រដ្ឋមន្រ្តីសាធារណការ ប្រកាសរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរ
ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ អំពីការងារត្រួតពិនិត្យ ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងថែរក្សាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ឱ្យប្រើប្រាស់ជាប់បានយូរ។
នៅ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំខែមេសា និងខែឧសភា ឆ្នាំ២០១៩ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់របស់ក្រសួង សមាជិកសមាជិកាគណៈកម្មាធិការ និងស្ថាប័នពាក់ព័ន្ធផងដែរ។
កិច្ចប្រជុំនេះបានផ្តោតជាសំខាន់លើការងារលិខិតបទដ្ឋានសំខាន់ៗ ការងារផ្សព្វផ្សាយអប់រំច្បាប់ ការងារឯកទេសជំនាញ ការងារសហប្រតិបត្តិការជាមួយស្ថាប័នជាតិ និងអន្តរជាតិ លទ្ធផលត្រួតពិនិត្យរឹតបន្តឹងអនុវត្តច្បាប់ សភាពការណ៍គ្រោះថ្នាក់ចរាចរណ៍ បញ្ហាប្រឈម និងទិសដៅអនុវត្តបន្តរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីការងារត្រួតពិនិត្យ ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងថែរក្សាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ឱ្យប្រើប្រាស់ជាប់បានយូរ និងបានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីសម្រួលដល់វិស័យឯកជនដូចជា៖ ការផ្តល់សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត នៅតាមគោលដៅកំពង់ផែ និងការបើកបង្រៀន បើកបរយានយន្តដឹកទំនិញដោយឥតគិតថ្លៃ។
ឆ្លៀតក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានលើកឡើងផងដែរ អំពីការសិក្សាគម្រោង នៃប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ (AGT) ការសិក្សាគម្រោងMonorail និងគម្រោងផ្លូវរថភ្លើងក្រោមដី ដើម្បីដាក់ជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្វើការពិនិត្យ និងពិចារណាជ្រើសរើសគម្រោងណាមួយ ក្នុងការដោះស្រាយ បញ្ហាកកស្ទះចរាចរណ៍ ក្នុងរាជធានីភ្នំពេញ នាពេលសព្វថ្ងៃនេះ ។
ជាមួយគ្នានេះផងដែរ លោកទេសរដ្ឋមន្ត្រី បានណែនាំឱ្យមន្ត្រីជំនាញ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវខិតខំប្រឹងប្រែងធ្វើយុទ្ធនាការផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ បណ្ដុះបណ្ដាល ពង្រឹងការអនុវត្តច្បាប់ យុទ្ធនាការពាក់មួកសុវត្ថិភាព ការអប់រំតាមសាលារៀន ការបំពាក់ផ្លាកសញ្ញា ភ្លើងសញ្ញា គំនូសសញ្ញាចរាចរណ៍ និងចំណាំងផ្លាត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
ជាមួយគ្នានេះផងដែរ លោកទេសរដ្ឋមន្ត្រី បានថ្លែងការកោតសរសើរ និងអំណរគុណដល់គ្រប់ស្ថាប័ន ពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែង និងសហការយ៉ាងស្អិតល្មូតកន្លងមក ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរនេះ៕