ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អដ្ឋិធាតុទាហានស្ម័គ្រចិត្តវៀតណាម៥៤០ ត្រូវបានរកឃើញនៅកម្ពុជា

42

(ភ្នំពេញ)៖ អដ្ឋិធាតុទាហានស្ម័គ្រចិត្តវៀតណាម៥៤០ធាតុ ត្រូវបានជីកកកាយរកឃើញនៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៩នេះ។ នេះបើតាមការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ។
នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩នេះ ក្រសួងការពារជាតិ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅបន្តអនុវត្តការងារសម្រាប់ឆមាសទី២ ឆ្នាំ២០១៩ របស់ខ្លួន ក្រោមអធិ បតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ។
លោកនាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ក្នុងឆមាសទី១ ឆ្នាំ២០១៩នេះ កងយោធពលខេមរភូមិន្ទ បានសហការជាមួយក្រុមរុករកអដ្ឋិធាតុវៀតណាម ដោយរុករកឃើញអដ្ឋិធាតុទាហានស្ម័គ្រចិត្តវៀតណាមចំនួន៥៤០ធាតុថែមទៀត ក្នុងនោះមានការរកឃើញដោយ យោធភូមិភាគពិសេស ចំនួន៦២ធាតុ, យោធភូមិភាគទី១ ចំនួន៤០ធាតុ, យោធភូមិភាគទី២ ចំនួន២២៨ធាតុ, យោធភូមិភាគទី៣ ចំនួន ៥៨១ធាតុ, យោធភូមិភាគទី៤ ចំនួន៤៨ធាតុ និងយោធភូមិភាគទី៥ ចំនួន៨៤ធាតុ។

រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០០០ ស្តីពីការរុករកការប្រមូលផ្តុំ និងការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុរបស់កងទ័ពស្ម័គ្រចិត្តវៀតណាមដែលពលី ក្នុងសម័យសង្រ្គាមនៅប្រទេសកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង