ក្រឡាបញ្ជី នៃសាលាឧទ្ធរណ៍ម្នាក់ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួន
(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយបានស៊ើបអង្កេតយ៉ាងដិតដល់រហូតឈានដល់ការចាប់ខ្លួនក្រឡាបញ្ជីម្នាក់នៃសាលាឧទ្ធរណ៍ពាក់ព័ន្ធនឹងករណីអំពើពុករលួយដោយនាំខ្លួនមកកាន់អង្គភាពប្រឆាំងអំពើពុករលួយដើម្បីសួរនាំចាត់វិធានការ ។ ប៉ុន្តែទោះយ៉ាងណាអង្គភាពប្រឆាំងអំពើពុករលួយមិនបានបញ្ជាក់ថាក្រឡាបញ្ជីរូបនោះពាក់ព័ន្ធអំពើពុករលួយក្នុងសំណុំរឿងអ្វីនោះទេ។
លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានឱ្យដឹងនៅយប់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩នេះថា អង្គភាពប្រឆាំងអំពើពុករលួយ បាននាំខ្លួនក្រឡាបញ្ជីនៃសាលាឧទ្ធរណ៍ម្នាក់ យកទៅសួរនាំពាក់ព័ន្ធនឹងអំពើពុករលួយ។
ក្រឡាបញ្ជី នៃសាលាឧទ្ធរណ៍ ដែលត្រូវនាំខ្លួននេះ ឈ្មោះ ទេព ធីរិទ្ធ អាយុ៤៦ឆ្នាំ ដែលត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួន នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩នេះ។
លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង មិនទាន់បញ្ជាក់ ពីអំពើពុករលួយ ដែលនាំឱ្យមានការឃាត់ខ្លួនក្រឡាបញ្ជី ទេព ធីរិទ្ធ នៅឡើយទេ៕