ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកស្រុកកោះធំជាង២០០នាក់ ទៅសិក្សាស្វែងយល់ប្រវត្តិ តស៊ូ ដើម្បីសន្តិភាព និងការអភិវឌ្ឍ របស់ថ្នាក់ដឹកនាំកម្ពុជា ដែលឆ្លាក់ជាប់លើជញ្ជាំង នៃវិមានឈ្នះឈ្នះ

83

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំមន្ត្រីសាធារណការ និងដឹកជញ្ជូន និងអ្នកស្រុកកោះធំជាង២០០នាក់ ទៅសិក្សាស្វែងយល់ប្រវត្តិ តស៊ូ ដើម្បីសន្តិភាព និងការអភិវឌ្ឍរបស់ថ្នាក់ដឹកនាំកម្ពុជាដែលឆ្លាក់ជាប់លើជញ្ជាំង និងតាំងបង្ហាញពាសពេញបរិវេណនៃវិមានឈ្នះឈ្នះ មានតម្លៃជាប្រវត្តិសាស្ត្រសម្រាប់ប្រជាជនកម្ពុជា។

ថ្ងៃអាទិត្យ ៦កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកោះធំ បានដឹកនាំមន្ត្រីសាធារណការ និងដឹកជញ្ជូន និងអ្នកស្រុកកោះធំជាង២០០នាក់ទៅធ្វើទស្សនកិច្ចនៅវិមានឈ្នះឈ្នះ ។

កម្មវិធីនេះរៀបចំឡើងនៅវិមានឈ្នះឈ្នះត្រូវបានទទួលស្វាគមន៍ពីក្រុមការងារមគ្គុទេសយ៉ាងយកចិត្តទុកដាក់ក្នុងការណែនាំចង្អុលបង្ហាញឲ្យគណប្រតិភូបានជ្រាបពីអត្ថន័យនៃរូបភាព និងវត្ថុតាំងនានាពាក់ព័ន្ធនឹងការតស៊ូ ដើម្បីសន្តិភាព និងការអភិវឌ្ឍរបស់ថ្នាក់ដឹកនាំកម្ពុជាឆ្លាក់ជាប់លើជញ្ជាំង និងតាំងបង្ហាញពាសពេញបរិវេណនៃវិមាននេះ។

លោកទេសរដ្ឋមន្ដ្រីបានយកឱកាសនេះគូសបញ្ជាក់អំពីសុខសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងសមិទ្ធផលនានាដែលសម្រេចបានដ៏ត្រចះត្រចង់ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនមន្ត្រីរាជការក្រសួងសាធារណការ និងដឹកជញ្ជូន និងអ្នកស្រុកកោះធំ ដើម្បីបានយល់ដឹង និងយកទៅត្រិះរិះពិចារណា ផ្សព្វផ្សាយបន្ត។

លោកទេសរដ្ឋមន្ត្រីបានបន្ថែមទៀតថា សុខសន្តិភាព និងស្ថិរភាពនយោបាយបានផ្តល់លទ្ធភាពឲ្យកម្ពុជាអាចទាក់ទាញវិនិយោគិនបរទេស ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ស្វែងរកទីផ្សារសម្រាប់លក់ផលិតផល និងបង្កើតការងារធ្វើជូនប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងមានជីវភាពធូរធារសម្បូរសប្បាយដូចសព្វថ្ងៃ។

សូមជម្រាបជូនថា ជោគជ័យនៃនយោបាយឈ្នះឈ្នះរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឲ្យរបបប្រល័យពូជសាសន៍ប៉ុលពតត្រូវរលំរលាយទាំងស្រុង ទាំងអង្គការចាត់តាំងនយោបាយនិងយោធា ធ្វើឲ្យប្រទេសជាតិទាំងមូលមានសន្តិភាពពេញលេញ មានការឯកភាពជាតិ និងការឯកភាពទឹកដីទាំងស្រុងចាប់តាំងពីចុងទសវត្សរ៍ឆ្នាំ១៩៩៨មក ៕

អត្ថបទដែលជាប់ទាក់ទង