ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឈប់​ទទួល​ពាក្យស្នើសុំ​ជា​ជនបរទេស​អន្តោ​ប្រវេ​សន៍ និងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍​

110


ភ្នំពេញ​៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ  បានចេញ​ប្រកាស ស្តីពី ការបញ្ចប់​ការទទួល​ពាក្យស្នើសុំ​ជា​ជនបរទេស​អន្តោប្រវេសន៍ និង​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​។

ការសម្រេច​នេះ ត្រូវបាន​ធ្វើឡើង​ យោងតាមអនុក្រឹត្យលេខ 30 អនក្របកថ្ងៃទី 21 ខែមិថុនាឆ្នាំ 1996 ស្តីពីបែបបទសម្រាប់អនុវត្តន៍ សម្រាប់ការអនុញ្ញាតឲ្យជនបរទេសអន្តោប្រវេសន៍ ចូល ចេញ និងស្នាក់អាស្រ័យនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ បានឃើញអនុក្រឹត្យលេខ 129 អនក្របក ចុះថ្ងៃទី 15 ខែធ្នូឆ្នាំ 2017 ស្តីពីការលុបចោល និងការដកហូតឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតី ដែលជនបរទេស កំពុងកាន់កាប់ប្រើប្រាស់។ ប្រកាសលេខ៤៥០៤ប្រកចុះថ្ងៃទី 11 ខែកញ្ញាឆ្នាំ 2017 ស្តីពីបែបបទនីតិវិធី ការពិនិត្យការលុបបញ្ជីទទួលស្គាល់ ជនអន្តោប្រវេសន៍ ក្នុងព្រះរាជាណាចក្រកម្ពុជា និងដោយយោងតាមសំណើ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍។

​ក្នុង​លិខិត ចេញកាលពីថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2019 ដែលចុះហត្ថលេខា ដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  បានសម្រេច បញ្ចប់​ការទទួល​ពាក្យស្នើសុំ​ ជាជនបរទេសអន្តោប្រវេសន៍ និង​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍ ដែល​មានចែង​កំណត់​ក្នុង​ប្រការ ៣ នៃ​ប្រកា​សលេខ ៤៥០៤ ប្រ​.​ក ចុះ​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៧ ស្តីពី បែបបទ នីតិវិធី ការពិនិត្យ ការចុះបញ្ជី​ទទួលស្គាល់ ជនបរទេសអន្តោប្រវេសន៍ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០១៩ តទៅ​។​

​ សម្តេច​ក្រឡាហោម ស ខេង ក៏បាន​សម្រេច ត្រូវ​ទុកជា​និរាករណ៍ នូវប្រកាសលេខ ៤៥០៤ ប្រ​.​ក ចុះ​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៧ ស្តីពី បែបបទ នីតិវិធី ការពិនិត្យ ការចុះបញ្ជី ទទួលស្គាល់ ជនបរទេសអន្តោប្រវេសន៍ ក្នុងព្រះរាជាណាចក្រកម្ពុជា។

​របាយការណ៍​ប្រចាំឆ្នាំ​២០១៨ របស់​ក្រសួងមហាផ្ទៃ បង្ហាញថា ស្ថិតិ​ជនបរទេស​អន្តោ​ប្រវេ​សន្ត នៅ​កម្ពុជា មាន​ចំនួន​សរុប ៤៩.៦៣០ គ្រួសារ មនុស្ស ១៨២.៦៧៣ នាក់ ស្រី ៣៩.៩២៤ នាក់​។ នៅក្នុង​ឆ្នាំ​២០១៨ ក្រសួងមហាផ្ទៃ ក៏បាន​យកចិត្តទុកដាក់​ជុំវិញ​វិធានការ​ពីរ​ស្របគ្នា គឺ​ធ្វើ​ការដកហូត​ឯកសារ ដែលមាន​ភាពមិនប្រក្រតី​ផង និង​ផ្សព្វផ្សាយ​ជំរុញ​ឲ្យ​ជនបរទេស​ទាំងនោះ មក​បំពេញ​ពាក្យស្នើសុំ​ប្រកាស​ ទទួលស្គាល់ជា ជនបរទេសអន្តោប្រវេសន៍ និង​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ផង​។​

​ជា​លទ្ធផល គិត​ត្រឹម​ឆ្នាំ​២០១៨ ក្រសួងមហាផ្ទៃ បាន​ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា មិន​ប្រក្រតី ដែល​ជនបរទេស​កំពុងកាន់​កាប់​ប្រើប្រាស់ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចំនួន ៣៥.០០១ ឯកសារ ស្មើ ៨៨,៧៩% នៃ​ផែនការ​។ រីឯ​ការងារ​ទទួល​ពាក្យ សុំប្រកាសទទួលស្គាល់ ជនបរទេសអន្តោប្រវេសន៍ និង​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍ គិត​ត្រឹម​ខែតុលា ឆ្នាំ​២០១៨ ទទួល​ពាក្យសុំ​ប្រកាស​ទទួលស្គាល់​ជា​ជនបរទេស​អន្តោ​ប្រវេ​សន្ត ចាប់ពី ១៨​ឆ្នាំ​ឡើង បាន​ចំនួន ៧៥.០៨៩ នាក់ ស្មើ ៥៩,៦៤% និង​ពាក្យសុំ​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍ បាន​ចំនួន ៥៧.៤៤៤ នាក់ ស្មើ ៤៥,៦២% ក្នុងនោះ បានចេញ​ប្រកាស ចំនួន ២៩.១៨១ ប្រកាស មនុស្ស ៤៦.៣៨១ នាក់ ស្មើ ១៤.៤៤៩ គ្រួសារ និង​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍ ចំនួន ១៨.៥៣០ សន្លឹក​៕

អត្ថបទដែលជាប់ទាក់ទង