បុរសម្នាក់បើករថយន្តបុកស្លាកមហាវិថីឈ្នះឈ្នះ
ភ្នំពេញ៖ ស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរនៅថ្ងៃព្រហស្បតិ៍ ៣កេីត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៤ខែកក្កដាឆ្នាំ២០១៩ រថយន្តបុកស្លាកមហាវិថីឈ្នះឈ្នះ នៅ វេលាម៉ោង៨:៣០នាទី ត្រង់ចំណុចផ្លូវជាតិលេខ៦ កែងមហាវិថីឈ្នះឈ្នះ សង្កាត់បាក់ខែង។
ករណីគ្រោះថ្នាក់ចរាចរមួយកើតឡើង ដោយសារថយន្តម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3C-6221 បើកបរដោយឈ្មោះ ផែ ផាត ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅឡឥដ្ឋតាលាងហេង មានទីតាំងស្ថិតនៅភូមិក្តីចាស់ ឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល បានធ្វើដំណើរតាម បណ្តោយមហាវិថីឈ្នះឈ្នះ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ រថយន្តបានគេច ពីយានផ្សេង ហើយចាប់ហ្វ្រាំងមិនស៊ី ក៏ជ្រុលឡើងលើសួន ទៅដើមស្លា និងបុកស្លាកបង្ហាញ មហាវិថីឈ្នះឈ្នះតែម្តង ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បាននាំអ្នកបើកបររថយន្ត មកធ្វើតេស្តជាតិស្រវឹង និងតេស្តរកសារធាតុញៀន តែពុំមានសារធាតុទាំងពីរនេះ ក្នុងខ្លួនអ្នកបើកបររថយន្តឡើយ តាមការសន្និដ្ឋានរបស់ផ្នែកជំនាញ គឺរថយន្តខ្វះលក្ខណៈបច្ចេកទេស (ខូចប្រព័ន្ធហ្វ្រាំង)។
នគរបាលបានបញ្ជាក់ថា ករណីនេះ បណ្តាលឲ្យបែកថ្ម ស្លាកបង្ហាញមហាវិថីឈ្នះឈ្នះ និងបាក់ដើមស្លា១ដើម ដោយ មូលហេតុ រថយន្តខ្វះលក្ខណៈបច្ចេកទេស (ខូចប្រព័ន្ធហ្វ្រាំង)។
ចំណែកអ្នកបើកបររថយន្ត ឃាត់ខ្លួនបណ្តោះអាសន្នហើយ វត្ថុតាង រក្សាទុកនៅ ការិយាល័យចរាចរណ៍៕