សមត្ថកិច្ចនគរបាលបញ្ជូន គង់ រ៉ៃយ៉ា ទៅតុលាការ
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ សមត្ថកិច្ចបានបន្ត នាំខ្លួនលោក គង់ រៃយ៉ា មកនៅសាលាដំបូងរាជធានីភ្នំពេញ សាជាថ្មីម្តងទៀត ដើម្បីឲ្យតំណាងអយ្យការ សាកសួរបន្ថែមទៀត ក្រោមការចោទប្រកាន់ពាក់ព័ន្ធនឹង ករណីញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ។
កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនយុវជន គង់ រ៉ៃយ៉ា ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ម្សិលមិញនេះ ក្រោមការចោទប្រកាន់ពាក់ព័ន្ធនឹង ករណីញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ខណៈដែលយុវជន ៣រូបទៀត ដែលត្រូវបានឃាត់ខ្លួនដំណាលគ្នានោះ ត្រូវបានដោះលែងវិញហើយ។
ជនសង្ស័យឈ្មោះ គង់ រ៉ៃយ៉ា និងបក្ខពួក៣នាក់ទៀត ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌឃាត់ខ្លួន កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ បន្ទាប់ពួកគេបានបោះពុម្ពទ្រឹស្ដីរបស់ លោកបណ្ឌិត កែម ឡី នៅលើអាវយឺតពណ៌ខ្មៅ និងស ដែលសមត្ថកិច្ចសង្ស័យថា មានខ្លឹមសារញុះញង់ ឲ្យមានកំហឹងឈឺចាប់ ដើម្បីបំផុសបំផុល ដោយភ្ជាប់នឹងថ្ងៃមរណភាព លោកបណ្ឌិត កែម ឡី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ ការបោះពុម្ពទ្រឹស្ដីរបស់ លោកបណ្ឌិត កែម ឡី នៅលើអាវយឺតពណ៌ខ្មៅ និងស មានខ្លឹមសារថា” បើអ្នកមិនធ្វើអ្វីសោះ ក៏គង់នឹងរងគ្រោះដែរ គ្រាន់តែមិនទាន់ដល់វេនអ្នកប៉ុណ្ណោះ”។
ក្រោយឃាត់ខ្លួនយកទៅសាកសួរ សមត្ថកិច្ច បានសម្រេចឲ្យមនុស្ស៣នាក់ទៅផ្ទះវិញ ដោយទុកតែជនសង្ស័យឈ្មោះ គង់ រ៉ៃយ៉ា ម្នាក់ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការ៕