បុរសម្នាក់ជាជនជាតិវៀតណាម ឡើងគាស់ដំបូលផ្ទះគេលួចមាសបានជាង១០តម្លឹង ហើយ ២ម៉ោងក្រោយត្រូវសមត្ថកិច្ចវាយខ្នោះ
ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួន នៅថ្ងៃទី៩ ខែកក្កដាឆ្នាំ២០១៩ ក្រោយពីធ្វើសកម្មភាពឡើងគាស់ដំបូលផ្ទះគេចូលលួចមាសបានជាង១០តម្លឹង ហើយព្យាយាមគេចខ្លួនបានជាង២ម៉ោង ។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចអាវុធហត្ថចាប់ខ្លួននេះ ឈ្មោះច្រឹង យាំុងយ៉ាវ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅក្នុងភូមិឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចអាវុធហត្ថ ប្រចាំការនៅឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ បានអោយដឹងថា កាលពីម៉ោង៤ជិតភ្លឺថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ ជនសង្ស័យបានលបឡើងទៅលើផ្ទះបណ្តែតទឹករបស់ជនរងគ្រោះឈ្មោះចេង គឹមហ៊ុន អាយុ៣១ឆ្នាំ ប្រពន្ធឈ្មោះហុង សុហៀង អាយុ៣១ឆ្នាំ នៅក្នុងឃំុឆ្នុកទ្រូ ស្រុកបរិបូណ៌ ហើយធ្វើសកម្មភាពគាស់ដំបូលចូលយកមាសបានជាង១០តម្លឹង ហើយគេចខ្លួនបាត់។
ក្រោយពីមានករណីនេះកើតឡើងកម្លាំងអាវុធហត្ថប្រចាំការនៅទីនោះ បានធ្វើការស្រាវជ្រាវឈានទៅឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាងតែម្តង ។ នៅពេលនេះជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការហើយដើម្បីចាត់ការបន្តទៅតាមនិតិវិធី ៕