ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចិនយកដំរីជល់ជាមួយតោ នៅក្រុងព្រះសីហនុ

51

ព្រះសីហនុ៖ ស្របពេលដែលអ្នកវិនិយោគចិនយ៉ាងច្រើន ឈានជើងចូលខេត្តព្រះសីហនុ ធ្វើឲ្យដីឡើងថ្លៃយ៉ាងគំយុគ ដោយក្រុនហ៊ុនចិនទិញគ្រប់កន្លែងធ្វើអគារពាណិជ្ជកម្ម ក្នុងនោះក្រុមហ៊ុនចិនមួយក៏ជម្នះកសាងអគារដ៏ធំមួយនៅម្តុំរង្វង់មូលតោពីរ តែរកមធ្យោបាយការពារ ដោយសង់រូបសំណាកដំរីចំនួន៥ដើម្បីទប់ទល់មហិទ្ធិឫទ្ធិដ៏ខ្លាំងខ្លារបស់តោទាំងពីរ។

លោកពុយ គា អ្នកកាសែតជើងចាស់ និងមន្រ្តីជាន់ខ្ពស់ក្លឹបអ្នកកាសែត នៅថ្ងៃទី៦កក្កដានេះ បានសរសេរលើហ្វេសប៊ុកថា រាប់ទសវត្សរ៍មកហើយពុំមាននរណាម្នាក់ហ៊ានសង់សំណង់ឬបើកហាងលក់ដូរនៅលើដីច្រមះុជ្រូកដ៏ធំមួយនៅទល់មុខតោពីរកណ្តាលក្រុងព្រះសីហនុឡើយ ព្រោះអ្នករកស៊ីមានជំនឿថា ជំនួញរបស់គេអាចនឹងត្រូវវិនាសឬខាតឡុងចុង ព្រោះរូបសំណាកតោពីរសំឡឹងចំពីមុខនឹងធ្វើឱ្យហុងស៊ុយធ្លាក់ ប៉ុន្តែដោយសារដីនៅក្រុងព្រះសីហនុឡើងថ្លៃហួសពីការស្មាន និងពិបាករកកន្លែងល្អៗបានតទៅទៀត ក្រុមហ៊ុនចិនក៏ជម្នះកសាងអគារដ៏ធំមួយ តែរកមធ្យោបាយការពារ ដោយសង់រូបសំណាកដំរីចំនួន៥ដើម្បីទប់ទល់មហិទ្ធិឫទ្ធិដ៏ខ្លាំងខ្លារបស់តោទាំងពីរ។ យោងតាមឯកសារសត្វ សត្វដំរីអាចសម្លាប់តោបាន ហើយដំរីមួយអាចទប់ទល់ជាមួយតោញីចំនួន៧ ឬតោឈ្មោលពីរទើបអាចសម្លាប់សត្វដំរីមួយបាន។

លោកពុយ គា បានថ្លែងថា មានរឿងដំណាលជាច្រើនស្តីពីចៅហ្វាយខេត្តព្រះសីហនុដែលខ្លាចតោស៊ីឱ្យធ្លាក់ពីតំណែង។ នៅពេលមួយនោះមានចៅហ្វាយខេត្តមួយរូបដាច់ចិត្តអញ្ជើញគ្រូទាយមកពីហុងកុងដើម្បីរកវិធីទប់តំណែងគាត់។ គ្រូហុងស៊ុយនោះបានឱ្យឳវាទថាត្រូវតែដាក់គ្រាប់ឃ្លីចូលក្នុងមាត់តោដើម្បីកុំឱ្យខាំបាន។ កាលដើមឡើយរូបសំណាកតោហាមាត់ពុំមានគ្រាប់ឃ្លីនៅខាងក្នុងឡើយ។ យ៉ាងណាក៏ដោយ នេះគ្រាន់តែជាការអង្កេតមួយរបស់ខ្ញុំតែប៉ុណ្ណោះ រីឯជំនឿជារឿងរបស់បុគ្គល ព្រោះអ្នកមានគេមិនជឿលើជំនឿអរូបីណាដែលគ្មានហេតុផលច្បាស់លាស់នោះទេ ឧទាហរណ៍៖ ក្នុងនោះក៏មានអ្នកសង់ផ្ទះចំផ្លូវដែលបុកចំពីមុខដែរ ហើយធ្វើឱ្យគេកាន់តែមានជាងមុន ….៕

អត្ថបទដែលជាប់ទាក់ទង