ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថានីយបូមទឹកបឹងទំពុន និងមានសមត្ថភាពបូមទឹកបានក្នុងមួយនាទីចំនួន២១ម៉ែត្រគុប ក្រោយពេលជប៉ុនបំពាក់បន្ថែមម៉ាស៊ីនបូមទឹក ចំនួន២គ្រឿងទៀត

207
ភ្នំពេញ៖ ស្ថានីយបូមទឹកបឹងទំពុនដែលបានបំពាក់បំពង់បូមទឹកចំនួន៥គ្រឿងនិងមានសមត្ថភាពបូមទឹកបានក្នុងមួយវិនាទី១៥ម៉ែត្រគុប ស្ថានីយនេះនឹងបន្ថែមសមត្ថភាពបូមទឹកកើនឡើងរហូតដល់២១ម៉ែត្រគុបក្នុងមួយវិនាទី  ក្រោយពេល ដែលជប៉ុនបំពាក់បន្ថែមម៉ាស៊ីនបូមទឹកចំនួន២គ្រឿងទៀតនៅស្ថានីយនេះ។
  លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងនៅព្រឹកថ្ងៃទី០៩ កក្កដា ២០១៩នេះថា ស្ថានីយបូមទឹកបឹងទំពុនចាស់បានបំពាក់បំពង់បូមទឹកចំនួន៥គ្រឿងដែលមានសមត្ថភាព អាចបូមទឹកបានក្នុងមួយវិនាទីចំនួន១៥ម៉ែត្រគុប។ ដើម្បីបង្កើនការបូមរំដោះទឹកអោយកាន់ខ្លាំងក្លា បន្ថែមទៀត ជប៉ុនបានជួយបំពាក់បន្ថែមនូវម៉ាស៊ីនបូមទឹកចំនួន២គ្រឿងទៀតនៅស្ថានីយ៍បូមទឹកបឹងទំពន់នេះដែលមានមុខកាត់ទំហំ១ម៉ែត្រ ហើយមកដល់ពេលនេះ ការដ្ឋានខាងលើសម្រេចបាន ៩០ ភាគរយហើយ ពោលគឺនៅសល់តែការកាត់ឬខួង ផ្លូវដើម្បីដាក់ទុយោនៅផ្លូវ៣៧១តែប៉ុណ្ណោះ។
   លោកបានបញ្ជាក់ថា ការខួងផ្លូវដើម្បីដាក់ទុយោនេះ បើមានឧបសគ្គ យើងនិងប្ដូរមក ជាការកាត់ផ្លូវដាក់បំពង់ទុយោវិញ ហើយម៉ាស៊ីនថ្មី ២គ្រឿងនេះ មានសមត្ថភាពបូមទឹកបានក្នុងមួយវិនាទី៦ម៉ែត្រគុប ។ ការដ្ឋាននេះនឹងអាចដំណើរការបូមទឹកបាននៅក្នុងខែសីហាខាងមុខនេះ ។
លោកសាំ ពិសិដ្ឋក៏បានបញ្ជាក់ផងដែរថា ស្ថានីយបូមទឹកបឹងទំពុនអាចរំដោះទឹកបានមួយផ្នែកនៅផ្លូវស ឡា តំបន់ជុំវិញ ក្នុងខណ្ឌមានជ័យ ខណ្ឌទួលគោក ខណ្ឌចំការមន ផ្លូវ២០០៤និង មួយផ្នែកទៀតនៅតំបន់លូ៥ ខណ្ឌមានជ័យ។
   លោកសាំ ពិសិដ្ឋ បានបន្តអោយដឹងទៀតថា នៅភ្នំពេញយើង មានស្ថានីយបូមទឹកទាំង១៤កន្លែង ហើយអោយតែមានភ្លៀងធ្លាក់ខ្លាំងម្តងៗ ស្ថានីយបូមទឹកទាំង១៤កន្លែង បានបើកប្រតិបត្តិការព្រមៗគ្នាតែម្តង ដែលធ្វើអោយយើងអស់ក្តីបារម្ភ រឿងលិចរាជធានីភ្នំពេញយូរ ដូចឆ្នាំមុនៗទៀត។
   ប៉ុន្តែទោះបីជាយ៉ាងណាក្តីលោកសាំ ពិសិដ្ឋ បានសំណូមពរ និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញទាំងអស់ ត្រូវទុកដាក់សំរាមអោយបានត្រឹមត្រូវ ជៀសវាងអោយបាន ការបោះសំរាមចូលក្នុងអណ្តូងលូ ប្រឡាយ ដែលធ្វើអោយទឹកមិនអាចហូរបាន៕
អត្ថបទដែលជាប់ទាក់ទង