង ច្បារអំពៅ ខេត្តសៀមរាប និង ខេត្តកំពង់ចាម គឺក្នុង១សាលា ទទួលបាននូវគ្រឿង ឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកា៥លានរៀល។ ចំណែកឯវិទ្យាស្ថានជាតិអប់រំពិសេសនេះ ទទួលបានថវិកា១០លានរៀល។ ក្រោយពីប្រគល់ថវិកា និងបរិក្ខារ ឧបត្ថម្ភនេះហើយ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានប្រគល់មេដាយឥស្សរិយយស ដល់បុគ្គលិក និងមន្រ្តីឆ្នើម ដែលបានចូលរួម នៅក្នុងសកម្មភាពមនុស្សធម៌ រហូតបានសម្រេច រូបរាងកាន់តែល្អប្រសើរ សម្រាប់សង្គមជាតិ៕