ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនជាតិចិន៣នាក់ នាំលុយ​៩០ម៉ឺន​ដុល្លារចូលកម្ពុជា ដោយខុសច្បាប់

47

ភ្នំពេញ៖ កម្លាំង​ការិយា​ល័យគយ​ប្រចាំ​ព្រលាន​យន្ដហោះ​អន្ដរជាតិភ្នំពេញ សហការ​ជាមួយ​កម្លាំង​នគរបាល​អន្ដោប្រវេសន៍ ប៉ុស្ដិ៍​ច្រកទ្វារ​អន្ដរជាតិ​ភ្នំពេញ បាន​ចាប់​ខ្លួន​ជនជាតិ​ចិន​៣នាក់ ក្រោយ​នាំលុយ​ចូលមក​ប្រទេស​កម្ពុជាចំនួន​៩០មុឺន​ដុល្លារ ដោយ​គ្មានប្រភព​ច្បាស់​លាស់ នៅល្ងាច​ថ្ងៃទី៩ ​ខែកក្កដា ​ឆ្នាំ២០១៩។

បើតាមមន្ដ្រីការិយាល័យគយព្រលានយន្នយន្ដហោះ​អន្ដរជាតិ​ភ្នំពេញ បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន​ក្នុងស្រុក ថា ជនជាតិចិនដែលសមត្ថកិច្ចចាប់ខ្លួននោះ រួមមាន ទី១៖ឈ្មោះ ​Huang Canming អាយុ​២៧ឆ្នាំ ​និង​ទី២៖​ឈ្មោះ Yang Yongwei អាយុ​២៦ឆ្នាំ។ ពួកគេទាំង២នាក់ បានធ្វើដំណើរចេញពីទីក្រុងហុងកុង ប្រទេស​ចិន មកប្រទេសកម្ពុជា តាមច្រកអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ តាម​ជើងយន្ដ​ហោះ​លេខ LQ971 និង​ទី៣៖​ឈ្មោះ Zizheng Zheng អាយុ៣២ឆ្នាំ ជាអ្នក​មក​ចាំទទួល​នៅ​ភ្នំពេញ។

ក្រោយ​ធ្វើការ​ត្រួតពិនិត្យ និង​បានរក​ឃើញ ក្រដាសប្រាក់ដែលជនសង្ស័យ ដាក់​ក្នុង​កាបូប​យួរដៃ​ចំនួន៣ ដែល​មានទឹក​ប្រាក់​សរុប ៩០០០០០ដុល្លារ ដោយ​អ្នកដំណើរ​មិន​បាន​ប្រកាស​ជូនដំណឹង​ដល់​មន្ដ្រីគយ​ និងរដ្ឋាករ លើ​លិខិតរាយការណ៍​គយ។ ការនាំ​ចូល​ក្រដាស​ប្រាក់​ទាំង​នេះមាន​ចំនួន​ច្រើន មិន​មាន​ប្រភព​ច្បាស់​លាស់ និងមិន​បង្ហាញ​ពីគោល​ដៅច្បាស់​លាស់​របស់​ប្រាក់ ​ទើប​ការិយាល័យ​ត្រួតពិនិត្យ​គយអាកាស​យានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ បាន​សម្រេច​ឃាត់​ខ្លួន​តែម្ដង៕

អត្ថបទដែលជាប់ទាក់ទង