នាយកអង្គការជីវិតសត្វស្លាបអន្ដរជាតិប្រចាំកម្ពុជា អំពាវនាវឲ្យពលរដ្ឋខ្មែរចូលរួមការពារព្រៃឈើ និងសំបុកសត្វត្រយង
ភ្នំពេញ៖ នាយកអង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំកម្ពុជា បានអំពាវនាវ ដល់ពលរដ្ឋខ្មែរឱ្យចូលរួមការពារព្រៃឈើ និងការពារសំបុកសត្វត្រយង ខណៈពូជសត្វនេះ កំពុងជិតផុតពូជអស់ហើយនៅពិភពលោក ហើយបច្ចុប្បន្នមានតែប្រទេសចំនួនបី រួមមាន កម្ពុជា ឡាវ និងឥណ្ឌូនេស៊ី ក្នុងនោះកម្ពុជាមានវត្តមានសត្វត្រយងច្រើនជាងគេ ។
នាយកអង្គការជីវិតសត្វស្លាបអន្តរជាតិ Bird life លោកប៊ូ វិរៈសក្ស បបានបញ្ជាកឲ្យដឹងនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ នេះថា៖ នៅក្នុងឆ្នាំ២០១៩នេះ អង្គការ រក្សាសត្វស្លាបអន្ដរជាតិរំពឹងថា ចំនួនវត្តមានសត្វត្រយង នៅកម្ពុជានឹងបន្តកើនឡើងថែមទៀត ខណៈចាប់ពីខែកក្កដា នេះ រហូតដល់ខែតុលា ឆ្នាំ២០១៩ ក្រុមការងារអង្គការជីវិតសត្វស្លាបអន្តរជាតិ នឹងចុះធ្វើជំរឿនរាប់ចំនួនសត្វត្រយងចង្កំ-ក-ស ដើម្បីតាមដានអំពីទំនោរ នៃប្រជាសាសន៍សរុបរបស់សត្វត្រយង។ លោកបានបញ្ជាក់ថា៖ អស់រយៈពេលជាង៥ឆ្នាំមកហើយ ដែលអង្គការបានចុះធ្វើជំរឿនសត្វត្រយងនៅកម្ពុជា។ តាមការធ្វើជំរឿននៅក្នុងឆ្នាំ២០១៨ ចុងក្រោយនេះ អង្គការបានរកឃើញថា នៅលើពិភពលោក មានសត្វត្រយងចង្កំ-ក-ស មានប្រ មាណជិត១០០០ក្បាល ក្នុងនោះកម្ពុជា មានសត្វត្រយងចង្កំ-ក-ស ជាង៥៤០ក្បាល ដែលដែលស្នើជាង៨០ភាគរយ នៃសត្វត្រយង នៅលើភពផែនដីយើងនេះ ។ កម្ពុជាមានពូជសត្វត្រយងនេះ ចំនួនពីរប្រភេទរួមមាន ៖ ពូជសត្វត្រយងចង្កំ-ក-ស និងពូជសត្វត្រយងយក្ស ដែលជាពូជសត្វតំណាងអត្តសញ្ញាណព្រលឹងជាតិខ្មែរ ហើយបច្ចុប្បន្នពូជសត្វទាំងនេះ បាន និងកំពុងរងការបាត់បង់បន្តិចម្តងៗ ដោយសារការបរបាញ់ខុសច្បាប់ ការបំផ្លាញសំបុក និងការថមថយ ព្រៃឈើនៅក្នុងតំបន់ដែលសត្វត្រយងរស់នៅ។ក្នុងរដូវវស្សាចាប់ពីខែកក្កដា ដល់ខែ តុលា សត្វត្រយងចង្កំ-ក-ស ចូលចិត្តហើរលក្ខណៈប្រមូលផ្តុំគ្នាជាក្រុមធំ,រស់នៅក្នុងសំបុកតំបន់ព្រៃឈើ នៅក្នុងខេត្តចំនួន៥ រួមមាន៖ ១.នៅស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង,២.ស្រុកលំផាត់ ខេត្តរតនគីរី, ៣.តាមដងទន្លេមេគង្គក្នុងខេត្តក្រចេះ,៤.តំបន់គូលេនព្រហ្មទេព ខេត្តព្រះវិហារ និងទី៥.នៅតំបន់ស្រែពក ខេត្តមណ្ឌលគីរី ៕