នាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ និង នាយឧត្តមសេនីយ៍ យន្ត មីន ត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងការពារជាតិ នៅព្រឹកនេះ
ភ្នំពេញ៖ លោកឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា “នៅព្រឹកនេះ មានការបំពាក់ឋានន្តរសក្តិ ជូនមន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិ២រូបគឺ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ និងឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន ដែលត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងការពារជាតិ”។
លោក អ្នកនាំពាក្យ បានបន្តថា នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩នេះ ក្រសួងការពារជាតិ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០១៩។
កិច្ចប្រជុំនេះ បានធ្វើឡើងនៅទីស្តីការក្រសួងការពារជាតិ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងការពារជាតិ ថ្នាក់ដឹកនាំអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទផងដែរ។
នៅក្នុងឱកាសបូកសរុបលទ្ធផលការងារប្រចាំឆមាសរបស់ក្រសួងការពារជាតិនេះ ក៏មានការបំពាក់ឋានន្តរសក្តិ ជូនមន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិ២រូបគឺ លោក នាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ និងលោក នាយឧត្តមសេនីយ៍ យន្ត មីន ដែលត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងការពារជាតិ ផងដែរ៕