ស្នងការខេត្តកណ្តាល ជំរុញឲ្យមេប៉ុស្តិ៍បង្ក្រាបល្បែងសុីសងនិងករណីគ្រឿងញៀនឲ្យអស់ក្នុងដែនសមត្ថកិច្ច
ខេត្តកណ្តាល៖ ករណីល្បែងសុីសងនិងករណីគ្រឿងញៀននៅតែជាក្តីកង្វល់ និងជាបញ្ហាប្រឈមយ៉ាងខ្លាំង ដូច្នេះហេីយ មេប៉ុស្តិ៍រដ្ឋបាលស្រុក/ក្រុង ទូទាំងខេត្ត ត្រូវពង្រឹងទប់ស្កាត់បង្ការ បង្ក្រាបល្បែងសុីសង និងករណីគ្រឿងញៀនឲ្យអស់ក្នុងដែនសមត្ថកិច្ចដេីម្បីស្វែងរកសេចក្តីសុខជូនប្រជាពលរដ្ឋ និងចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលឲ្យបានល្អប្រសើរ ។ នេះជាការលេីកឡេីងរបស់លោកឧត្តមសេនីយ៍ទោអ៊ាវ ចំរេីន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តសេចក្តីណែនាំលេខ០០៣ ស្តីពីការពង្រឹងបន្ថែមប្រសិទ្ធភាពការងារ ប៉ុស្តិ៍នគរបាលរដ្ឋបាលប្រចាំខែមិថុនា និងលេីកទិសទៅខែកក្កដា ឆ្នាំ២០១៩ កាលពីព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ នៅសាលប្រជុំស្នងការដ្ឋានខេត្ត ដោយមានការចូលរួមពីលោក/លោកស្រីស្នងការរង នាយ នាយរងការិយាល័យ អធិការទាំង១១ស្រុក/ក្រុង និងលោកនាយប៉ុស្តិ៍រដ្ឋបាលទាំង១២៧ប៉ុស្តិ៍ផងដែរ។
លោកស្នងការក៏បានធ្វេីការជំរុញឲ្យលោកស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន ដឹកនាំកម្លាំងជំនាញចុះសហការជាមួយអធិការគ្រប់បណ្តាស្រុក/ក្រុង ដេីម្បីត្រួតពិនិត្យតៃកុងឡានឈ្នួលតូច ធំ និងកុងតឺន័រ រកសារធាតុញៀនដោយពិនិត្យទឹកនោម បេីឃេីញតៃកុងឡានណាមានសារធាតុញៀនក្នុងខ្លួន យើងនឹងបញ្ឈប់ការបើកបរ ហើយហៅម្ចាស់ ឬក្រុមហ៊ុនមកទទួលយករថយន្ត។ ចំណែកអ្នកបើកបររថយន្ត យើងនឹងដកហូតប័ណ្ណបើកបរបណ្តោះ អាសន្ន និងនាំសាមុីខ្លួន ទៅកាន់មជ្ឈមណ្ឌលស្តារនីតិសម្បទា ។ អនុវត្តបែបបនេះ វាកាត់បន្ថយបាននូវគ្រោះថ្នាក់ចរាចរ ព្រោះអ្នកបើកបរ ប្រសិនបើមានសារធាតុញៀនក្នុងខ្លួន អាចមានការធ្វេសប្រហែសបង្កគ្រោះថ្នាក់ចរាចរបាន។ ក្រៅពីពិនិត្យទៅលើអ្នកបើកបរ សមត្ថកិច្ចនគរបាលទាំងអស់ត្រូវរួមគ្នាពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀននៅក្នុងមូលដ្ឋាន ពិសេសនៅតាមបណ្តាទីតាំងក្លឹបកម្សាន្ត ខារ៉ាអូខេ និងផ្ទះសំណាក់។ល។ អ្វីដែលត្រូវខិតខំបន្ថែមទៀត គឺបំពេញកាតព្វកិច្ច និងបម្រើបងប្អូនប្រជាពលរដ្ឋឲ្យរស់នៅក្នុងភាពសុខសាន្ត។ ពេលចុះបំពេញភារកិច្ចកងកម្លាំងទាំងអស់ ត្រូវសម្រួលឥរិយាបទរបស់ខ្លួន ស្លៀកពាក់ឯកសណ្ឋានឲ្យបានត្រឹមត្រូវ និងប្រើប្រាស់សម្តីសំដៅកុំឲ្យឆ្គាំឆ្គង ត្រូវចេះគោរពឋានានុក្រម រាយការណ៍ជូនថ្នាក់លើ៕