ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរ​ឃាត់ខ្លួន​មនុស្ស៧នាក់​ ពាក់ព័ន្ធនឹង​ការរំលឹក​ខួប៣ឆ្នាំ​នៃឃាតកម្ម​លើលោកបណ្ឌិត​ កែម ឡី

66

អង្គការលីដាដូ បានថ្លែងថា អាជ្ញាធរ​បានឃាត់ខ្លួន​មនុស្សចំនួន៧នាក់​នៅថ្ងៃទី០៩​ និងថ្ងៃទី១០​ ខែកក្កដា ឆ្នាំ២០១៩​នេះ ពាក់ព័ន្ធនឹង​ការសម្ដែងក្ដីរំលែកទុក្ខ​ និងការគាំទ្រ​ចំពោះ​អ្នកវិភាគនយោបាយ​ ដែលត្រូវបាន​ឃាតករ​បាញ់សម្លាប់​ គឺលោក​បណ្ឌិត កែម ឡី​ ខណៈដែល​ប្រជាពលរដ្ឋ​រំលឹកខួប៣ឆ្នាំ​នៃឃាតកម្ម​លើ​លោកបណ្ឌិត​ នៅទីតាំង​នៃអំពើឃាតកម្ម​ក្នុងរាជធានី​ភ្នំពេញ ​ត្រូវបាន​ហ៊ុមព័ទ្ធ​ដោយកងកម្លាំងចម្រុះ​ជាច្រើន។ ​

នាព្រឹកនេះ​ សកម្មជន៣នាក់​ ត្រូវបានឃាត់ខ្លួន​នៅខាងក្រៅ​ស្ថានីយ​ប្រេងឥន្ធនៈ​កាល់តិច​ស្ដុបបូកគោ​ក្នុង​រាជធានីភ្នំពេញ​ បន្ទាប់ពី​អ្នកទាំង៣​បានចូលរួម​ជាមួយយុវជន​ មេដឹកនាំ​សហជីព​ និងសមាជិក​សង្គមស៊ីវិល​ដទៃទៀត​ ដើម្បី​ធ្វើពិធីរំលឹក​ខួបនេះ។​ ស្ថានីយ​ប្រេងឥន្ធនៈនេះ​ ជាទីតាំង​ដែលលោក​បណ្ឌិត កែម ឡី​ ត្រូវបាន​ឃាតករបាញ់​សម្លាប់​ កាលពីថ្ងៃទី១០​ ខែកក្កដា ​ឆ្នាំ២០១៦។​ យុរជន​ដែលត្រូវបាន​ឃាត់ខ្លួន​ទាំង៣នាក់​ក្នុងនោះ​ក៏មាន​ សកម្មជន​ការពារបរិស្ថាន ​លោក ជុំ ហួត​ និងលោក ជុំ ហួរ​ ផងដែរ។​

កាលពីម្សិលមិញ​ អតីត​និស្សិត​ជា​សកម្មជន​ លោក គង់ រ៉ៃយ៉ា​ និង​សមាជិក​​ក្រុមគ្រួសា​រ​របស់លោក ​៣នាក់ទៀត​ ត្រូវបាន​នគ​របាល​​ចាប់ខ្លួន​ ដោយចោទប្រកាន់​ពី​បទញុះញ​ង់​ឱ្យប​ង្ក​ចលា​ចល​ក្នុង​សង្គម។​ ខណៈដែល​សមាជិគ្រួសារ៣​នាក់​កំ​ពុងស្ថិតនៅ​ក្នុង​ការឃាត់​ខ្លួន​នៅស្នងការដ្ឋាន​នគរបា​ល​រា​ជធានីភ្នំ​ពេញ​នៅ​ឡើយ ​លោក គង់ រ៉ៃយ៉ា​ ត្រូវបាន​បញ្ជូនខ្លួ​នទៅ​សា​លាដំបូង​រាជ​ធានីភ្នំពេ​ញ​ ដើម្បីសាកសួរ។ លោ​កត្រូវ​បាន​ចា​ប់ខ្លួន​ម្ដងហើយ​កាលពី​ខែសីហា​​ ឆ្នាំ២០១៥​ និង​ត្រូវបាន​ផ្ដ​ន្ទាទោស​​ដាក់ពន្ធ​នាគារ​​ពី “បទញុះញង់​ឱ្យ​ប្រព្រឹត្ត​​បទឧក្រិដ្ឋជា​អាទិ៍”​ ពាក់​ព័ន្ធ​នឹ​ងការ​បង្ហោះសារ​​លើហ្វេសប៊ុ​ក​ ដែលបាន​​អំពាវនា​វ​ឱ្យធ្វើ ​“បដិវ​ត្តន៍ព​ណ៌”​ ជាពាក្យ​ដែល​អាជ្ញាធរ​​តែង​តែ​ប្រើដើម្បី​ចាត់ទុក​​ចលនា​សន្ដិវិធី​​ថាជា សកម្មភាព​​បះបោរ​​ដោយហិង្សា​។

កាល​ពីថ្ងៃទី១០​ ខែកក្កដា​ ឆ្នាំ២០១៦​ លោកបណ្ឌិត កែម ឡី​ អ្នកវិ​ភាគនយោ​បាយ​​និងជាសក​ម្មជន ​ដែល​គួរឱ្យគោ​រពម្នាក់​​ ត្រូ​វបាន​ឃាតករ​​បាញ់សម្លា​ប់​ទាំងក​ណ្ដាលថ្ងៃ​​ ខណៈ​ពេល​លោ​កកំពុង​​ពិសាកា​ហ្វេ​ពេល​ព្រឹក​​នៅស្ថានី​យ​ប្រេ​ងឥន្ធនៈ​​ស្ដុប​បូកគោ។​ អាជ្ញាធរ​​បានចាប់​ខ្លួន​​អតីតទាហាន​ម្នា​ក់ឈ្មោះ ​​អឿត អាង​ ដែលក្រោយ​មក​​ត្រូវបាន​​ផ្ដន្ទាទោស​ដាក់ព​ន្ធនាគា​រ​អស់​មួយជី​វិត​ នៅខែមីនា​ ឆ្នាំ២០​១៧​ បន្ទាប់ពី​​ការស៊ើ​បអង្កេ​ត​ និងស​វនាកា​រ​ ដែលត្រូវបាន​​រិះគន់​យ៉ាងខ្លាំង​​ពីសំ​ណាក់​អ្នកឃ្លាំមើល​ជាតិ​ និងអន្តរជាតិ​ ថានៅមិនទាន់​​ស​មស្រប​ និងមិនទា​ន់​គ្រប់​គ្រាន់។​ ដោយសារ​​បារម្ភ​​ពីសុ​វត្ថិភាព​​គ្រួសារ​ ភរិយា​លោក​បណ្ឌិត​​ កែម ឡី​ អ្នកស្រី​ ប៊ូ រចនា ​បានទទួល​សិទ្ធិជ្រកកោន​​ទៅរស់​នៅ​ប្រទេ​ស​អូ​ស្ត្រាលី ​ជាមួយ​កូន​ប្រុស​ទាំ​ងប្រាំនាក់​៕

អត្ថបទដែលជាប់ទាក់ទង