អាជ្ញាធរមីន និងសាកលវិទ្យាល័យUClan រួមគ្នាប្រើប្រាស់បច្ចេកវិទ្យា ដ្រូន និង រ៉ូបូត ស្វែងរកគ្រាប់មីន និងសំណល់ជាតិផ្ទុះ ពីសង្គ្រាម
ភ្នំពេញ ៖ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ នៅអាជ្ញាធរមីន មានរៀបចំពិធីចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា រវាងអាជ្ញាធរមីន និងសាកលវិទ្យាល័យ Central Landcashire of Proston (UClan) នៃចក្រភពអង់គ្លេស ក្រោមអធិបតីភាពលោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន។ អនុស្សរណៈត្រូវបានចុះហត្ថលេខាដោយ លោក ព្រំ សុភមង្គល អគ្គលេខាធិការអាជ្ញាធរមីន និង Prof. Dr. Darren Ansel, represents Dean Rob Wallace។
លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន បានមានប្រសាសន៍ថា អនុស្សរណៈនៃការយោគយល់គ្នា នាពេលនេះពិតជាមានសារសំខាន់ណាស់ សម្រាប់វិស័យសកម្មភាពមីន នៅកម្ពុជា ក្នុងការនាំមកនូវបច្ចេកវិទ្យាទំនើបពី សាកលវិទ្យាល័យ Central Landcashire of Proston (UClan) នៃចក្រភពអង់គ្លេស ដោយប្រើប្រាស់ដ្រូន (Drone) និង រ៉ូបូត (Robot) ដើម្បីស្វែងរកគ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម។
លោកទេសរដ្ឋមន្ត្រី បានបន្តបញ្ជាក់ថា បច្ចេកវិទ្យា Drone នឹងជួយពន្លឿនល្បឿន នៃការបោសសម្អាតមីន នៅកម្ពុជា និងកាត់បន្ថយនូវហានិភ័យ របស់អ្នកដោះមីន ក្នុងពេលប្រតិបត្តិការដោះមីន ស្របតាមផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងពិការភាពនៅកម្ពុជា៕