ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា បានណែនាំឲ្យក្រុមហ៊ុន ប្រកបអាជីវកម្ម សិក្សាគម្រោងប្លង់ និងស្ថាបត្យកម្ម  មិនត្រូវប្រើល្បិចកល់បំផ្លើស ហួសសមត្ថភាពជំនាញ និងសេវាកម្មរបស់ខ្លួន ដល់សាធារណជន

76

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ា បានណែនាំឲ្យក្រុមហ៊ុន ប្រកបអាជីវកម្ម សិក្សាគម្រោងប្លង់ និងស្ថាបត្យកម្ម និងវិស្វករ ដែលជារូបវន្តបុគ្គល សិក្សាគម្រោងប្លង់ មិនត្រូវផ្ដល់របាយការណ៍លម្អៀង ឬឯកសារក្លែងបន្លំឬចូលរួមគាំទ្រអ្នកប្រកបវិជ្ជាជីវៈស្ថាបត្យកម្មដែលមិនស្របច្បាប់ ឬប្រើល្បិចកល់ផ្សេងបំផ្លើស ហួសសមត្ថភាពជំនាញ បទពិសោធន៍ និងសេវាកម្មរបស់ខ្លួន ដល់សាធារណជន។

លោកជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានដឹកនាំកិច្ចប្រជុំស្ដីពីការងារសិក្សាគំរោងប្លង់និងសាងសង់ក្នុងគោលបំណងចូលរួមអនុវត្តន៍យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី 4 របស់រាជរដ្ឋាភិបាលពិសេសចូលរួមអភិវឌ្ឍន៍វិស័យឯកជនដែលកំពុងធ្វើធុរកិច្ចក្នុងវិស័យសំណង់ក៏ដូចជាពង្រឹងការគោរពច្បាប់បទដ្ឋានបច្ចេកទេសសំដៅលើកកម្ពស់គុណភាពសុវត្ថិភាពនិងសោភ័ណភាពសំណង់នៅព្រះរាជាណាចក្រកម្ពុជាដោយមានការចូលរួមពីក្រុមហ៊ុនប្រកបអាជីវកម្មសាងសង់ 286 ក្រុមហ៊ុន ក្រុមហ៊ុនប្រកបអាជីវកម្មសិក្សាគម្រោងប្លង់ 31 ក្រុមហ៊ុន ក្រុមជាងសំណង់ 60 ក្រុម រូបវន្តបុគ្គលសិក្សាគម្រោងប្លង់ 54 រូប ក្រុមហ៊ុនអចលនទ្រព្យ 4ក្រុមហ៊ុន ស្ថាបត្យករ 154 រូប វិស្វករ 237រូប សាស្ត្រាចារ្យ ៤៥រូប និងនិស្សិតស្ថាបត្យករនិងវិស្វករ 553 រូប។

លោកឧបនាយករដ្ឋមន្ត្រីបានជម្រាបជូនអំពីការរីកចម្រើនលើគ្រប់វិស័យនៅកម្ពុជាក្រោមឆត្រសន្តិភាពនិងស្ថិរភាពនយោបាយអនុវត្តន៍យុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលក្នុងការអាចយកចិត្តទុកដាក់អភិវឌ្ឍន៍វិស័យឯកជនជំរុញការអភិវឌ្ឍទីផ្សារការងារលើកស្ទួយសហគ្រាសធុនតូចនិងមធ្យមនិងសហគ្រិនភាពរៀបចំនិងអនុវត្តន៍ភាពជាដៃគូវិស័យសាធារណៈនិងឯកជននិងពង្រឹងការប្រកួតប្រជែងសំដៅសម្រេចចក្ខុវិស័យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ 2030 និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ 2050។ ការចូលរួមចំណែករបស់ឯកជនពិសេសក្រុមហ៊ុនប្រកបអាជីវកម្មសាងសង់ក្រុមហ៊ុនប្រកបអាជីវកម្មសិក្សាគម្រោងប្លង់ក្រុមជាងសំណង់រូបវន្តបុគ្គលសិក្សាគម្រោងប្លង់ស្ថាបត្យករនិងវិស្វករដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំពីវិស័យណង់ឲ្យធានាបាននូវកំណើនប្រកបដោយចីរភាព។ សន្ទុះនៃការរីកចម្រើនដ៏ខ្លាំងក្លានៃវិស័យសំណង់ទាមទារនូវភាពពង្រីកលើការងារគ្រប់គ្រងការគោរពច្បាប់និងបទដ្ឋានបច្ចេកទេសដើម្បីធានានូវសុវត្ថិភាពគុណភាពនិងសោភ័ណភាពនៃសំណង់។

លោកឧបនាយករដ្ឋមន្ត្រីជាសុផារ៉ាបានណែនាំឲ្យក្រុមហ៊ុនប្រកបអាជីវកម្មសំណង់នឹងក្រុមជាងសំណង់ត្រូវបំពេញកាតព្វកិច្ចនិងលក្ខខណ្ឌចម្បងចំបងៗដូចខាងក្រោម ៖ ត្រូវចូលរួមគោរពច្បាប់បទដ្ឋាននិងស្តង់ដារបច្ចេកទេសក្នុងអាជីពដោយមិនត្រូវប្រព្រឹត្តប្រាស់ចាកពីក្រមសីលធម៌វិជ្ជាជីវៈ ត្រូវមានអាជ្ញាប័ណ្ណប្រកបអាជីវកម្មសាងសង់អនុញ្ញាតដោយក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ឬពីមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីរាជធានីខេត្តឬពីស្ថាប័នមានសមត្ថកិច្ច។ត្រូវមានកិច្ចសន្យាសាងសង់ជាមួយម្ចាស់គម្រោងនឹងកិច្ចសន្យាការងារជាមួយបុគ្គលិកនិងកម្មករ មិនត្រូវទទួលម៉ៅការសាងសង់សំណង់ដែលមិនមានលិខិតអនុញ្ញាតត្រឹមត្រូវចេញដោយស្ថាប័នមានសមត្ថកិច្ចជាដើម។

លោកឧបនាយករដ្ឋមន្រ្តីក៏បានណែនាំឲ្យក្រុមហ៊ុនប្រកបអាជីវកម្មសិក្សាគម្រោងប្លង់និងស្ថាបត្យកម្មនិងវិស្វករដែលជារូបវន្តបុគ្គលសិក្សាគម្រោងប្លង់ត្រូវបំពេញកាតព្វកិច្ចនិងលក្ខខណ្ឌចម្បងៗដូចខាងក្រោម៖ រាល់ការសិក្សាគម្រោងប្លង់ត្រូវគោរពតាមបទដ្ឋានបច្ចេកទេសស្តង់ដារសំណង់និងលក្ខខណ្ឌផ្សេងទៀតដែលបានកំណត់ដោយអាជ្ញាធរមានសមត្ថកិច្ចដើម្បីធានាសុវត្ថិភាពសោភ័ណភាពសណ្ដាប់ធ្នាប់សាធារណៈបរិស្ថានក្នុងការប្រើប្រាស់សំណង់និងការអភិវឌ្ឍប្រកបដោយចីរភាព។ ទទួលខុសត្រូវទាំងក្នុងកិច្ចសន្យានិងក្រៅកិច្ចសន្យាចំពោះការខូចខាតដែលបង្កឡើងដោយសំណង់ដែលបានសង់ត្រឹមត្រូវតាមគម្រោងប្លង់របស់ខ្លួនលើកលែងករណីដែលអ្នកសិក្សាគម្រោងប្លង់នោះអាចបង្ហាញភស្តុតាងថាគម្រោងប្លង់របស់ខ្លួនអាចអនុលោមតាមបទដ្ឋានគតិយុត្តជាធរមាន។ស្ថាបត្យករត្រូវបដិសេធក្នុងការបំពេញការងារជំនាញប្រសិនបើតម្រូវការរបស់ម្ចាស់គម្រោងមិនស្របតាមនគរូបនីយប្បញ្ញត្តិបទដ្ឋានបច្ចេកទេសនិងក្រមសីលធម៌របស់ស្ថាបត្យករ។ ត្រូវត្រួតពិនិត្យការដ្ឋានឲ្យបានហ្មត់ចត់គ្រប់ជ្រុងជ្រោយលើទិដ្ឋភាពបច្ចេកទេសនៅរាល់ការងារដែលកម្មករកំពុងអនុវត្តន៍ការសង់សង់ជៀសវាងការធ្វេសប្រហែសដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ។ មិនត្រូវផ្ដល់របាយការណ៍លម្អៀងឬឯកសារក្លែងបន្លំឬចូលរួមគាំទ្រអ្នកប្រកបវិជ្ជាជីវៈស្ថាបត្យកម្មដែលមិនស្របច្បាប់ឬប្រើល្បិចកលផ្សេងបំផ្លើសហួសសមត្ថភាពជំនាញបទពិសោធន៍និងសេវាកម្មរបស់ខ្លួនដល់សាធារណជន។ មិនត្រូវចុះហត្ថលេខាឬបោះត្រាទៅលើគម្រោងគំរូប្លង់ឬឯកសារផ្សេងៗដែលខ្លួនមិនបានចូលរួមឬធ្វើផ្ទាល់៕


អត្ថបទដែលជាប់ទាក់ទង