សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅចូលរួមកិច្ចប្រជុំ “ត្រួតពិនិត្យឡើងវិញជាសកល លើជំនួយសម្រាប់ពាណិជ្ជកម្ម ឆ្នាំ២០១៩” នៅប្រទេសស្វីស
ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅចូលរួមកិច្ចប្រជុំ “ត្រួតពិនិត្យឡើងវិញជាសកល លើជំនួយសម្រាប់ពាណិជ្ជកម្ម ឆ្នាំ២០១៩” ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ នៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ទីក្រុងហ្សឺណែវ ប្រទេសស្វីស។
កិច្ចប្រជុំនេះ គឺក្រោមមូលបទ “គាំទ្រពិពិធកម្ម និងការលើកកម្ពស់សេដ្ឋកិច្ច សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន តាមរយៈជំនួយសម្រាប់ពាណិជ្ជកម្ម” ដោយមានគោលបំណង ពិនិត្យមើលពីរបៀប ដែលជំនួយពាណិជ្ជកម្មអាចទ្រទ្រង់ ប្រកបដោយប្រសិទ្ធភាព ដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច។ សម្តេចតេជោ ហ៊ុន សែន នឹងប្រកាសជាផ្លូវ ការនូវយុទ្ធសាស្រ្តសមាហរណកម្ម ពាណិជ្ជកម្មរបស់កម្ពុជា ឆ្នាំ២០១៩-២០២៣ ព្រមទាំងអញ្ជើញថ្លែងសុន្ទរកថា នៅក្នុងកម្មវិធីសង្គម ដែលរៀបចំដោយ WTO ផងដែរ។
ក្រៅពីកិច្ចប្រជុំខាងលើ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំជាទៀងទាត់ លើកទី៤១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ដែលនឹងផ្តល់សារដ៏សំខាន់ និងច្បាស់លាស់មួយ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មោះមុត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ជាមួយគ្នានោះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី នឹងអញ្ជើញជួបពិភាក្សាការងារ ជាមួយឥស្សរជនជនសំខាន់ៗ វិនិយោគិន ព្រមទាំងជួបជាមួយ សហគមន៍ខ្មែរនៅស្វីស និងអឺរ៉ុប ផ្សេងទៀតផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា “នៅព្រឹកថ្ងៃទី២ កក្កដានេះ ខ្ញុំដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមកិច្ចប្រជុំស្តីពី “ការត្រួតពិនិត្យឡើងវិញជាសកល លើជំនួយសម្រាប់ពាណិជ្ជកម្ម ឆ្នាំ២០១៩” ដែលមានរយៈពេល២ថ្ងៃ នៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) នាទីក្រុងហ្សឺណែវ ប្រទេសស្វីស (Geneva, Switzerland)។ ស្របពេលជាមួយគ្នានេះដែរ ខ្ញុំនឹងប្រកាសចេញជាផ្លូវការនូវ “យុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣ ហើយនឹងថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំទៀងទាត់លើកទី៤១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ផងដែរ។ សូមអរគុណ បងប្អូនខ្មែរ នៅអឺរ៉ុបទាំងអស់ ដែលកំពុងរង់ចាំទទួលស្វាគមន៍ខ្ញុំ នៅទីក្រុងហ្សឺណែវ និងសូមជូនពរ បងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា”៕