ទៅឃ្វាលក្របីផឹកស្រាស្រវឹង និងទ្រាំកំដៅថ្ងៃមិនបានចុះមុជទឹកស្រះលង់ទឹកស្លាប់ទាំងវ័យក្មេង
ថ្ងៃទី០៧ ខែ កក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១៥ និង ៤០ នាទី នគរបាលប៉ុស្តិ៍រដ្ឋបាលរូង បានទទួលព័ត៌មានពីពលរដ្ឋម្នាក់ថាបានប្រទះឃើញសាកសពបុរសម្នាក់ដេកស្លាប់ក្នុងស្រះទឹកមួយកន្លែងនៅចំណុចចំការម្រេចរបស់ឈ្មោះ ស្បោង រុំ ភេទប្រុស នៅ ភូមិត្រពាំងឬស្សី ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។បន្ទាប់ពីទទួលព័ត៌មានភ្លាមកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលរូងបានចុះទៅស្រាវជ្រាវដល់កន្លែងកើតហេតុដោយសង្ស័យពាក់ព័ន្ធនឹងករណី ឃាតកម្ម ។
យោងតាមការបំភ្លឺពីក្រុមគ្រួសារជនរងគ្រោះបានដឹងថា ៖ មុនកើតហេតុជនរងគ្រោះឈ្មោះ រៀឺន បុត្រ ភេទ ប្រុស អាយុ ២៨ ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិ-ឃុំខាងលើ ទៅឃ្វាលក្របីក្នុងស្ថានភាពស្រវឹងស្រា ។ បន្ទាប់ពីមានការបំភ្លឺពីក្រុមគ្រួសារសព ក៏មានអ្នកឃ្វាលក្របីគោនៅម្តុំបរិវេណកន្លែងកើតហេតុនោះបានបញ្ជាក់ប្រាប់សមត្ថកិច្ចយើងបន្ថែមថា ឃើញជនរងគ្រោះចុះងូតទឹកស្រះចំណុចខាងលើ តែមិនចាប់អារម្មណ៍ថាលង់ទឹកស្លាប់នោះទេ ។
យោងតាមការពិនិត្យនៅកន្លែងកើតហេតុ និងលើខ្លួនសាកសពជនរងគ្រោះមិនមានស្លាកស្នាមណាមួយគួរឲ្យគត់សម្គាល់ រួមទាំងមានការបំភ្លឺពីក្រុមគ្រួសារសពយុវជនរូបនោះ ពិតជាស្លាប់ដោយសារ លង់ទឹកប្រាកដមែនពុំមាន ពាក់ពន្ធ័អំពើឃាតកម្មអ្វីទេ ៕