អនុប្រធានបក្សខណ្ឌ៖ អំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខណ្ឌច្បារអំពៅ សូមនាំគ្នាទៅបោះឆ្នោត ឲ្យបានគ្រប់គ្នា ដើម្បីរក្សាសុខសន្តិភាព និងការអភិវឌ្ឍ
ភ្នំពេញ៖ លោក ចេង មុនីរ៉ា អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខណ្ឌច្បារអំពៅ បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ ក្នុងខណ្ឌច្បារអំពៅទាំងអស់នាំគ្នាទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រ អាណត្ដិទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ដើម្បីសុខសន្ដិភាព និងការអភិវឌ្ឍន៍ ។
លោកថ្លែងបែបនេះកាលពីយប់ថ្ងៃទី១២កក្ដដានេះ ក្នុងពិធីជួបជុំសមាជិក សមាជិកាបក្ស ប្រគុំតន្ដ្រី នៅចំណតរថយន្តក្រុង វាលស្បូវ ស្ថិតក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅដោយមានការចូលពីប្រធានក្រុមការងារចុះជួយខណ្ឌច្បារអំពៅ លោកស្រី ឡោក ខេង និងមានការអញ្ជើញចូលរួមពីបងប្អូនប្រជាពលរដ្ឋ ជាច្រើននាក់ផងដែរ ។
លោកអនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខណ្ឌច្បារអំពៅ បានថ្លែងទៀតថា សមាជិកបក្ស និងប្រជាពលរដ្ឋយើងទាំងអស់ ត្រូវរួបរួមសាមគ្គីគ្នា រក្សាឲ្យបាននូវ សន្តិភាព ស្ថិរភាពនយោបាយ ជាពិសេសគឺមិនត្រូវស្តាប់ ឬជឿពាក្យញុះញុងរបស់ ជនអគតិមួយចំនួន ដែលកំពុងឃោសនា មិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត ព្រោះការឃោសនាបែបនេះជាទង្វើផ្ទុយនឹងច្បាប់។
ជាមួយគ្នានោះ អនុប្រធានបក្សខណ្ឌ ចុះជួយ ក៏បានពន្យល់ពីកម្មវិធីនយោបាយ សម្រាប់ការកសាង និងការពារមាតុភូមិ ឆ្នាំ២០១៨-២០២៣ របស់គណបក្សប្រជាជនកម្ពុជា ដែលជាត្រីវិស័យសម្រាប់តម្រង់ទិសសកម្មភាព របស់គណបក្ស ក្នុងការបន្តបំពេញភារកិច្ចបម្រើជាតិ និងប្រជាជន រយៈពេល៥ឆ្នាំទៅមុខ ជូនចំពោះប្រជាជនដោយផ្ទាល់ ដើម្បីរកយុទ្ធសាស្ដ្រ ក្នុងការរក្សាសន្ដិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិកាន់តែប្រសើរ ពិសេសបង្កើតឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋ តាមរយៈការស្វែងរកដៃគូវិនិយោគិនពីក្រៅស្រុក ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច ឲ្យសម្រេចបានកំណើនក្នុងរង្វង់៧ភាគរយ ក្នុងមួយឆ្នាំ ប្រកបដោយចីរភាព ពិសេសបន្ដជំរុញដំឡើងប្រាក់ឈ្មួល និងលើកកម្ពស់លក្ខខណ្ឌការងាររបស់កម្មករ និងនិយោជិក ៕