ប្រធាន IMF ប្រចាំកម្ពុជា បញ្ជាក់ថា បំពេញបេសកកម្មនៅកម្ពុជា ៤ឆ្នាំ មើលឃើញពីការរីកចម្រើន និងកំណើនសេដ្ឋកិច្ចកម្ពុជា យ៉ាងឆាប់រហ័ស
ភ្នំពេញ៖ ប្រធានស្ថានតំណាងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ប្រចាំកម្ពុជា បញ្ជាក់ថា បេសកកម្មនៅកម្ពុជាក្នុងរយៈពេលប្រមាណ 4 ឆ្នាំនេះ បានអង្កេតឃើញផ្ទាល់នូវវឌ្ឍនភាព ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងកំណើនសេដ្ឋកិច្ចដ៏រឹងមាំ របស់កម្ពុជា លោកស្រីសន្យានឹងជួយផ្សព្វផ្សាយ ពីស្ថានភាពអភិវឌ្ឍន៍ និងការរីកចម្រើនជាក់ស្ដែង នៅកម្ពុជានៅតាមវេទិកានានា ក្នុងពិភពលោក។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបសម្តែង ការគួរសមជាមួយលោកស្រី Yong Sarah Zhou ប្រធានស្ថានតំណាងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ប្រចាំកម្ពុជា ក្នុង ខណៈដែលលោកស្រីបានបញ្ចប់អាណត្តិបេសកកម្មរបស់លោកស្រីនៅកម្ពុជា, នាព្រឹកថ្ងៃទី ៩ ខែ កក្កដា ឆ្នាំ ២០១៩, នៅទីស្តី ការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោកឧបនាយករដ្ឋមន្ត្រី បានអរគុណនិងវាយតម្លៃខ្ពស់ ចំពោះមូលនិធិរូបិយវត្ថុអន្តរជាតិ បើជានិច្ចកាលតែងតែរួមចំណែក ក្នុងកិច្ចការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនៅកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងមូលនិធិរូបិយវត្ថុអន្តរជាតិ។ បន្ថែមលើកិច្ចសហប្រតិបត្តិការជិតស្និទ្ធ រូបលោកស្រីផ្ទាល់ ក៏ដូចជាមូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំកម្ពុជា បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការកសាងសមត្ថភាពមន្ត្រីជំនាញកម្ពុជា តាមរយៈការបណ្ដុះបណ្ដាល ការចែករំលែកបទពិសោធន៍ ជាក់ស្ដែងនិងការអភិវឌ្ឍជំនាញ ដល់មន្ត្រីកម្ពុជា ក៏ដូចជាការជ្រើសរើសមន្ត្រីសេដ្ឋកិច្ចវិទូកម្ពុជា ប្រចាំនៅការិយាល័យមូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំកម្ពុជា។ ជាមួយគ្នានេះលោកឧបនាយករដ្ឋមន្ត្រី ក៏បានស្នើឲ្យលោកស្រី ជួយផ្សព្វផ្សាយពីស្ថានភាពអភិវឌ្ឍន៍ ការរីកចម្រើនជាក់ស្ដែង និងការពិតនៅកម្ពុជា នាពេលបច្ចុប្បន្ន ជូនដល់ថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីនៅទីស្នាក់ការកណ្ដាល នៃមូលនិធិរូបិយវត្ថុអន្តរជាតិ ក៏ដូចជា តាមវេទិកានានា ដែលលោកស្រីអាចនឹងអញ្ជើញចូលរួម។
លោកស្រីប្រធានស្ថានតំណាងមូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំកម្ពុជា បានសាទរចំពោះសមិទ្ធផលដែលកម្ពុជា សម្រេចបានកន្លងមក ដែលលោកស្រីជាសាក្សីផ្ទាល់ ព្រមទាំងបានវាយតម្លៃ ចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធ រវាង IMF ជាមួយរាជរដ្ឋាភិបាលកម្ពុជា។ លោកស្រីបាន បញ្ជាក់ថាលោកស្រីមានការពេញចិត្តយ៉ាងខ្លាំង ចំពោះបេសកកម្ម នៅកម្ពុជា ក្នុងរយៈពេលប្រមាណ 4 ឆ្នាំនេះ បើជាឱកាសដ៏ពិសេស ក្នុងការអង្កេតឃើញផ្ទាល់នូវវឌ្ឍនភាព ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងកំណើនសេដ្ឋកិច្ច ដ៏រឹងមាំរបស់កម្ពុជា លោកស្រីសន្យានឹងជួយផ្សព្វផ្សាយ ពីស្ថានភាពអភិវឌ្ឍន៍ និងការរីកចម្រើនជាក់ស្ដែងនៅកម្ពុជា នៅតាមវេទិកានានាដែល លោកស្រីនឹងចូលរួម៕