ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការបែងចែកដីសង្គមកិច្ចបានកែប្រែ ជីវភាព និងមុខមាត់ថ្មីសម្រាប់ពលរដ្ឋក្រីក្រ ធ្វើឱ្យមានជីវភាពរស់នៅកាន់តែល្អប្រសើរ

52

ភ្នំពេញ៖ នៅពេលអ្នកធ្វើដំណើរដល់ភូមិសែនអភិវឌ្ឍន៍១ភូមិសែនអភិវឌ្ឍន៍២ និងភូមិអូរធំ ស្ថិតនៅឃុំ ទីពោ ស្រុកសន្ទុក ដែលមានចម្ងាយប្រមាណ៦៣គីឡូម៉ែត្រពីទីរួមខេត្តកំពង់ធំ យើងនឹងឃើញ ផ្ទះសម្បែង សាលារៀន អគារសហគមន៍ សាលារៀន ប៉ុស្តិ៍សុខភាព បានសាងសង់ជាបន្ត បន្ទាប់ ដែលធ្វើឱ្យអតីតតំបន់ព្រៃរបោះមួយនេះក្លាយកន្លែងអភិវឌ្ឍន៍ភូមិករ ហើយប្រជា កសិករ ប្រកបរបរកសិកម្ម និងកសិឧស្សហកម្មយ៉ាងសម្បូរបែបក្រោយពីទទួលដីសង្គមកិច្ចពី រាជរដ្ឋាភិបាលក្រោមហិរញ្ញប្បទានរបស់ធនាគារពិភពលោក។

នៅលើដងផ្លូវក្រាលគ្រួសក្រហមខ្វាត់ខ្វែងចែកជាឡូតិ៍ដែលមានក្បាលដី៣០ម៉ែត្រ គុណ៤០ម៉ែត្រ សម្រាប់ដីលំនៅឋានបូករួមជាមួយដីកសិកម្មពីរហិកតាបន្ថែមទៀត ក្នុងមួយគ្រួសារគេឃើញមានផ្ទះចាស់លាយឡំផ្ទះទើបសាងសង់ថ្មី និងអគារសហគមន៍ សាលារៀន ប៉ុស្តិ៍សុខភាព ឈើហូបផ្លែ បន្លែបង្ការជាច្រើនប្រភេទ មានតូច មានធំ កំពុងចេញត្រួយបៃតងស្រស់ខ្ចីល្វក់។

លោក សួង យឿន មេភូមិអូរធំ បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានដែល បានចុះទៅធ្វើទស្សនកិច្ចផ្ទាល់នៅនឹងភូមិរបស់លោកថា ភាគច្រើនប្រជាពលរដ្ឋដែលបានមកតាំងទីលំនៅតាមការបែងចែកដីសង្គមកិច្ចនេះ មានក្តីរំភើបសប្បាយចិត្ត បំផុត ដោយសារពួកគាត់អាចប្រកបរបរកសិកម្មដាំដុះដំឡូងមី ស្វាយចន្ទី និងបន្លែរួមផ្សំលក់សម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃបានដោយមិនបាច់ធ្វើចំណាកស្រុកឡើយ។ លោកមេភូមិបាន និយាយបង្កប់ដោយស្នាមញញឹមថា “ក្នុងនាមមេភូមិ ខ្ញុំសប្បាយចិត្តណាស់ ដោយគម្រោង បែងចែកដីឱ្យប្រជាពលរដ្ឋ គាត់អាស្រ័យផលទៅ គាត់បានផលរីកចម្រើន ធ្វើឱ្យខ្ញុំមហាសែនសប្បាយចិត្ត ដោយមានការឱ្យដីដល់អ្នកក្រីក្រនេះ ។អ្នកមីងម្នាក់នៅភូមិអូរធំដែលជុំវិញផ្ទះរបស់គាត់ដាំដុះបន្លែសរីរាង្គចម្រុះមានសណ្តែក គួរ ត្រកួន ពោត ស្ពៃ ត្រសក់ ននោង ជាដើមបានរៀបរាប់ថា គាត់មានជីវភាពធូរធារច្រើន តាំងពីមកទីតាំងថ្មីនេះ។ អ្នកមីងនិយាយមួយៗច្បាស់ៗថា កាលពីនៅភូមិចាស់ គាត់មានដីតិច តួចបំផុត ខណៈមានកូនច្រើនផង ជីវភាពក្រលំបាកណាស់។ ប៉ុន្តែការកសាងជីវភាពនៅលើ ដីថ្មីនេះ អាចដាំបន្លែហូបបានគ្រប់គ្រាន់ហើយអាចលក់បានទៀត។ ទន្ទឹមនេះអ្នកមីងដាំស្វាយ ចន្ទី ស្វាយកែវរមៀតនៅលើដីកសិកម្ម ផងដែរដោយកូនស្វាយមួយចំនួនជាការផ្តល់ឱ្យរបស់គម្រោង និងមួយចំនួនទៀតទិញដោយខ្លួនឯង។

អ្នកស្រី ហ៊ី ណាន អ្នកចិញ្ចឹមមាន់សរីរាង្គដើរបង្ហាញបណ្តើរ ចង្អុលសំដៅទៅទ្រុងមាន់បណ្តើរ និយាយប្រាប់អ្នកកាសែតទាំងអួលដើមកថា អ្នកស្រីមិនចេះអក្សរសូម្បីមួយតួ តែលោកស្រីមានសង្ឃឹមថា នឹងមានលទ្ធភាពជំរុញកូនចៅឱ្យរៀនសូត្របានចេះដឹងនឹងគេ ដោយ បច្ចុប្បន្ន ក្រោយពីទទួលដីសង្គមកិច្ចនេះ លោកស្រីចិញ្ចឹមមាន់ ជ្រូក ដាំស្វាយចន្ទី ដំឡូងមី ដែលអាចរកចំណូលឱ្យកូនចៅទៅរៀនទៅសូត្របាន។

ចំណែកឯ អ្នកស្រី អៀង ផាង មានផ្ទះសម្បែងសមរម្យ និងឧបករណ៍កសិកម្មគ្រប់ គ្រាន់បានអង្គុយលើបង់មុខផ្ទះនិយាយប្រាប់អ្នកកាសែតដោយភាពក្លាហានថា គាត់ក៏ជាអ្នកដាំដំឡូងសរីរាង្គដែរ ដំឡូងរបស់គាត់មានក្រុមហ៊ុនប្រមូលទិញដល់ចំការតែម្តងក្នុងតម្លៃជិត៤០០រៀលក្នុងមួយគីឡូក្រាម ហើយក្នុងមួយឆ្នាំៗគាត់អាចសល់ក្រោយពីការទូទាត់ថ្លៃដើមនៃការចំណាយពូជដំឡូងនេះរួចអាចសល់ប្រហែល៧លានរៀល។ ប្រាក់ចំណេញនេះ អាចឱ្យ លោកស្រីយកទៅប្រើប្រាស់សម្រាប់ជីវភាពប្រចាំថ្ងៃ ដូចជា ទិញអង្ករ ត្រី សាច់ និង ឱ្យកូនចៅរៀនសូត្រ បានដោយងាយស្រួលបំផុត។ អ្នកស្រីក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលបានបែងចែកដីសង្គមកិច្ចជួយឱ្យអ្នកស្រីមានដីផ្ទះ មានដីកសិកម្ម សម្រាប់ប្រកបរបរចិញ្ចឹមជីវិត។ ជាមួយគ្នានេះ អ្នកស្រីបានបញ្ជាក់យ៉ាងខ្លីថា បើមិនមានគម្រោងបែងចែកដី សង្គមកិច្ចនេះទេ ខ្ញុំប្រាកដជាវេទនាមិនខានឡើយ ។

លោក ឆាយ យូ មេឃុំទីពោ បានឱ្យដឹងថា ប្រជាពលរដ្ឋដែលរស់នៅលើដីសង្គមកិច្ចនេះ ទទួលបានផលច្រើនណាស់ពីគម្រោង ដោយក្នុងនោះខាងគម្រោងជួយភ្ជួររាស់ដី រីឯគ្រាប់ពូជ និងកូនដំណាំក៏ខាងគម្រោងជួយគាំទ្រដែរ ធ្វើយ៉ាងណាដើម្បីលើកទឹកចិត្តពលរដ្ឋបានដាំដុះនៅលើដីដែលគម្រោងបានចែកជូននោះ។ លោកមេឃុំបានឱ្យដឹងថា អាជ្ញាធរ និងស្ថាប័ន ពាក់ព័ន្ធគ្រោងនឹងបង្កើតសាលាអនុវិទ្យាល័យ នៅជាប់នឹងសាលាបឋមសិក្សាដែលទើបមាន ស្រាប់នៅទីនោះ ដើម្បីផ្តល់ឱកាសឱ្យកូនចៅប្រជាពលរដ្ឋនៅសហគមន៍ផ្ទាល់អាចរៀនសូត្រ បានច្រើន បង្កើនធនធានមនុស្សឱ្យបានច្រើនតាមគោលការណ៍របស់រាជរដ្ឋាភិបាល។

បើតាមការលើកឡើងរបស់ លោកបណ្ឌិត ដោក ដូម៉ា អគ្គនាយករងនៃអគ្គនាយកដ្ឋានលំនៅឋាន និងជានាយកគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឱ្យដឹងថា កត្តាដែលធ្វើឱ្យភូមិ ដែល ទើបកកើតថ្មីនេះរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយសារមានការចូលរួមពហុវិស័យ ដូចជា មន្ទីរកសិកម្ម មន្ទីរសុខាភិបាលខេត្ត មន្ទីរអភិវឌ្ឍន៍ជនបទ។ល។ ចុះជួយណែនាំ បណ្តុះ បណ្តាល ឱ្យចេះអនាម័យ ថែទាំសុខភាព និងបង្កបង្កើនផលតាមបច្ចេកទេសកសិកម្មត្រឹម ត្រូវ។

បន្ទាប់ពីដើរទស្សនាសាលារៀន ប៉ុស្តិ៍សុខភាពរួច លោក ប៊ូ សារឿន មន្ត្រីទំនាក់ទំនង ព័ត៌មាននៃធនាគារពិភពលោកបានប្រាប់អ្នកកាសែតថា ការអនុវត្តគម្រោងនៅកន្លែងគម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ចជំហានទី២នៅឃុំទីពោនេះទទួលបានជោគជ័យច្រើន។ មន្ត្រីទំនាក់ទនងព័ត៌មាននៃធនាគារពិភពលោករូបនេះបានសង្កត់ធ្ងន់ថា “តាមការ សង្កេតផ្ទាល់ភ្នែកយើងឃើញថា មានការផ្លាស់ប្តូរច្រើនសម្រាប់ជីវភាពរបស់ពលរដ្ឋ កាលពី យើងមកទីនេះដំបូង យើងមានការស្រណោះស្រណោកណាស់សម្រាប់ពួកគាត់ ដោយសារមានតែផ្ទះតូចៗ”។

យោងតាមគម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ចជំហានទី២-Land Allocation for Econ omic Development Project Phase II (LASED II) នេះត្រូវបានអនុវត្តន៍បន្តពីគម្រោងLASEDជំហានសាកល្បង ដោយទទួលបានហិរញ្ញប្បទានពីធនាគារ ពិភពលោក និងការបដិភាគពីរាជរដ្ឋាភិបាលកម្ពុជានូវទឹកប្រាក់សរុបប្រមាណ២៦.៨៦លានដុល្លារអាម៉េរិកដោយត្រូវអនុវត្តន៍ចាប់ពីឆ្នាំ២០១៦រហូតដល់ឆ្នាំ២០២១។ គម្រោងនេះត្រូវបានអនុវត្តន៍ដោយផ្អែកលើកម្មវិធីសម្បទានដីសង្គមកិច្ចអនុក្រឹត្យលេខ១៩ អនក្រ.បក ចុះថ្ងៃទី១៩ខែមីនា ឆ្នាំ២០០៣ ស្តីពីសម្បទានដីសង្គមកិច្ច និងប្រកាសលេខ២០០របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្តីពីគោលការណ៍ណែនាំអនុវត្តន៍អនុក្រឹត្យស្តីពីសម្បទានដីសង្គម កិច្ច។

គម្រោង LASED II ត្រូវបានដឹកនាំគ្រប់គ្រងនិងអនុវត្តន៍ដោយអគ្គនាយកដ្ឋានលំនៅឋាននៃក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ លេខាធិការដ្ឋានអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ និងអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដោយត្រូវអនុវត្តន៍នៅក្នុងទីតាំងដីសម្បទានសង្គមកិច្ចចំនួន១៤កន្លែងក្នុងស្រុកចំនួន៧ ឃុំចំនួន១២នៃខេត្តគោលដៅចំនួន៥រួមមាន ខេត្ដកំពង់ធំ ត្បូងឃ្មុំ កំពង់ឆ្នាំង ក្រចេះ និងខេត្ដកំពង់ស្ពឺដែលមានអ្នកទទួលផលប្រមាណ៥.១៤១គ្រួសារ ប្រជាជនប្រមាណ២៥. ២៦០នាក់លើផ្ទៃដីចំនួន១៧.០៤២,៨០ហិកតា។ ដោយឡែក គម្រោង LASEDII ខេត្តកំពង់ធំ បានចាប់ផ្តើមដំណើរការចាប់ពីខែសីហាឆ្នាំ២០១៦រហូតដល់បច្ចុប្បន្ន។ សម្រាប់ឆ្នាំ២០១៨ ខេត្តកំពង់ធំទទួលបានផែនការសកម្មភាព និងថវិកាព្រមទាំងបានចុះកិច្ចព្រមព្រៀងសរុប ចំនួន១២ជាមួយមន្ទីរវិស័យ ស្របពេលជាមួយគ្នានេះដែរ ដោយផ្អែកលើភាពជោគជ័យនៃការអនុវត្តគម្រោងចំនួន១៤កន្លែងក្នុងស្រុកចំនួន៧ ឃុំចំនួន ១២នៃខេត្តគោលដៅចំនួន៥រួមមាន ខេត្ដកំពង់ធំ ត្បូងឃ្មុំ កំពង់ឆ្នាំង ក្រចេះ និងខេត្ដកំពង់ស្ពឺដែលមានអ្នកទទួលផលប្រមាណ៥.១៤១គ្រួសារ ប្រជាជនប្រមាណ ២៥.២៦០នាក់លើផ្ទៃដីចំនួន១៧.០៤២,៨០ហិកតា រួចមក មន្ត្រីគម្រោងបានបង្ហើបថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់គ្រោងនឹងពង្រីកគម្រោង បែងចែកដី ដើម្បី សង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចនេះដល់ខេត្តចំនួន៥បន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង