ប៉ុនប៉ងរំលោភសេពសន្ថវៈ បុរសជនសង្ស័យម្នាក់ ចូលទៅដេកក្នុងមុងជនរងគ្រោះ ជនរងគ្រោះបានស្រែកឆោឡោឲ្យគេជួយ
នគរបាលស្រុកខ្សាច់កណ្តាល នៅថ្ងៃទី០៨កក្កដា២០១៩ បានឲ្យដឹងថា ករណីប៉ុនប៉ងរំលោភសេពសន្ថវៈ លើស្រ្តីម្នាក់កាលពី២ថ្ងៃមុន តែមិនបានសម្រេច ទើបជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលព្រែកអំពិល កម្លាំងប៉ុស្តិ៍ចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបញ្ជូនមក អធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តចាត់ការតាមនីតិវិធី។
នគរបាលបានឲ្យដឹងថា ករណី៖ ប៉ុនប៉ងរំលោភសេពសន្ថវៈ កើតហេតុថ្ងៃសៅរ៍ ៥កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៦.០៧.២០១៩ វេលាម៉ោង ១៨:៣០នាទី ចំណុចភូមិព្រែកក្របៅទី២ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ជនរងគ្រោះ ឈ្មោះ អែល ស៊ីថាត ភេទ ស្រី អាយុ ៣៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ត្បាញ មានទីលំនៅភូមិ-ឃុំ-កើតហេតុ។
ចំណែកជនសង្ស័យ ឈ្មោះ លន រ៉ា ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ-ឃុំ-កើតហេតុ (ឃាត់ខ្លួន)។
នគរបាលមូលដ្ឋានបានសភាពរឿងហេតុនេះថា នៅថ្ងៃទី ០៦កក្កដា២០១៩ ម៉ោង ១៨:០០ នាទី ជនរងគ្រោះបានចង់មុងរៀបចំកន្លែងដេករួចចោមពុងចុះមកងូតទឹកនៅក្រោមផ្ទះ ស្រាប់តែផ្ទះអ្នកជិតខាងមានកូនដួលបែកក្បាល ជនរងគ្រោះបានដើរទៅមើល ពេលដើរត្រឡប់មកផ្ទះវិញឃើញស្បែកជើងផ្ទាត់នៅកាំជណ្តើរចំនួន ០១គូ ដោយមានការសង្ស័យក៏ដើរឡើងទៅលើផ្ទះ ស្រាប់តែឃើញជនសង្ស័យដេកក្នុងមុងជនរងគ្រោះ ជនរងគ្រោះបានស្រែកឆោឡោ ក្រោយមកប្អូនថ្លៃជនសង្ស័យឈ្មោះ រស់ ភា បាននាំជនសង្ស័យទៅផ្ទះ។
លុះដល់ថ្ងៃទី ០៨.០៧.២០១៩ ម៉ោង ៨:០០ នាទី ព្រឹក ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលព្រែកអំពិល កម្លាំងប៉ុស្តិ៍ចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបញ្ជូនមក អធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តចាត់ការតាមនីតិវិធី៕