ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ទាមទារនូវការរៀបចំចាត់ចែង យន្តការដឹកនាំយ៉ាងហ្មត់ចត់ និងច្បាស់លាស់ នៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន

54

ព្រះសីហនុ៖ ប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្តព្រះសីហនុ បានមានប្រសាសន៍ថា លទ្ធផលបង្ក្រាបគ្រឿងញៀនក្នុងយុទ្ធនា ការប្រយុទ្ធប្រឆាំងគ្រឿងញៀនសរុបចំនួន ២០៥ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ៤១២នាក់ ស្រី ៥២នាក់ វត្ថុតាងដកហូតមាន ថ្នាំញៀនមេតំហ្វេតាមីនគ្រាប់ ICE ចំនួន ៣៣២កញ្ចប់ ទម្ងន់ស្មើ ១.៣៧៦,១៣ក្រាម ម្សៅសថ្លាចំនួន ៩៥កញ្ចប់ ទម្ងន់ ២.៩៤៦,៣១ក្រាម ថ្នាំញៀនមេតំហ្វេតាមីនគ្រាប់ (WY) ១១កញ្ចប់ទម្ងន់ ១០៦,៨ ក្រាម ថ្នាំគ្រាប់កេតាមីន ១៥កញ្ចប់ ១១៣,៧៤ក្រាម កញ្ឆាក្រៀមចំនួន ២កញ្ចប់ ទម្ងន់ ៣៧២,០៩ក្រាម និង​ប្រភេទថ្នាំញៀនផ្សេងៗមួយចំនួនទៀត។​

នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ រដ្ឋបាលខេត្តព្រះសីហនុប្រារពទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនាឆ្នាំ ២០១៩ អញ្ជើញចូលរួមជាគណ: អធិបតីដោយឯកឧត្តម នាយឧត្តម សេនីយ៍ មាស វរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង ញៀន និងឯកឧត្តម គួច ចំរើន អភិ បាល នៃគណៈអភិបាលខេត្ត និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធសិស្ស និស្សិត ។

លោក គង់ វិតាណ: អភិបាលរង ខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្តបានមានប្រសាសន៍ថា លទ្ធផលបង្ក្រាបគ្រឿងញៀនក្នុងយុទ្ធនា ការប្រយុទ្ធប្រឆាំងគ្រឿងញៀនសរុបចំនួន ២០៥ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ៤១២នាក់ ស្រី ៥២នាក់ ។ វត្ថុតាងដកហូតមាន ថ្នាំញៀនមេតំហ្វេតាមីនគ្រាប់ ICE ចំនួន ៣៣២កញ្ចប់ ទម្ងន់ស្មើ ១.៣៧៦,១៣ក្រាម ម្សៅសថ្លាចំនួន ៩៥កញ្ចប់ ទម្ងន់ ២.៩៤៦,៣១ក្រាម ថ្នាំញៀនមេតំហ្វេតាមីនគ្រាប់ (WY) ១១កញ្ចប់ទម្ងន់ ១០៦.៨ ក្រាម ថ្នាំគ្រាប់កេតាមីន ១៥កញ្ចប់ ១១៣,៧៤ក្រាម កញ្ឆាក្រៀមចំនួន ២កញ្ចប់ ទម្ងន់ ៣៧២,០៩ក្រាម និង​ប្រភេទថ្នាំញៀនផ្សេងៗមួយចំនួនទៀត​ វត្ថុតាងជាសម្ភារៈនិងនយោបាយមួយចំនួនធំទៀត ដែលប្រមូលបាន ក្នុងកិច្ចយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី៣ ។

លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានឡើងអានសារលិខិតរបស់អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០១៩ ដោយបានបញ្ជាក់ថា ប្រធានបទដែលយើងលើកយកមកសម្រាប់ឆ្នាំនេះ គឺ “សុខភាពដើម្បីយុត្តិធម៌ យុត្តិធម៌ដើម្បីសុខភាព” (Health for Justice Justice forHealth) ក្នុងគោលបំណងឆ្លុះបញ្ចាំងឱ្យឃើញពីតម្រូវ ការចាំបាច់ប្រកបដោយតម្លាភាព នៃការចូលរួមគាំទ្រទៅវិញ ទៅមក រវាងផ្នែកអនុវត្តន៍ច្បាប់ ផ្នែកសុខភាព និងផ្នែកសង្គមកិច្ច ក្នុងការលើកកម្ពស់ប្រសិទ្ធភាពរួមគ្នាដោះស្រាយបញ្ហាស្មុគស្មាញ ។ ការប្រារព្ធទិវាជាតិរបស់យើងផ្សារភ្ជាប់ ជាមួយនឹងពាក្យស្លោកថា​ “ចូលរួមលុបបំបាត់គ្រឿងញៀន ដើម្បីអនាគតកូនចៅរបស់យើង” ក្នុងគោលបំណងបន្តពង្រឹងការចូលរួម និងគាំទ្រពីគ្រប់មជ្ឈដ្ឋាន ឲ្យកាន់តែមានសកម្មខ្លាំងក្លាថែមទៀត ដើម្បីសម្រេចបាននូវសមិទ្ធផលជោគជ័យថ្មីៗនៅពេលខាងមុខ ។ ព្រមទាំងអំពាវនាវឲ្យយកកូន ចៅ ទៅព្យាបាល និង​ ស្តានីតិសម្បទា បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបំណិនជីវិតរហូតពួកគេ ទទួលបានមកវិញនូវសម្បទាល្អ ទាំងផ្លូវកាយ ផ្លូវចិត្ត និងទទួលបានមកវិញនៅសម្បទាល្អចិញ្ចឹមជីវិត និងកសាងគ្រួសារមួយដ៏ល្អនៅក្នុងសង្គម ។

លោក នាយឧត្តមសេនីយ៍ មាស វរិទ្ធ អគ្គលេខាធិការ នៃអាជ្ញា ធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានមានប្រសាសន៍ថា គោលជំហរនិងឆន្ទៈរបស់រាជរដ្ឋាភិបាល ធ្វើយ៉ាងប្ដូរផ្ដាច់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយធ្វើការណែនាំដល់ក្រសួង ស្ថាប័ន អង្គភាពពាក់ ព័ន្ធ ឲ្យមានការចូលរួមពីវិស័យឯកជន សាសនា និងគ្រប់ដៃគូពាក់ព័ន្ធនានា បន្តយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីបន្តថែរក្សាការពារ និងពូនប្រជុំជីវភាពដ៏សុខសាន្តរបស់ប្រជាពលរដ្ឋ ក៏ដូចជាសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិ ។ តាមបទពិសោធន៍ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលយើងទទួលបានលទ្ធ ផលល្អប្រសើរ គឺទាមទារនូវការរៀបចំចាត់ចែង យន្តការដឹកនាំយ៉ាងហ្មត់ចត់ និងច្បាស់លាស់នៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ដោយមានការគាំទ្រពីគ្រប់ជ្រុងជ្រោយ គ្រប់ផ្នែកគ្រប់វិស័យ ទាំងក្នុងកម្រិតថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ សំដៅជំរុញការ អនុវត្តឲ្យដំណើរការព្រមគ្នាក្លាយជា “ជីវភាព នៃប្រព័ន្ធតួអង្គតែមួយ” ប្រកបដោយការទទួលខុសត្រូវ រវាងការទប់ស្កាត់តម្រូវការ និងការទប់ស្កាត់ការផ្គត់ផ្គង់គ្រឿងញៀននៅក្នុងមូលដ្ឋាន មានន័យថា​ ទាំងការងារផ្សព្វផ្សាយអប់រំ ការងារព្យាបាល ស្ដារនីតិសម្បទា និងការអនុវត្តច្បាប់ត្រូវតែបានអនុវត្តព្រមគ្នា និងបំពេញឱ្យគ្នាទៅវិញ ទៅមកនៅថ្នាក់មូលដ្ឋានតែម្ដង ដោយពុំចាំបាច់សុំកិច្ចអន្តរាគមន៍ពីថ្នាក់លើនោះទេ ទើបការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនទទួលបានជោគជ័យ។

សូមរំលឹកថា មណ្ឌលបន្សាបគ្រឿងញៀន នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចាប់បើកទទួលអ្នកញឿងគ្រឿងញៀននៅឆ្នាំ២០០៨ មកដល់បច្ចុប្បន្ន មានយុវជនចូលមកទទួលសេវាព្យាបាល បន្សាប ស្ដារនីតិសម្បទាបានចំនួន ៧០៥ នាក់ និងបានធ្វើសមាហរណកម្ម ទៅរស់នៅជាមួយក្រុមគ្រួសារចំនួន ៦១៥នាក់ ។ ហើយបច្ចុប្បន្នកំពុងព្យាបាល បន្សាប ស្ដារនីតិសម្បទា នៅមណ្ឌលកងរាជអាវុធហត្ថក្រុង ចំនួន ៩០នាក់ ៕


អត្ថបទដែលជាប់ទាក់ទង