ផលិតករខ្មែរ អះអាងថា នឹងអភិវឌ្ឍភាពយន្តខ្មែរ ឱ្យមានគុណភាព ដើម្បីប្រកួតប្រជែងទីផ្សារតំបន់ និងពិភពលោក
ភ្នំពេញ៖ ផលិតករខ្មែរមួយរូប គឺលោក អ៊ិន សុភិន បានអះអាងថា នឹងធ្វើការអភិវឌ្ឍវិស័យភាពយន្តខ្មែរ ឱ្យមានគុណភាព វិជ្ជាជីវៈ ស្របតាមស្តង់ដារជាតិ និងអន្តរជាតិ ដើម្បីឱ្យមានភាពល្បីល្បាញ និងឈានទៅប្រកួតប្រជែងទីផ្សារភាពយន្ត ទាំងកម្រិតតំបន់ និងពិភពលោក ខណៈដែលប៉ុន្មានឆ្នាំចុងក្រោយនេះ ភាពយន្តខ្មែរ បាននិងកំពុងទទួលបានការគាំទ្រកាន់តែខ្លាំង ពីសំណាក់យុវជន ក៏ដូចជា មានទីផ្សារនៅលើឆាកអន្តរជាតិ ក្នុងពេលបច្ចុប្បន្ន។
លោក អ៊ិន សុភិន ម្ចាស់ផលិតកម្ម មហាហង្ស បានថ្លែងឱ្យដឹងថា ផ្តើមចេញពីការគិតគូរខ្ពស់ ទៅលើគុណភាព ការតែងនិពន្ធ ការផលិត បច្ចេកទេស និងការប្រកួតប្រជែងទីផ្សារភាពយន្ត ផលិតកម្ម មហាហង្ស បានទទួលយកនូវការស្ថាបនា ពីគ្រប់មជ្ឈដ្ឋានជាតិ និង អន្តរជាតិ ដែលបម្រើឱ្យវិស័យភាពយន្ត ដើម្បីយកមកអភិវឌ្ឍន៍ភាពយន្តខ្មែរ ឱ្យមានគុណភាព ស្តង់ដារ ធ្វើយ៉ាងណាឱ្យភាពយន្ត ដែលផលិតបាន មានការគាំទ្រ ទាំងថ្នាក់ជាតិ ថ្នាក់តំបន់ និងពិភពលោក។
លោក អ៊ិន សុភិន លើកឡើងនៅក្នុងពិធីសម្ពោធខ្សែភាពយន្តខ្នាតធំ ជាផ្លូវការ គឺរឿង “ព្រលឹង” ដែលជាវណ្ណកម្មថ្មី បន្ទាប់ពីរឿង “ផ្ទះចុងភូមិ” ដែលទទួលបានជោគជ័យ និងមានការគាំទ្រយ៉ាងច្រើនពីមហាជន។ សម្រាប់វណ្ណកម្មថ្មីនេះវិញ លោកបានចំណាយ ពេលផលិតពេញមួយឆ្នាំ ធានាថាប្លែកជាងរឿងមុនៗ ដែលលោកធ្លាប់ផលិត ព្រោះបានសម្រិតសម្រាំង សាច់រឿង តួសម្តែង អ្នកដឹករឿង និងបច្ចេកទេស ដោយផ្តោតជាសំខាន់ទៅលើគុណភាពជាចម្បង។
ផលិតកររូបនេះ បានបញ្ជាក់ថា ផលិតកម្មមហាហង្ស ជាឧស្សាហកម្មភាពយន្ត ដែលក្នុង១ឆ្នាំៗ បានផលិតភាពយន្តខ្នាតធំ មិនតិចជាង៥រឿងនោះទេ ហើយក៏នៅមានភាពយន្តខ្នាតតូចជាច្រើនរឿងទៀត។ តាមរយៈការទស្សនា រឿង ព្រលឹង នារាត្រីនេះ លោករំពឹងថា នឹងទទួលយករាល់ការផ្តល់មតិយោបល់ ដើម្បីបន្តអភិវឌ្ឍន៍ភាពយន្តខ្មែរ ឱ្យមានភាពល្បីល្បាញថែមទៀត៕