យុវជន ៣នាក់ ដែលទៅគោរពវិញ្ញាណក្ខន្ធរបស់សពលោក កែម ឡី ត្រូវសមត្ថកិច្ចចាប់ខ្លួន
ភ្នំពេញ ៖ យុវជន ៣ នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួន ទៅខណ្ឌចំការមន ខណៈពួកគេប្រមូលផ្តុំនៅការាសសាំង Caltex ស្តុបបូកគោ ដើម្បើរៀបចំបុណ្យខួប ៣ ឆ្នាំនៃការបាញ់សម្លាប់លោក កែម ឡី ។
អង្គការខុមហ្វ្រែល បានលើកឡើងក្នុងហ្វេសប៊ុកថា ប្រជាពលរដ្ឋម្នាក់ដែលពាក់អាវមានរូបលោកបណ្ឌិត កែម ឡី ត្រូវកងកម្លាំងបញ្ជាឲ្យដោះចេញ ខណៈដែលប្រជាពលរដ្ឋមួយចំនួន មកជួបជុំនៅការាស់សាំងកាលតិច ដែលជាទីកន្លែងបាញ់សម្លាប់លោកបណ្ឌិតកែម ឡី កាលពី៣ឆ្នាំមុន។
ការជួបជុំរបស់មហាជនជាច្រើននាក់ មកគោរពវិញ្ញាណក្ខន្ធរបស់សពលោក កែម ឡី នៅការាស់សាំង កាល់តិច ស្តុបបូកគោ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩។ នាថ្ងៃទី១០កក្កដានេះ ជាខួប ៣ឆ្នាំ នៃមរណភាពសពលោកបណ្ឌិត កែម ឡី អ្នកវិភាគសង្គម នយោបាយ នៅកម្ពុជា ដែលត្រូវបានឃាតករ បាញ់សម្លាប់ នៅស្តាម៉ាត ការាស់សាំង កាល់តិច នៅស្តុបបូកគោ ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។
យុវជន ៣នាក់នោះ ត្រូវបានកម្លាំងអធិការនគរបាលខណ្ឌចំការមន ចាប់ខ្លួន កាលពីម៉ោង ៩:០៥នាទី ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ រួមមាន៖ ១ សួង នាគព័ន្ធ ២ ជុំ ហួត និង៣ ជុំហួរ។ យុវជនទាំង ៣នាក់ ត្រូវបាននាំយកទៅអធិការដ្ឋាននគរបាល
ខណ្ឌចំការមន ដើម្បីសួរនាំ។
កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ ប៉ូលិសក៏បានចាប់ខ្លួនយុវជន ៤នាក់ ( ស្រី២ ប្រុស២ ) ដឹកនាំដោយយុវជនឈ្មោះ គង់ រ៉ៃយ៉ា
ដែលបានប្រកាសលក់អាវយឺត ដែលមានរូបលោក កែម ឡី។
អាជ្ញាធរសមត្ថកិច្ច មិនអនុញ្ញាតឲ្យជួបជុំ គោរពវិញ្ញាណក្ខន្ធសពលោក កែម ឡី នៅការាស់សាំង កាល់តិច ស្តុបបូកគោ ក្នុងរាជធានីភ្នំពេញ ។
ឃាតកម្មបាញ់សម្លាប់លោក កែម ឡី ត្រូវបានតុលាការ បានសម្រេចផ្តន្ទាទោស បុរសឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ដោយដាក់ពន្ធនាគារមួយជីវិត។
បើតាមការបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងចំណោមយុវជន៤រូបនោះ មានប្រុស២នាក់ និងស្រី២នាក់ ដែលក្នុងនោះមានម្នាក់ ត្រូវបានគេស្គាល់ថា ជាអ្នកគាំទ្រអតីតគណបក្សប្រឆាំង ដែលធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនដាក់ពន្ធនាគារផងដែរ នោះគឺ យុវជន គង់ រ៉ៃយ៉ា៕