ជំងឺប៉េសជ្រូកអាហ្វ្រិក ចូលដល់ខេត្តស្វាយរៀងហើយ
ខេត្តស្វាយរៀង ៖ ជំងឺប៉េស្តជ្រូកអាហ្វ្រិក បានរីករាលដាលដល់ខេត្តស្វាយរៀងហើយ ធ្វើឲ្យខេត្តនេះក្លាយជាខេត្តទី៣ ដែលមានផ្ទុះជំងឺជ្រូកនេះ បន្ទាប់ពីខេត្តរតនគិរី និងខេត្តត្បូងឃ្មុំ។
លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានមានប្រសាសន៍ឲ្យដឹងនៅព្រឹកថ្ងៃទី៨ ខែកក្កដានេះថា ជំងឺប៉េស្តជ្រូកអាហ្វ្រិក បានចាប់ផ្តើមផ្ទុះនៅភូមិឫស្សីជួរ ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង មានសត្វជ្រូកជាង១០០ក្បាល បានឆ្លងជំងឺមួយនេះ។
លោកអភិបាលខេត្តបានបញ្ជាឲ្យ មន្ត្រីជំនាញ និងមន្ទីរដែលពាក់ព័ន្ធត្រូវចុះទប់ស្កាត់ កុំឱ្យឆ្លងរាលដាលដល់ភូមិឃុំផ្សេងទៀត។
ពាក់ព័ន្ធទៅការឆ្លងជំងឺប៉េស្តជ្រូកអាហ្វ្រិក នៅឃុំក្រោលគោនេះ លោក ភោគ វណ្ណថន មេឃុំក្រោលគោ បានថ្លែងប្រាប់ភា្នក់ងារ ឱ្យក្រុមអ្នកសារព័ត៌មានដឹងតាមទូរស័ព្ទ នៅព្រឹកថ្ងៃទី៨ ខែកក្កដានេះថា ពិតជាមានករណីឆ្លងជំងឺប៉េស្តអាហ្វ្រិកពិតមែន នៅភូមិឫស្សីជួរខាងត្បូង ឃុំក្រោលគោ ប៉ុន្តែកាលពីអាទិត្យមុន ក្រុមពេទ្យសត្វបានមកបាញ់ថ្នាំហើយ បានយកឈាមទៅពិនិត្យនៅភ្នំពេញ ក្នុងនោះពេទ្យសត្វមិនទាន់ឱ្យផ្សព្វផ្សាយនោះទេ។
លោកមេឃុំបានបន្តថា សពថ្ងៃនេះ មានសត្វជ្រូកជាច្រើន បានងាប់ជាបន្តបន្ទាប់ហើយ រូបលោក និងមន្ត្រីជំនាញបានដុតចោលអស់ពីរក្បាលហើយ កាលពីប៉ុន្មានថ្ងៃមុន។
ប្រធានការិយាផលិតកម្ម និងបសុព្យាបាលខេត្តស្វាយរៀង បានឱ្យដឹងថា លោក និងលោក សុខ រស់ អភិបាលរងខេត្ត កំពុងចុះពិនិត្យនៅកន្លែងដែលផ្ទុះជំងឺនេះហើយ។
ដោយឡែកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញលិខិតមួយច្បាប់ជម្រាបជូនលោកអភិបាលខេត្តស្វាយរៀង ពីការផ្ទុះឡើងនៃជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ។
លោករដ្ឋមន្ត្រី វេង សាខុន បានស្នើដល់អភិបាលខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ជួយផ្តល់កិច្ចសហការក្នុងការអនុវត្តវិធានការបសុព្យាបាល របស់សមន្ត្រីជំនាញក្នុងការពង្រឹងការទប់ស្កាត់ចលនាសត្វជ្រូក សាច់ជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូក ចេញពីតំបន់ផ្ទុះជំងឺឆ្លង ឲ្យមានប្រសិទ្ធភាពខ្ពស់។
សូមបញ្ជាក់ផងដែរថាៈ ជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ មិនឆ្លងដល់មនុស្សទេ ប៉ុន្តែជំងឺកាចសាហាវនេះ ធ្វើឲ្យជ្រូកងាប់មានអត្រាខ្ពស់រហូតដល់១០០ភាគរយ ដែលអាចបណ្តាលឲ្យមានការខាតបង់ខ្ពស់ដល់អ្នកចិញ្ចឹមជ្រូក៕