ក្រសួងមហាផ្ទៃ បង្គាប់ឲ្យ លោកម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល ចេញមុខបំភ្លឺ ករណីកាត់ដីមាត់បឹងជុំវិញ៥០ម៉ែត្រ ធ្វើឲ្យប្រជាពលរដ្ឋផ្ទុះការតវ៉ា នៅស្រុកល្វាឯម
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានចេញលិខិតមួយច្បាប់ បង្គាប់ ឲ្យអភិបាលខេត្តកណ្ដាល លោកម៉ៅ ភិរុណ ចេញមុខបំភ្លឺ ដល់សាធារណជន ដើម្បីជម្រះមន្ទិលសង្ស័យ ក៏ដូចជាចុះស្រាវជ្រាវ លើករណីដែលសារព័ត៌មានមួយចំនួន ចុះផ្សាយថា មានករណីរឿងកាប់ដី មាត់បឹងជុំវិញ៥០ម៉ែត្រ ធ្វើឲ្យប្រជាពលរដ្ឋជាង ១០០ គ្រួសារ នៅស្រុកល្វាឯម ក្តៅក្រហាយ ផ្ទុះការតវ៉ានៅ ខេត្តកណ្ដាល ។
ករណី កាត់ដីមាត់បឹងជុំវិញ ៥០ម៉ែត្រ ធ្វើឲ្យពលរដ្ឋ នៅស្រុកល្វាឯមជាង ១០០គ្រួសារ ក្ដៅក្រហាយ ហើយដឹងឮដល់ក្រសួងមហាផ្ទៃ ទើបក្រសួងមហាផ្ទៃ បានចេញលិខិតបង្គាប់ ឱ្យអភិបាលខេត្តកណ្តាល ចុះស្រាវជ្រាវ ដោយយោងតាមសេចក្តីជូនដំណឹង លេខ៥៩៦សជណ ចុះថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០១៩ របស់ក្រសួងមហាផ្ទៃ និងយោងតាម ការចុះផ្សាយ របស់គេហទំព័រដើមរាំង កាលពីថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០១៩។
ក្រោយមានការចុះផ្សាយ របស់បណ្ដាញសង្គម ក៏ដូចជា គេហទំព័រ សារព័ត៌មាន និងកាសែតនានា ស្ដីពីការកាត់ដីបឹងជុំវិញ ៥០ម៉ែត្រ ធ្វើឲ្យប្រជាពលរដ្ឋជាង ១០០គ្រួសារ នៅស្រុកល្វាឯម ក្ដៅក្រហាយផ្ទុះការ តវ៉ានៅខេត្តកណ្ដាល ក្រសួងមហាផ្ទៃ បានស្នើឲ្យលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល បំភ្លឺជាលាយលក្ខណ៍អក្សរ មកក្រសួមហាផ្ទៃ ដើម្បីឲ្យក្រសួងមានមូលដ្ឋានចាត់ការបន្ត ។
កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ មានសារព័ត៌មានមួយ បានចុះផ្សាយថា បន្ទាប់ពីគណៈកម្មការស្រុកល្វាឯម ចុះវាស់វែងដីប្រាំង របស់ប្រជាពលរដ្ឋ នៅចំណុចបឹងបូកវែក ស្ថិតនៅភូមិជ្រោយពិសី ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្ដាល ឃើញថា បានប៉ះពាល់សតិអារម្មណ៍ ប្រជាពលរដ្ឋរហូតដល់ ប្រជាពលរដ្ឋជាង ១០០គ្រួសារផ្ទុះការតវ៉ា ។
បើតាមលិខិតរបស់ក្រសួងមហាផ្ទៃ បានបញ្ជាក់បន្ថែមទៀតថា ដើម្បីរកមូលហេតុ ពីភាពមិនប្រក្រតី និងជម្រះមន្ទិលសង្ស័យ ពីមតិមហាជន ក្រសួងមហាផ្ទៃ ស្នើឲ្យរដ្ឋបាលខេត្តកណ្ដាល បំភ្លឺជាលាយលក្ខណ៍អក្សរ មកក្រសួងមហាផ្ទៃ ដើម្បីឲ្យក្រសួង មានមូលដ្ឋាន ចាត់ការបន្ត៕