ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ត្រីជនជាតិជប៉ុនម្នាក់ប្រគល់វត្ថុបុរាណ ជាង៨០មុខ មកឱ្យកម្ពុជាវិញ ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធស្វាមីរបស់លោកស្រី

85

ភ្នំពេញ៖ ស្រ្តីជនជាតិជប៉ុនម្នាក់ បានប្រគល់វត្ថុបុរាណចំនួន ៨៥មុខ ដែលស្វាមីរបស់គាត់បានប្រមូលទិញ មក​ឲ្យ​ប្រទេសកម្ពុជាវិញ ដោយថា ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធស្វាមីរបស់លោកស្រី។

អំណោយវត្ថុបុរាណទាំងនេះមានដូចជា៖ បដិមាព្រហ្មញ្ញសាសនា, ព្រះពុទ្ធសាសនា, គ្រឿងលំអ, ត្រាមានលំអរូបសត្វធ្វើពីសំរិទ្ធ, បំណែកតុបតែង, ខ្សែកធ្វើពីមាស, កុលាលភាជន៍ និងអកកំបោរធ្វើពីស្ពាន់ ដែលមានអាយុកាល ក្នុងសម័យបុរេប្រវត្តិសាស្រ្ដសម័យមុនអង្គរ, សម័យអង្គរ និងសម័យក្រោយអង្គរ ត្រូវបានលោកស្រីបណ្ឌិត ហ្វូមីកូ តាកាកុវ៉ា ដែលជាជនជាតិជប៉ុន សម្រេចប្រគល់ជូនកម្ពុជាវិញ ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធស្វាមីរបស់លោកស្រី។

ក្នុងពិធីប្រគល់វត្ថុបុរាណនៅសារមន្ទីរជាតិ  លោកស្រីបណ្ឌិត ហ្វូមីកូ តាកាកុវ៉ា ប្រាប់អ្នកសារព័ត៌មានថា លោកស្រីប្រគល់វត្ថុបុរាណទាំងអស់មកប្រទេសកម្ពុជាវិញ ដោយធ្វើទៅតាមបណ្ដាំរបស់ស្វាមីគាត់ ដែលជាអ្នកស្រឡាញ់សិល្បៈវប្បធម៌ខ្មែរ។ លោកស្រី​ថា​ ស្វាមីរបស់គាត់ជាអ្នកដែល​ធ្លាប់​សិក្សា និងស្រាវជ្រាវអំពីសិល្បៈវប្បធម៌របស់ប្រទេសកម្ពុជា។

លោកស្រីបន្តថា ស្វាមីគាត់បានប្រមូលទិញវត្ថុបុរាណទាំងនោះនៅពេលដែល​មា​នគេ​ដាក់​លក់​ក្នុងប្រទេសជប៉ុន​។

លោកស្រី បាន​និយាយប្រាប់​ថា៖ «គាត់សង្ឃឹមថា ស្រុកយើងបានសន្តិភាព ហើយផ្សព្វផ្សាយ​អរិយធម៌ដ៏ថ្កុំថ្កើង​របស់យើងទៅសកលលោក​ឱ្យស្គាល់វប្បធម៌របស់យើង។ ប្រហែលជាធ្វើស្រាវជ្រាវ ២០ឆ្នាំមុនដែរ ពេលខ្លះគាត់ឃើញនៅស្រុកជប៉ុន គាត់ក៏ប្រមូលទិញទុក។ គ្រួសារគាត់ស្រឡាញ់សិល្បៈ គាត់សិក្សាពីរឿងសិល្បៈ ហើយគាត់ឃើញថា វត្ថុទាំងអស់នេះទាក់ទងសិល្បៈខ្មែររឿងមហាយានអីអ៊ីចឹងទៅ ម្លោះហើយគាត់អត់ចង់ឱ្យរបស់នោះទៅណា។ គ្រួសារគាត់បានស្លាប់ហើយ ទី១ មុនពេលគាត់ស្លាប់ គាត់បានផ្ដាំឱ្យទៅយកដាក់កន្លែងដើម ទើបវាមានតម្លៃក្នុងន័យវប្បធម៌ផងសិល្បៈផង»។

រដ្ឋលេខាធិកាក្រសួងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក លោក ប្រាក់ សុវណ្ណរ៉ា មានប្រសាសន៍ថា ក្រៅពីប្រគល់វត្ថុបុរាណចំនួន ៨៥មុខ លោកស្រី ហ្វូមីកូ តាកាកុវ៉ា ក៏បានប្រគល់ទឹកប្រាក់ចំនួន ៥០០០ដុល្លារ ដើម្បីធ្វើការអភិរក្សនៅក្នុងសារមន្ទីរជាតិផងដែរ។

លោក មានប្រសាសន៍​ថា៖ «លោកស្រីឧទ្ទិសអំណោយនេះ ដល់ស្វាមីរបស់គាត់ដែលបានទទួលមរណភាពទៅហើយនោះ។ ទន្ទឹមនេះ លោកស្រីក៏បានផ្ដល់ជាថវិកាចំនួន ៥០០០ដុល្លារ ជូនមកដល់សារមន្ទីរជាតិ ដើម្បីទ្រទ្រង់ដល់សកម្មភាពនៃការងារ ការងារអភិរក្ស ការងារផ្សេងៗទៀតរបស់សារមន្ទីរជាតិផងដែរ។ ដូច្នេះ ក្នុងនាមក្រសួងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងនាមសារមន្ទីរជាតិមានសេចក្ដីសោមនស្សរីករាយ និងសូមថ្លែងអំណរគុណលោកស្រីដែលបានស្ម័គ្រប្រគល់វត្ថុបុរាណខ្មែរទាំងអស់នេះមកកម្ពុជាវិញ»។

វត្ថុបុរាណដែលលោកស្រី ហ្វូមីកូ តាកាកុវ៉ា ប្រគល់ឲ្យ​កម្ពុជា​នៅថ្ងៃនេះ មានដូចជា បដិមាព្រហ្មញ្ញសាសនា, ព្រះពុទ្ធសាសនា, គ្រឿងលម្អ, ត្រាមានលម្អរូបសត្វធ្វើពីសំរិទ្ធ, បំណែកតុបតែង, ខ្សែកធ្វើពីមាស, កុលាលភាជន៍ និងអកកំបោរធ្វើពីស្ពាន់។ វត្ថុបុរាណ​ទាំងនោះ បន្សល់​ទុកពី​សម័យកាលផ្សេងៗគ្នា ដូចជាខ្លះ មកពី សម័យបុរេប្រវត្តិសាស្រ្ដ សម័យមុនអង្គរ, សម័យអង្គរ និងសម័យក្រោយអង្គរ។

វតអំណោយវត្ថុបុរាណខ្មែរចំនួន៨៥មុខ ដែលជនជាតិជប៉ុនស្ម័គ្រចិត្តប្រគល់ជូនប្រទេសកម្ពុជាវិញ ត្រូវបានរៀបចំពិធីប្រគល់ និងទទួលជាផ្លូវការ នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាពលោក លោក ប្រាក់ សុវណ្ណរ៉ា រដ្ឋលេខាធិកាក្រសួងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅក្នុងសារមន្ទីជាតិ។

ក្រសួងវប្បធម៌ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានសម្ដែងការកោតសសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកស្រីបណ្ឌិត ហ្វូមីកូ តាកាកុវ៉ា មានចិត្តសប្បុរសប្រគល់វត្ថុបុរាណទាំងនេះ ជូនមករាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា និងថ្លែងអំណរគុណចំពោះលោក ម៉ាសាម៉ូតូ ហ្វូស៊ីណូ និងភរិយា ដែលបាសម្របសម្រួល និងដឹកនាំវត្ថុបុរាណនេះមកប្រទេសកម្ពុជា។
ការប្រគល់ត្រឡប់មកវិញនូវរតនវត្ថុរបស់ជាតិ ជាការវិលមកវិញនូវព្រលឹងបុព្វបុរសខ្មែរ ជាមង្គលដ៏ឧត្តមរបស់ជាតិ។ ការស្ម័គ្រចិត្តប្រគល់វត្ថុបុរាណមកកាន់ប្រទេសកំណើត បង្ហាញឲ្យឃើញពី ការលើកតម្លៃសម្បត្តិវប្បធម៌នៃមនុស្សជាតិ និងការប្រសើរឡើងនូវក្រមសីលធម៌ នៃអ្នកធ្វើសមុច្ច័យបុរាណ។

ក្រសួងវប្បធម៌ ក៏បានលើកទឹកចិត្តដល់បុគ្គលឯកជន សារមន្ទីរ, ក្រុមហ៊ុន ក៏ដូចជាស្ថាប័ននានា លើសាកលលោក ដែលកំពុងតាំងបង្ហាញ និងរក្សាទុកវត្ថុបុរាណរបស់កម្ពុជា សូមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ដូចជាតាមរយៈស្ថានទូតកម្ពុជា នៅតាមប្រទេសនីមួយៗ ក្នុងការស្ម័គ្រចិត្តប្រគល់វត្ថុបុរាណទាំងនោះមកកម្ពុជាវិញ៕ ដ

អត្ថបទដែលជាប់ទាក់ទង