ក្រុមហ៊ុន Minebea Mitsumi បង្ហាញបច្ចេកវិទ្យាអំពូលបំភ្លឺផ្លូវវ័យឆ្លាត LED ជួយកាត់បន្ថយថាមពល និងថវិកា
ខេត្តព្រះសីហនុ៖ លោក Ohira Kunihito អ្នក គ្រប់គ្រងទីផ្សារក្រុមហ៊ុន Minebea Mitsumi ជប៉ុន ដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងភ្នំពេញ បានបង្ហាញបច្ចេកវិទ្យា វ័យឆ្លាត អំពូល LED បំភ្លឺផ្លូវ ជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការជួយកាត់បន្ថយថាមពលប្រើប្រាស់និង ចំណេញថវិកា នៅសាលប្រជុំសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ។
លោក Ohira Kunihito អ្នកគ្រប់គ្រងទីផ្សារក្រុមហ៊ុន Minebea Mitsumi ជប៉ុន បានធ្វើបទបង្ហាញជាលើកទី២ ស្តីពីគម្រោងភ្លើងបំភ្លឺផ្លូវសាធារណៈវៃឆ្លាតតាមបច្ចេកវិទ្យាទំនើប ទាន់សម័យ សន្សំសំចៃភ្លើង ប្រើប្រាស់សម្រាប់ខេត្តព្រះសីហនុ ។ កន្លងមកក្រុមហ៊ុនបានធ្វើការបំពាក់អំពូលភ្លើងវ័យឆ្លាតនៅរាជធានាភ្នំពេញ និងខេត្តសៀមរាបរួចហើយ ។
លោក Ohira Kunihito បានបន្តថា អំពូលភ្លើងវៃឆ្លាត ប្រភេទ LED ដែលក្រុម ហ៊ុន Minebea ផ្គត់ផ្គង់សម្រាប់បំភ្លឺផ្លូវសាធារណៈ គឺ ជា អំពូល ភ្លើង ដែលអាចសន្សំសំចៃថាមពលអគ្គិសនីរហូតដល់ ៨០ ភាគរយ បើ ប្រៀបធៀបនឹងអំពូលភ្លើងធម្មតា និងអាចចំណេញថវិកាថែមទៀតផង ។ ក្រុមហ៊ុនបានបំពាក់ដាក់ឱ្យប្រើប្រាស់សាក ល្បងរួចហើយ នៅតាមវិថីសំ ខាន់ៗ ចំនួន ៣ ក្នុងរាជធានីភ្នំពេញគឺ៖ មហាវិថី ព្រះនរោត្តម មហាវិថីសហព័ន្ធរុស្ស៊ី និង មហាវិថីសម្តេច តេជោហ៊ុនសែន អំពូលភ្លើងវ័យឆ្លាតធានាបាននូវសោភ័ណភាព និង បរិស្ថាន យ៉ាងល្អប្រសើរ ។
លោក ឃាង ភារម្យ អ្នកនាំពាក្យសាលា ខេត្តព្រះសីហនុ និងជាអ្នកទទួលខុសត្រូវអំពូលភ្លើងសាធារណរបស់ខេត្ត មានប្រសាសន៍ឱ្យដឹងថា រដ្ឋបាលខេត្តព្រះសីហនុ ត្រៀមខ្លួនធ្វើការគាំទ្រ ចំពោះការវិនិយោគបច្ចេកវិទ្យាអំពូលភ្លើង LED វ័យឆ្លាត របស់ប្រទេសជប៉ុននៅខេត្តព្រះសីហនុ ស្របពេលដែលកម្ពុជា មានសក្ដានុពលច្រើនសម្រាប់ធ្វើការវិនិយោគ និង ស្របតាមចំណង់ចំណូលចិត្តរបស់ពលរដ្ឋកម្ពុជា ដែលចូលចិត្តប្រើប្រាស់ នូវអ្វីដែលអាចកាត់បន្ថយថាមពល និងថវិកា ម្យ៉ាងទៀតប្រជាពលរដ្ឋកម្ពុជា ចូលចិត្តប្រើប្រាស់ផលិតផលជប៉ុន ៕