ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាស៊ានបានអនុម័តផែនការបង្កើតការងារ និងជំនាញដល់យុវជនក្នុងតំបន់របស់ខ្លួន

41

(សៀមរាប)៖ គណៈកម្មការត្រួតពិនិត្យអ្នកជំនាញទេសចរណ៍អាស៊ាន (ATPMC) បានឯកភាពធ្វើវិសោធនកម្មលើមាត្រាមួយចំនួន ដើម្បីផ្ដល់ការបណ្តុះបណ្តាល និងទទួលស្គាល់អ្នកជំនាញក្នុងផ្នែកផ្សេងៗទៀត ក្រៅពីផ្នែកសណ្ឋាគារ និងធ្វើដំណើរក្នុងក្របខណ្ឌកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក លើអ្នកជំនាញទេសចរណ៍អាស៊ាន (MRA)។

ការឯកភាពគ្នានេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលគណៈកម្មការត្រួតពិនិត្យអ្នកជំនាញទេសចរណ៍អាស៊ាន (ATPMC) ជួបប្រជុំពិសេសនៅខេត្តសៀមរាប នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩។

កន្លងមក ប្រទេសសមាជិកអាស៊ានបានខិតខំបណ្តុះបណ្តាលយុវជនតាមស្តង់ដារួមអាស៊ាន លើមុខជំនាញចំនួន ៣២ នៃសេវាកម្មសណ្ឋាគារ និងធ្វើដំណើរ ដោយអាស៊ានបានបណ្តុះបណ្តាលគ្រូ និងអ្នកវាយតម្លៃបង្គោលអាស៊ាន ដាក់ចុះអនុវត្តកម្មវិធីសិក្សារួមអាស៊ានជាដើម។

កម្ពុជាដែលត្រូវបានទទួលស្គាល់ដោយអាស៊ានថា មានភាពនាំមុខគេក្នុងការអនុវត្តស្តង់ដាបណ្តុះបណ្តាលខាងលើនោះ បានបណ្តុះបណ្តាលគ្រូបង្គោលជាង ៦០០នាក់ មានសិស្សនិស្សិតឆ្លងកាត់ការបណ្តុះបណ្តាលតាមកម្មវិធីអាស៊ានពេញលេញប្រមាណ ៤,០០០នាក់ ហើយសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ភាគច្រើនបានអនុវត្តកម្មវិធីអាស៊ាននេះ។

កិច្ចប្រជុំពិសេសនៅខេត្តសៀមរាប នាពេលនេះ បានពិភាក្សាឯកភាពបន្ថែមលើជំនាញម៉ាស្សា និងជំនាញផ្នែករៀបចំព្រឹត្តិការណ៍ (MICE) ទៅក្នុងកិច្ចព្រមព្រៀង MRA នេះនៅពេលអនាគត ហើយកម្ពុជាទទួលបន្ទុករៀបចំស្តង់ដាបណ្តុះបណ្តាលម៉ាស្សា។

សូមរំលឹកថា កិច្ចព្រមព្រៀង MRA មានគោលបំណងសម្រួលបម្លាស់ទីការងារនៃអ្នកជំនាញអាស៊ាន (បច្ចុប្បន្នមាន ៣២ជំនាញ) នៅក្នុងបណ្តាប្រទេសអាស៊ាន តាមច្បាប់នៃប្រទេសសមាជិកនីមួយៗ និងស្របតាមយន្តការអាស៊ាន។ យុវជនដែលអាចមានឱកាសបម្លាស់ទី លុះត្រាតែឆ្លងកាត់ការបណ្តុះបណ្តាលតាមស្តង់ដាកម្មវិធីអាស៊ាន ឬមានការទទួលស្គាល់ដោយអាស៊ាន៕

អត្ថបទដែលជាប់ទាក់ទង