ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​បំពាក់​គ្រឿង​ឥស្សរិយយស​ ជូន​កម្លាំង​ដែល​បាន​​ជួយ​សង្គ្រោះ​ជនរងគ្រោះ ​ក្នុង​ហេតុការណ៍​រលំ​បាក់​អគារ​

72

ខេត្ត​ព្រះសីហនុ៖ រសៀលថ្ងៃទី​៧ ខែ​កក្កដា​ ឆ្នាំ​២០១៩​ នេះ​ នៅ​​កំពង់​ផែ​ស្វយ័ត​ ក្រុង​ព្រះសីហនុ​ លោកនាយឧត្តមសេនីយ៍​គន់​ គីម​ ទេសរដ្ឋមន្រ្តី​ទទួលបន្ទុកបេសកកម្មពិសេស​ និងជាអនុប្រធានទី១​ នៃគណៈកម្មាធិការជាតិ​ គ្រប់គ្រងគ្រោះមហន្តរាយ​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បំពាក់​គ្រឿង​ឥស្សរិយយស​មេដាយការងារ​​ថ្នាក់​មាស​ ចំនួន​៦០៩​មេដាយ​ ជូនដល់កង​កម្លាំង​នគរបាល​ និង​ អង្គ​ភាព​កំពង់​ផែ​ស្វយ័ត​ ដែល​បាន​ចូលរួម​ ជួយ​សង្គ្រោះ​ ជនរងគ្រោះ​ ក្នុង​ហេតុការណ៍​ រលំ​បាក់​អគារ​កំពស់​៧​ជាន់​កន្លងមក។

កម្លាំង​ដែល​ត្រូវ​បំពាក់​មេដាយ​ ពេល​នេះ​ មាន​ចំនួន​ ៦០​៩​ នាក់​ ៖ ១.ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ ចំនួន​៤៥១នាក់ ។ ២.នាយដ្ឋាន​នគរបាល​ការពារ​ព្រំដែន​ទឹក​ ចំនួន៩៨ នាក់​ និង៣.អង្គ​ភាព​កំពង់​ផែ​ស្វយ័ត​ចំនួន​៦០នាក់។

ដោយឡែកនាព្រឹកថ្ងៃទី​ ៧កក្កដា ២០១៩​ ដដែល​ ឯ.ឧ​ គួច​ ចំរេីន​ អភិបាល​ នៃគណៈអភិបាលខេត្តព្រះសីហនុ​ អញ្ជេីញអមដំណេីរ​ លោក​ នាយឧត្តមសេនីយ៏​ គន់​ គីម​ ទេសរដ្ឋមន្រ្តី​ ទទួលបន្ទុកបេសកកម្មពិសេស​ និងជាអនុប្រធានទី១​ នៃគណៈកម្មាធិការជាតិ​ គ្រប់គ្រងគ្រោះមហន្តរាយ​ ក្នុងកម្មវិធីបំពាក់មេដាយមាស​ និងថវិកា​ ជូនដល់កងកំលាំងរាជអាវុធហត្ថខេត្តព្រះសីហនុ​ ចំនួន​ ១៥៧នាក់​ ដែលបានជួយរុករកជនរងគ្រោះ​ និងសាកសព​ ក្នុងហេតុការណ៏នៃការបាក់រំលំអគារ​ ៧ជាន់​ នៅក្រុងព្រះសីហនុ​ កាលពីថ្ងៃទី​ ២២.៦.២០១៩​ ។

គួរ​រំលឹក​ផង​ដែរ​ ក្នុងហេតុការណ៍ រលំបាក់​អគារ​ កម្ពស់​៧ជាន់​ កាលពីវេលា ម៉ោង​៤:៤៧ នាទី​ ព្រឹកថ្ងៃទី​២២ ខែ​មិថុនា​ឆ្នាំ​ ២០១៩​ កន្លង​ទៅ​នេះ​ បាន​បណ្តាល​ស្លាប់​មនុស្ស​ចំនួន​២៨​ នាក់​ រង​របួស​ចំនួន​២៦​នាក់​ ។
ការ​រុក​រក​ជួយ​សង្គ្រោះ​ជនរងគ្រោះ​ និង​ ការ​ស្ទូច​លើក​ អគារ​បាក់​បែក​ បាន​ធ្វើ​ការ​អស់​រយៈ​ពេល​៣​ថ្ងៃ​ទើប​ហើយ​រួច​រាល់​ ដោយ​ប្រើ​ប្រាស់​កម្លាំង​គ្រប់​ផ្នែក​ជិត​ពីរ​ពាន់​នាក់​៕


អត្ថបទដែលជាប់ទាក់ទង