វិស័យឧស្សាហកម្មគ្មានផ្សែង៖ រមណីយដ្ឋានប្រាសាទសំបូរ ព្រៃគុកទទួលភ្ញៀវទេសចរមកទស្សនាកម្សាន្តជិត២៣០០០០នាក់
ភ្នំពេញ៖ លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្ត កំពង់ធំ មានប្រសាសន៍នៅព្រឹកថ្ងៃព្រហស្បតិ៍ ០៣កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ នេះថា៖ ក្នុងរយៈពេល០៦ខែដើម ឆ្នាំ ២០១៩នេះ តំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រប្រា សាទសំបូរព្រៃគុក ទទួលភ្ញៀវទេសចរមកទស្សនាកម្សាន្តបានចំនួន ២២៨៣៦៧នាក់ ក្នុងនោះ ភ្ញៀវជាតិចំនួន២១៦៧៨១នាក់ និងភ្ញៀវអន្តរជាតិចំនួន១១៥៨៦នាក់។
លោក សេង អាន បានបញ្ជាក់ថា៖ ដោយសារប្រទេសជាតិមានសុខសន្តិភាព មានការ អភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ស្ថានភាពជីវភាពរស់នៅរបស់ប្រជាជនមានការរីកចម្រើន ដែលធ្វើឱ្យពួកគាត់មានលទ្ធភាពក្នុងការធ្វើដើរកម្សាន្ត ម្យ៉ាង ទៀតដោយតំបន់ប្រាសាទ សំបូរព្រៃគុកត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ និងដោយមានការផ្សព្វផ្សាយ និងរៀបចំកម្មពិធីកម្សាន្តផ្សេងៗជា ច្រើននៅទីនោះមានដូចជា ការរៀបចំសង្ក្រាន្តថ្មីសំបូរព្រៃគុកក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិកន្លងទៅនេះ ដែលមានភ្ញៀវទេសចរមកទស្សនាកម្សាន្តយ៉ាងច្រើនកុះករ។
ប្រាសាទសំបូរព្រៃគុក ស្ថិតនៅភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ចម្ងាយប្រមាណ ៣០គ.មភាគឦសានទីរួមខេត្តកំពង់ធំ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៦២ បត់ស្ដាំត្រង់ ភូមិកូនត្នោត ឃុំជ័យ ស្រុកកំពង់ស្វាយ។
លោក សេង អាន បានបញ្ជាក់ថា៖ ក្រោយការដាក់តំបន់ប្រាសាទសំបូរព្រៃគុកក្នុងបញ្ជី បេតិកភណ្ឌពិភពលោក ភ្ញៀវទេសចរកមទស្សនាកម្សន្តនៅតាមរមណីយដ្ឋាននានាក្នុង ខេត្តកំពង់ធំមានការកើនឡើងជាបន្តបន្ទាប់ ដោយយើងមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្លល់ ល្អនិងមានផលិតផលទេសចរណ៍ថ្មីៗរហូត។
លោក សេង អាន បានបញ្ជាក់ថា៖ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៩នេះដែរនៅ តាមរមណីយដ្ឋាននានាក្នុងខេត្ត កំពង់ធំដូចជា នៅរមណីយដ្ឋានវប្បធម៌ និងធម្មជាតិភ្នំសន្ទុក រមណីយដ្ឋានកែច្នៃស្ទឹងជីនិត រមណីយដ្ឋានបឹងសំរឹទ្ធរមណី យដ្ឋានប្រាសាទគុកនគរ និងរមណីយដ្ឋានប្រាសាទ សំបូរព្រៃគុកមានភ្ញៀវទេសចរមកទស្សនាកម្សាន្តសរុបចំនួន២៩៥៧ ៤៥នាក់ ក្នុងនោះភ្ញៀវជាតិចំនួន២៨៣២៣៦នាក់ និងភ្ញៀវអន្តរជាតិចំនួន១២៥០៩នាក់ មានភ្ញៀវ មកស្នាក់នៅចំនួន ៤៦៥២៥នាក់ ក្នុងនោះភ្ញៀវជាតិ ចំនួន៤២០៣៨នាក់ និងភ្ញៀវអន្តរជាតិចំនួន៤៤៨៧នាក់ ៕ ដោយ៖ សំរិត