ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថាបនាផ្លូវដីទៅជាផ្លូវបេតុង២ខ្សែ ជូនពលរដ្ឋនៅភូមិភា និងភូមិអង្គ សង្កាត់ប្រទះឡាង

159

ភ្នំពេញ៖នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ រួមជាមួយមន្ត្រីរាជការ ខណ្ឌ សង្កាត់ បានចូលរួមក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង២ខ្សែ ប្រវែង ៤០០ម៉ែត្រ និងទទឹងប្រវែង៥ម៉ែត្រ ស្ថិតក្នុងភូមិភា និងភូមិអង្គ សង្កាត់ប្រទះឡាង។
មន្ត្រីជំនាញបានឱ្យដឹងថា៖ផ្លូវទាំង២ខ្សែ ជាគម្រោងថវិការបស់រដ្ឋបាលខណ្ឌឆ្នាំ២០១៨ ដោយខ្សែទី១ ស្ថិតក្នុងភូមិភា ប្រវែង ២៨០ម៉ែត្រ ទទឹង០៥ម៉ែត្រ និងខ្សែទី២ ស្ថិតក្នុងភូមិអង្គ ប្រវែង ១២០ម៉ែត្រ និងទទឹងប្រវែង៥ម៉ែត្រ ដែលផ្លូវទាំង០២ខ្សែនេះនិងជួយសម្រួលដល់ការធ្វើដំណើរប្រកបរបរទទួលទាន របស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងបង្កើនផាសុខភាពក្នុងការរស់នៅផងដែរ។

ក្នុងពិធីនោះលោកអភិបាលខណ្ឌដង្កោ បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាលសម្តេចទាំងទ្វេរតែងបានគិតគូរពីការលំបាក បញ្ហា និងតម្រូវការនានារបស់បងប្អូននៅមូលដ្ឋាន។លោកអភិបាលក៏បានលើកឡើងអំពីការអភិវឌ្ឍន៍រីកចម្រើនឥតឈប់ឈររបស់ប្រទេសជាតិពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំប្រទេសឆ្លងកាត់បញ្ហាលំបាកនានា ឲ្យក្លាយជាប្រទេសមានការរីកចម្រើន ប្រជាពលរដ្ឋមានជីវភាពធូរធារ ក្រោមដំបូលសន្តិភាព។
ក្នុងឱកាសនោះដែរជាការឆ្លើយតបបងប្អូនប្រជាពលរដ្ឋ បានធ្វើការថ្លែងអំណរគុណដល់អជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលតែងគិតគូរដល់ការលំបាករបស់ពួកគាត់ និងបានប្តេជ្ញាគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិបន្តបន្ទាប់ទៀត ដើម្បីសម្តេចបន្តដឹកនាំប្រទេសជាតិឆ្ពោះទៅកាន់ភាពរីកចម្រើនសម្បូរសប្បាយ តទៅមុខទៀត៕

អត្ថបទដែលជាប់ទាក់ទង