គណៈរដ្ឋមន្រ្តីអនុម័តទាំងស្រុង លើសេចក្ដីព្រាងច្បាប់ស្ដីពី “ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច”
ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុម័តទាំងស្រុងដោយគ្មានការកែប្រែលើសេចក្ដីព្រាងច្បាប់ស្ដីពី “ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច”។
បើតាមលោកផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១២ខែកក្កដា ឆ្នាំ២០១៩នេះ បានបន្តចាប់ផ្ដើមពិភាក្សាលើ សេចក្ដីព្រាងច្បាប់ស្ដី “ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច” ដែលមានខ្លឹមសារសង្ខេបដូចខាងក្រោម៖
សេចក្ដីព្រាងច្បាប់នេះ ត្រូវបានរៀបចំតាក់តែងឡើងដំបូងដោយក្រុមការងាររបស់ក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមអ្នកជំនាញនៃក្រសួង-ស្ថាប័នពាក់ព័ន្ធ និងមានការជួយឧបត្ថម្ភពីអ្នកជំនាញការរបស់ធនាគារពិភពលោក(World Bank) ក្នុងឆ្នាំ២០១២ និងពីជំនាញការជាតិ ក្នុងឆ្នាំ២០១៤ ផងដែរ។ ដោយសេចក្ដីព្រាងច្បាប់នេះ មានលក្ខណៈបច្ចេកទេសខ្ពស់ និងមានតម្រូវការចាំបាច់ត្រូវពិនិត្យផ្ទៀងផ្ទាត់ជាមួយច្បាប់គំរូជាច្រើនរបស់អង្គការសហប្រជាជាតិ កិច្ចព្រមព្រៀង និងត្រូវធានាសង្គតិភាពជាមួយសន្ធិសញ្ញាអន្តរជាតិផងដែរនោះ ទើបនៅឆ្នាំ២០១៦កន្លងទៅ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្ដល់ជំនួយបច្ចេកទេស និងជំនាញការឱ្យជួយផ្ដល់យោបល់ លើសេចក្ដីព្រាងច្បាប់នេះជាបន្តបន្ទាប់។ សេចក្ដីព្រាងច្បាប់នេះត្រូវបានបញ្ជូនមកទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧កន្លងទៅ ហើយទទួលបានការជួយពិនិត្យ និងកែសម្រួលពីក្រុមប្រឹក្សាអ្នកច្បាប់ ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្នុងអង្គប្រជុំកម្រិតបច្ចេកទេសជាច្រើនលើក និងបានទទួលការយល់ព្រមទាំងស្រុង កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩។ បន្ទាប់មក សេចក្ដីព្រាងច្បាប់នេះបានដាក់ឆ្លងអង្គប្រជុំអន្តរក្រសួង កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ និងទទួលការយល់ព្រម កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ លើកលែងតែជំពូកស្ដីពីទោសប្បញ្ញត្តិ ដែលត្រូវពិនិត្យ និងកែសម្រួលពីក្រសួងយុត្តិធម៌។ ក្រុមការងារអន្តរក្រសួង-ស្ថាប័ន និងក្រុមជំនាញតាក់តែងទោសប្បញ្ញត្តិ នៃក្រសួងយុត្តិធម៌បានប្រជុំចង្អៀតចំនួន០២(ពីរ)លើកក្រោមការដឹកនាំសម្របសម្រួលរបស់លោក តឹករ៉េន សំរេច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី០៥ និងទី១៧ ខែមិថុនា ឆ្នាំ២០១៩ ដោយបានដោះស្រាយបញ្ហានៅសេសសល់ទាក់ទងនឹងទោសប្បញ្ញត្តិ និងពិនិត្យលើធាតុចូលបន្ថែមមួយចំនួនរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងបំពេញបន្ថែមនូវចំណុចខ្វះខាតនានា ដើម្បីធានាឱ្យមានសង្គតិភាព ជាមួយនឹងច្បាប់ជាធរមានដទៃទៀតនៃព្រះរាជាណាចក្រកម្ពុជា។
I. សារប្រយោជន៍នៃសេចក្ដីព្រាងច្បាប់ស្ដីពី “ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក”
1. សម្រួល និងជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ទាំងក្នុងប្រទេស និងអន្តរជាតិតាមរយៈ
-ការបង្កើតភាពប្រាកដប្រជា ផ្នែកគតិយុត្ត និងការទទួលស្គាល់យថាភូតភាព សុក្រឹតភាព និងភាពអាចជឿទុកចិត្តបាន នៃទម្រង់អេឡិចត្រូនិក និងទំនាក់ទំនងអេឡិចត្រូនិកសម្រាប់ការធ្វើពាណិជ្ជកម្មកម្ពុជា និងជាមួយអន្តរជាតិ
– ការលុបបំបាត់របាំង និងលក្ខខណ្ឌតម្រូវមិនចាំបាច់ទាំងឡាយ ដែលជាឧបសគ្គដល់ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក
– ការបង្កើនទំនុកចិត្តដល់អន្តរការី បុគ្គលផ្ដល់សេវា ពាណិជ្ជករ និងអ្នកប្រើប្រាស់ ក្នុងការធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកប្រកបដោយសុវត្ថិភាព និងអាចជឿទុកចិត្តបាន។
2. បង្កើនប្រសិទ្ធភាពក្នុងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ពីសំណាក់ក្រសួង-ស្ថាប័នរដ្ឋតាមប្រព័ន្ធអេឡិចត្រូនិក និងសម្រួលដល់ប្រជាពលរដ្ឋក្នុងការចុះបញ្ជី ការបង្កើត ឬការរក្សាទុកក្នុងទម្រង់អេឡិចត្រូនិកជាមួយក្រសួង ស្ថាប័នរដ្ឋ តាមរយៈការទទួលស្គាល់សកម្មភាព និងប្រអេឡិចត្រូនិក។
3. លើកកម្ពស់ទំនុកចិត្តដល់សាធារណជនក្នុងការប្រើប្រាស់ទំនាក់ទំនងអេឡិចត្រូនិកក្នុងសកម្មភាព និងប្រតិបត្តិការនានា តាមរយៈការទទួលស្គាល់សុពលភាព អានុភាពគតិយុត្ត និងភាពអាចអនុវត្តបាននៃទម្រង់អេឡិចត្រូនិក កំណត់ត្រាអេឡិចត្រូនិក ភស្តុតាងអេឡិចត្រូនិក ហត្ថលេខាអេឡិចត្រូនិក និងធានាដល់ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកបានឆាប់រហ័ស និងមានសុវត្ថិភាព។
4. លើកកម្ពស់កិច្ចការពារអ្នកប្រើប្រាស់នៅក្នុងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក តាមរយៈការការពារព័ត៌មានឯកជនដល់អ្នកប្រើប្រាស់ និងការទទួលបានព័ត៌មានច្បាស់លាស់ និងគ្រប់គ្រាន់អំពីទំនិញ ឬសេវាដាក់លក់តាមប្រព័ន្ធអេឡិចត្រូនិក។
5. រារាំងការប្រព្រឹត្តអំពើទាំងឡាយ ដែលបង្កឱ្យមានការប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ប្រកបដោយសុវត្ថិភាព និងទំនុកចិត្ត។
II. លក្ខណៈពិសេសរបស់សេចក្ដីព្រាងច្បាប់ស្ដីពី “ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក”
លក្ខណៈពិសេសរួមរបស់សេចក្ដីព្រាងច្បាប់ស្ដីពី “ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក” គឺការគោរពបាននូវគោលការណ៍សកល ០២(ពីរ) ដែលត្រូវបានកំណត់នៅក្នុងច្បាប់គំរូ UNCITRAL MODEL LAW on ELECTRONIC COMMERCE (1996) ដែលគោលការណ៍នោះរួមមាន៖
– គោលការណ៍សមមូលនៃមុខងារ “ Principle of the Functional Equivalent” រវាងឯកសា កំណត់ត្រា ឬលិខិតស្នាមក្នុងទម្រង់អេឡិចត្រូនិក
-គោលការណ៍អព្យាក្រឹតភាពបច្ចេកវិទ្យា “ Principle of the Technological Neutrality” ដែលតម្រូវឱ្យប្រើប្រាស់បច្ចេកស័ព្ទ ដែលមានលក្ខណៈទូទៅ ទូលាយ និងនៅតែមានសុពលភាព បើទោះបីជាបច្ចេកវិទ្យារីកចម្រើននាពេលបច្ចុប្បន្ន និងអនាគតក៏ដោយ ក៏នៅតែមានមូលដ្ឋានគ្រឹះរឹងមាំ។ សេចក្ដីព្រាងច្បាប់នេះ មិនត្រឹមតែមានមូលដ្ឋានពីច្បាប់គំរូរបស់ UNCITRAL (1996) ប៉ុណ្ណោះទេ ប៉ុន្តែក៏បានដកស្រង់ការអនុវត្តល្អៗជា សកលរបស់ច្បាប់នៃប្រទេសជាសមាជិកអាស៊ានមួយចំនួនទៀត ជាពិសេសបទប្បញ្ញត្តិមួយចំនួនទាក់ទិននឹងការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក សកម្មភាព និងប្រតិបត្តិការរបស់រដ្ឋតាមប្រព័ន្ធអេឡិចត្រូនិក និងកិច្ចការពារអ្នកប្រើប្រាស់នៅក្នុងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក…ជាដើម។
ច្បាប់ស្ដីពី “ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក” នឹងផ្ដល់វិធានជាមូលដ្ឋានដ៏សំខាន់ក្នុងការជំរុញពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្នុង និងក្រៅប្រទេសប្រកបដោយទំនុកចិត្ត តាមរយៈការទទួលស្គាល់សុពលភាព អនុភាព ភាពអាចអនុវត្តបាន និងភាពអាចទទួលយកបាននៃទំនាក់ទំនងអេឡិចត្រូនិក កំណត់ត្រាអេឡិចត្រូនិក និងកិច្ចសន្យាតាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំងមានការទទួលស្គាល់យថាភូតភាពនៃកំណត់ត្រាអេឡិចត្រូនិក និងហត្ថលេខាអេឡិចត្រូនិក ដែលកំណត់ដោយបច្ចេកវិទ្យា និងគ្រប់គ្រងដោយស្ថាប័នរដ្ឋរបស់យើង។ ច្បាប់នេះនឹងរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា ដោយហេតុថាក្របខណ្ឌច្បាប់ និងបទដ្ឋាន គតិយុត្តនានា ដែលគាំទ្រដល់សកម្មភាព និងប្រតិបត្តិការតាមប្រព័ន្ធអេឡិចត្រូនិក និងឌីជីថល ចាំបាច់ត្រូវរៀបចំ និងធ្វើបច្ចុប្បន្នភាព ដើម្បីអាចបង្កើតសេដ្ឋកិច្ចឌីជីថលរឹងមាំមួយ ព្រមទាំងត្រៀមទទួលយកនូវការឈានមកដល់នៃបដិវត្តន៍ឧស្សាហកម្មទី៤។ ជាងនេះទៅទៀត ច្បាប់នេះនឹងផ្ដល់លទ្ធភាពឱ្យសហគ្រាសធុនតូច និងមធ្យម(SMEs) នៅកម្ពុជាអាចភ្ជាប់ខ្លួនទៅនឹងខ្សែសង្វាក់ផលិតកម្ម និងទីផ្សារក្នុងស្រុក និងអន្តរជាតិ ក៏ដូចជាជំរុញឱ្យមានច្នៃប្រឌិត និងការបង្កើតទំនិញ និងសេវាថ្មីៗបន្ថែមទៀតផងដែរ។
III. ខ្លឹមសារសង្ខេបនៃសេចក្ដីព្រាងច្បាប់ស្ដីពី “ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក”
ជាការសន្និដ្ឋានរួម ទោះបីកម្ពុជានៅបន្តកសាងច្បាប់គាំទ្រជាច្រើនទៀត ដូចជាច្បាប់ស្ដីពីសន្តិសុខបច្ចេកវិទ្យា ច្បាប់សម្រាប់ការការពារទិន្នន័យ និងការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា និងច្បាប់គាំទ្រមួយចំនួនទៀតក៏ដោយ តែខ្ញុំបាទមានសង្ឃឹមយ៉ាងមុតមាំថា ច្បាប់ស្ដីពី “ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក” នេះនឹងជួយឱ្យកម្ពុជាត្រៀមលក្ខណៈ និងបោះជំហានថ្មីមួយទៀតក្នុងការទទួលយកបដិវត្តន៍ឧស្សាហកម្មទី៤ និងឈានទៅរកការកសាងសេដ្ឋកិច្ចឌីជីថលរឹងមាំមួយ ដោយឈានចេញពីការគ្រប់គ្រងសកម្មភាព និងសហប្រតិបត្តិការតាមប្រព័ន្ធអេឡិចត្រូនិក និងឌីជីថល តាមសម័យថ្មី នៃសករាជបច្ចេកវិទ្យាព័ត៌មាន។
បទប្បញ្ញត្តិទូទៅ គោលបំណង ច្បាប់នេះមានគោលបំណង៖
១. គ្រប់គ្រងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងព្រះរាជាណាចក្រកម្ពុជា និងជាមួយអន្តរជាតិ
២. បង្កើតភាពប្រាកដប្រជាផ្នែកគតិយុត្តក្នុងប្រតិបត្តិការពាណិជ្ជកម្ម និងរដ្ឋប្បវេណីតាមប្រព័ន្ធអេឡិចត្រូនិក
៣. ផ្ដល់ទំនុកចិត្តដល់សាធារណជនក្នុងការប្រើប្រាស់ទំនាក់ទំនងអេឡិចត្រូនិក។
គោលដៅ ច្បាប់នេះមានគោលដៅដូចខាងក្រោម៖
១. កំណត់អំពីយថាភូតភាព សុក្រឹតភាព និងភាពអាចជឿទុកចិត្តបាននៃទម្រង់អេឡិចត្រូនិក។
២.ជំរុញការអភិវឌ្ឍក្របខ័ណ្ឌគតិយុត្ត និងធុរកិច្ច ដើម្បីអនុវត្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងប្រកប ដោយសុវត្ថិភាព
៣. បង្ការ និងបង្ក្រាបអំពើដែលបង្កការខូចខាតដល់ទិន្នន័យ និងប្រព័ន្ធព័ត៌មាន។
៤. លុបបំបាត់ឧបសគ្គទាំងឡាយដែលរាំងស្ទះដល់ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ហើយដែលកើតចេញពីភាពមិនប្រាកដប្រជា នៃលក្ខខណ្ឌតម្រូវចំពោះលិខិតជាលាយលក្ខណ៍អក្សរ និងហត្ថលេខា។
៥. សម្រួលដល់ការតម្កល់ឯកសារតាមប្រព័ន្ធអេឡិចត្រូនិកជាមួយស្ថាប័នសាធារណៈ និងលើកកម្ពស់ការផ្ដល់ សេវាកម្មប្រកបដោយប្រសិទ្ធភាពរបស់ស្ថាប័នសាធារណៈតាមរយៈការប្រើប្រាស់កំណត់ត្រាតាមប្រព័ន្ធអេឡិចត្រូនិកដែលអាចជឿទុកចិត្តបាន។
៦. បង្កើតវិធាន បទប្បញ្ញត្តិ និងស្តង់ដា ដែលទាក់ទងនឹងយថាភូតភាព និងសុក្រឹតភាពរបស់កំណត់ត្រាតាមប្រព័ន្ធអេឡិចត្រូនិក។
វិសាលភាព ច្បាប់នេះត្រូវអនុវត្តលើសកម្មភាព ឯកសារ និងប្រតិបត្តិការពាណិជ្ជកម្ម និងរដ្ឋប្បវេណីទាំងអស់ដែលធ្វើឡើងតាមប្រព័ន្ធអេឡិចត្រូនិក លើកលែងតែសកម្មភាព ឯកសារ និងប្រតិបត្តិការទាក់ទងនឹង៖
១. កាបង្កើត ឬការអនុវត្តលិខិតប្រគល់សិទ្ធិ
២. ការបង្កើត ឬការចុះហត្ថលេខាលើមតកសាសន៍ ឬបញ្ហាផ្សេងៗទៀត ទាក់ទិននឹងសន្តតិកម្ម។
៣. រាល់កិច្ចសន្យាសម្រាប់ការលក់ ការផ្ទេរ ឬការបោះបង់សិទ្ធលើអចលនទ្រព្យ ឬផលប្រយោជន៍ផ្សេងៗទៀតនៅក្នុងទ្រព្យនោះ។
៤. ការផ្ទេរអចលនវត្ថុ ឬផលប្រយោជន៍ណាមួយដែលពាក់ព័ន្ធនឹងអចលនវត្ថុនោះ។
៥. ករណីលើកលែងផ្សេងទៀតដែលត្រូវកំណត់ដោយអនុក្រឹត្យ៕