អង្គភាពប្រឆាំងអំពើពុករលួយ ទាត់ចោល ការចុះផ្សាយព័ត៌មាន ដែលថាមន្ត្រីរបស់ខ្លួន ជាប់ពាក់ព័ន្ធជំនួញឈើ នៅសណ្ឋាគារអង្គរអេរ៉ា
ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី 5 ខែកក្កដា ឆ្នាំ 2019 បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយទាត់ចោលនូវការចោទប្រកាន់របស់បណ្ដាញសារព័ត៌មានមួយចំនួន ដែលបានចុះផ្សាយថា មន្ត្រីអង្គភាពអង្គភាពប្រឆាំងអំពើពុករលួយឈ្មោះស៊ីណាភេទប្រុស អាយុប្រហែល 50 ឆ្នាំ ជាម្ចាស់ឈើ ដែលលាក់ទុកនៅក្នុងសណ្ឋាគារអង្គរអេរ៉ា ក្នុងខេត្តសៀមរាប ដែលត្រូវសមត្ថកិច្ចចម្រុះ ចុះបង្ក្រាបរឹបអូសឈើនោះ ប្រមាណជា 600 ម៉ែត្រគូប។
អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជាក់ថា ពុំមានឈ្មោះស៊ីណានេះ ជាមន្ត្រីក្នុងជួរអង្គភាពប្រឆាំងអំពើពុករលួយទេ ហើយថាស្នើសុំឲ្យបណ្ដាញសារព័ត៌មានកែតម្រូវខ្លឹមសារដែលចុះផ្សាយក្នុងអត្ថបទរបស់ខ្លួនឡើងវិញ។
ក្នុងលិខិតរបស់អង្គភាពប្រឆាំងអំពើពុករលួយ បានលើកឡើងថា បណ្ដាញសារព័ត៌មាន បានចុះផ្សាយថា លទ្ធផលដែលរកឃើញ ក្នុងសណ្ឋាគារអង្គរអេរ៉ា ដែលល្បីបំផុតជួញដូរឈើ គឺម្ចាស់សណ្ឋាគារអង្គរអេរ៉ា និងម្ចាស់ឈើនោះ មានឈ្មោះស៊ីណា ភេទប្រុស អាយុប្រហែល 50 ឆ្នាំ និងជាមន្ត្រីក្នុងជួរអង្គភាពប្រឆាំងអំពើពុករលួយខេត្ត និងជាមន្ត្រីថ្នាក់ធំ ក្នុងជួរអង្គភាពប្រឆាំងអំពើពុករលួយប្រឆាំងខេត្តសៀមរាបម្នាក់ ហើយក៏ជាថៅកែសណ្ឋាគារលំដាប់ផ្កាយ 5 ផងដែរ។
សូមបញ្ជាក់ថា អាជ្ញាធរខេត្តសៀមរាប បានសម្រេចរឹបអូសឈើប្រភេទលេខ១ ប្រមាណជាង២៥០ម៉ែត្រត្រីគុណ ពីម្ចាស់សណ្ឋាគារអង្គរ អេរ៉ា មករក្សាទុកជាសម្បត្តិរដ្ឋ និងតម្រូវឲ្យម្ចាស់ឈើនេះ បង់ពិន័យតាមច្បាប់ស្តីពីព្រៃឈើ។ សមត្ថកិច្ចរដ្ឋបាលព្រៃឈើ បានបញ្ជាក់ថា ម្ចាស់ទីតាំងឃ្លាំងឈើនោះ គឺលោកស្រី គី ឈុនឡេង ។
ថ្លែងក្នុងសន្និសីទកាសែត កាលពីព្រលប់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩នេះ ប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្តសៀមរាប លោកទា គឹមសុទ្ធ បានថ្លែងថា បន្ទាប់ចាប់ផ្តើមបើកប្រតិបត្តិការ កាលល្ងាចថ្ងៃទី២ មកដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ នេះ កម្លាំងចម្រុះរបស់អាជ្ញាធរខេត្តសៀមរាប រួមមាន រដ្ឋបាលព្រៃឈើ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត កងរាជអាវុធហត្ថ និងតំណាងស្ថាប័នអយ្យការ បានសម្រេចរឹបអូសឈើ ចំនួន២៥១ម៉ែត្រត្រីគុណ ក្នុងចំណោមឈើជាង៥០០ម៉ែត្រត្រីគុណ មករក្សាទុកជាសម្បត្តិរដ្ឋ ។ លោក បានថ្លែងថា ក្រៅពីរឹបអូសឈើ អាជ្ញាធរក៏បានតម្រូវឲ្យម្ចាស់ឈើ បង់ពិន័យជាប្រាក់គុណនឹងបី នៃតម្លៃឈើដែលរឹបអូសនេះ។ ក្នុងករណីម្ចាស់ឈើមិនព្រមបង់ សមត្ថកិច្ចរដ្ឋបាលព្រៃឈើ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
ទីតាំងស្តុកឈើនេះ ស្ថិតនៅក្នុងក្នុងបរិវេណសណ្ឋាគារអង្គរអេរ៉ា ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ស្របតាមបណ្តោយផ្លូវជាតិលេខ៦ មានម្ចាស់ទីតាំងឃ្លាំងឈើនោះ គឺលោកស្រី គី ឈុនឡេង ។
តាមលោកទា គឹមសុទ្ធ បានឲ្យដឹងថា ឃ្លាំងស្តុកឈើមួយកន្លែងនេះ បានដំណើរការអស់រយៈពេលជាយូរឆ្នាំមកហើយ ហើយកន្លងមកសមត្ថកិច្ចក៏ធ្លាប់ធ្វើការរឹបអូសឈើ និងពិន័យដូចគ្នា ក្នុងករណីលើកនេះដែរ។ យ៉ាងណាក៏ដោយ លោកប្រធានមន្ទីរកសិកម្មរូបនេះ បានអះអាងថា តាមការអង្កេតស្រាវជ្រាវកន្លងមក ទីតាំងស្តុកឈើនេះ គឺសម្រាប់ប្រើប្រាស់កសាងសណ្ឋាគារតែប៉ុណ្ណោះ មិនមែនជាឃ្លាំងឈើសម្រាប់ការធ្វើចរាចរណ៍ចែកចាយ លក់ដូរឈើនោះឡើយ ៕