ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តមណ្ឌលគិរី បានព្រមានមន្រ្តី និងសមត្ថកិច្ច ឲ្យដើរចេញពីបទល្មើសព្រៃឈើ ព្រោះអាច ប្រឈមចំពោះមុខច្បាប់

80

ខេត្តមណ្ឌលគិរី៖ លោកស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានព្រមានដល់មន្រ្តី និងសមត្ថកិច្ចទាំងឡាយណា ដែលជាប់ពាក់ព័ន្ធនឹងការឃុបឃិតយកដី សហគមន៍ធ្វើជាបុគ្គល ឫលក់ឱ្យឈ្មួញ ត្រូវដកខ្លួនចេញជាបន្ទាន់ បើមិនចង់ប្រឈមចំពោះមុខច្បាប់

លោកអភិបាលខេត្ត បានព្រមានបែបនេះ ដើម្បីរក្សាការពារធនធានធម្មជាតិ ជាពិសេស ដីសហគមន៍ជនជាតិដើមភាគតិច ដែលបានចុះបញ្ជីទទួលស្គាល់ពីក្រសួងមហាផ្ទៃ សម្រាប់ការអភិវឌ្ឍ និងអភិរក្សព្រៃ សត្វព្រៃ ជីវចម្រុះ ធានាបាននូវនិរន្តរភាព នៃការអាស្រ័យផល និងអនុផលព្រៃឈើ និងរក្សាទុកឱ្យកូនចៅជំនាន់ក្រោយ។

លោកលើកឡើងក្នុងពិធីប្រកាសចូលកាន់មុខដំណែងអភិបាលស្រុកអូររាំង ដែលប្រព្រឹត្តទៅនៅសាលាស្រុកអូររាំង ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩។
លោកស្វាយ សំអ៊ាង បានបញ្ជាក់ទៀតថា ការចុះបញ្ជីដីសហគមន៍ គឺមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ ដើម្បីកំណត់ទីតាំង ទំហំដីឱ្យបានច្បាស់លាស់ នឹងមានការទទួលស្គាល់ពីក្រសួងមហាផ្ទៃ។ លោក បន្ថែមថា សហគមន៍នីមួយៗ ដែលបានខិតខំចុះបញ្ជីដីសហគមន៍នេះ ត្រូវយកចិត្តទុកដាក់គ្រប់គ្រង់ដីធ្លីសម្រាប់ប្រើប្រាស់ និងដើម្បីទុកជាប្រយោជន៍សមូលហភាព ក្នុងការធានាបាននូវនិរន្តរភាព នៃការអាស្រ័យផល និងអនុផលព្រៃឈើ និងរក្សាទុកឱ្យកូនចៅជំនាន់ក្រោយ។ ម្យ៉ាងទៀត ដីសហគមន៍ មិនមែនជាកម្មសិទ្ធរបស់បុគ្គលណាម្នាក់នោះទេ ហើយបើបុគ្គលណាម្នាក់យកដីសហគមន៍នេះ ធ្វើជាកម្មសិទ្ធ ឫលក់ឱ្យឈ្មួញ គឺផ្ទុយនឹងលក្ខន្តិកៈនៃច្បាប់របស់សហគមន៍ ហើយត្រូវចាត់វិធានការតាមផ្លូវច្បាប់។ ដូច្នេះ លោក អភិបាលខេត្ត បានស្នើដល់លោកអភិបាលស្រុកថ្មី រួមទាំងសមត្ថកិច្ច និងប្រធានសហគមន៍ ត្រូវយកចិត្តទុកដាក់ទប់ស្កាត់ឱ្យខានតែបាន ហើយបើមន្រ្តី និងសមត្ថកិច្ចទាំងឡាយណាដែលជាប់ពាក់ព័ន្ធ នឹងការឃុបឃិតយកដីសហគមន៍ទៅលក់ឱ្យឈ្មួញ ត្រូវដកខ្លួនចេញជាបន្ទាន់ បើមិនចង់ប្រឈមចំពោះមុខច្បាប់។ ទទឹមនឹងនេះ ក៏សូមឱ្យអភិបាលស្រុកថ្មី សហការជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចទាំងអស់ ត្រូវខិតខំដោះស្រាយបញ្ហាទំនាស់នានាជូនពលរដ្ឋ និងត្រូវបម្រើសេវាសាធារណៈជូនពលរដ្ឋឱ្យបានទ្វេដង ទាំងសេវាតម្រូវការ និងសេវាសាធារណៈនានា ឱ្យមានតម្លាភាព និងប្រសិទ្ធភាព ដើម្បីឱ្យប្រជាពលរដ្ឋមានទំនុកចិត្តលើអាជ្ញាធរផងដែរ។
លោក សៀក មុន្នី អភិបាលស្រុកអូររាំង ដែលទើបឡើងថ្មី បានមានមតិប្តេជ្ញាចិត្តថា ត្រូវប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួននូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល លិខិតបទដ្ឋាននានា បទបញ្ជា ដែលរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ក៏ដូចជារដ្ឋបាលខេត្ត បានដាក់ចេញ ពង្រឹងនូវសាមគ្គីភាព ឯកភាព ជាមួយគ្រប់ថ្នាក់ គ្រប់ផ្នែក និងអ្នកពាក់ព័ន្នទាំងអស់ ដើម្បីចូលរួមចំណែកអនុវត្តរក្សាឲ្យបាននូវស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់ និងការអភិវឌ្ឍក្នុងស្រុកប្រកបដោយចីរភាព ត្រូវយកចិត្តទុកដាក់លើការផ្តល់សេវាជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធឲ្យបានឆាប់រហ័យ មានតម្លាភាព គុណភាព និងប្រសិទ្ធភាព ទប់ស្តាប់បង្ក្រាបបទល្មើសនានាដែលកើតឡើងក្នុងស្រុក និងទប់ស្តាត់បទល្មើសការជួញដូរស្ត្រី និងកុមារ។
សូមបញ្ជាក់ថា ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលស្រុកអូររាំង ក្នុងនោះ លោក សៀក មុន្នី អភិបាលរងស្រុកអូររាំង ត្រូវបានតែងតាំងជាអភិបាលស្រុក ចំណែក លោក នង ទុណ្ណារី អភិបាលស្រុកអូររាំង ត្រូវបានចូលនិវត្តន៍៕

អត្ថបទដែលជាប់ទាក់ទង