ជូនពរមុនចេញទៅចូលរួមព្រឹត្តិការណ៍“11th ASEAN School Games 2019 ” នៅឥណ្ឌូនេស៊ី
ភ្នំពេញ៖រសៀលថ្ងៃទី១២កក្កដាលោកស សុខារដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡានិងជាប្រធាន សហព័ន្ធកីឡាសិស្ស-និស្សិតកម្ពុជាបានជួបសំណេះសំណាល និង ជូនពរដល់កីឡាករ-កីឡាការិនីកម្ពុជាដែលត្រូវទៅ
ចូលរួមប្រកួតកីឡាសិស្សអាស៊ាន“11th ASEAN School Games 2019”លើកទី១១ឆ្នាំ២០១៩ដែលនឹងប្រព្រឹត្តចាប់ពីថ្ងៃទី១៧ដល់ ២៥ ខែកក្កដា ឆ្នាំ២០១៩ នៅ Semareng – Central Java ប្រទេសឥណ្ឌូនេស៊ី។
កម្ពុជាបញ្ជូន៥ប្រភេទកីឡាទៅចូលរួមប្រកួតដែលមានប្រភេទកីឡាហែលទឹកចំនួន ១០ រូបគឺគ្រូបង្វឹក២ រូប កីឡាករ៤ រូប និងកីឡាការិនី ៤ រូប លើវិញ្ញាសា ហែលរបៀបសេរីចម្ងាយ៥០ម៉ែត្រ និង១០០ម៉ែត្រ បុរស-នារី, ហែលមេអំបៅ៥០ម៉ែត្រ និង១០០ម៉ែត្របុរស-នារី, ហែលផ្ងារ៥០ម៉ែត្រ ១០០ម៉ែត្រ និង២០០ម៉ែត្របុរស- នារី និង ហែលរបៀបកង្កែប៥០ម៉ែត្រ ១០០ម៉ែត្រ និង២០០ម៉ែត្របុរស-នារី។
កីឡាវាយកូនឃ្លីលើតុសរុបចំនួន៦ រូបគឺគ្រូបង្វឹក១រូប និងកីឡាករ៥រូបលើវិញ្ញាបុរសម្នាក់ទល់ម្នាក់ បុរស២នាក់ទល់២នាក់ និងក្រុមបុរស។ ចំណែកកីឡាអត្តពលកម្មសរុបចំនួន ១០ រូបដែលមានគ្រូបង្វឹក២ រូប កីឡាករ២ រូប និងកីឡាការិនី៥ រូប លេងវិញ្ញាសា ២០០ម៉ែត្រ បុរស-នារី ៤០០ ម៉ែត្របុរស ៨០០ម៉ែត្រនារី ១៥០០ ម៉ែត្រនារី ៤x៤០០ម៉ែត្រនារី ៣០០០ ម៉ែត្របុរស-នារី ចោលញញួនិងចោលដុំដែក នារី។
ដោយឡែកកីឡាវាយសីចំនួន១១ រូប ប្រធានដឹកនាំក្រុម១ រូប គ្រូបង្វឹក១ រូប និងកីឡាករ៦រូប កីឡាការិនី៣ រូប លើវិញ្ញាសាវាយគួបុរស-នារី វាយទោលបុរស-នារី និងក្រុមបុរស។ កីឡាវាយកូនបាល់សុរបចំនួន ១១ រូបគឺ គ្រូបង្វឹក២ រូប កីឡាករ៤ រូប និងកីឡាការិនី២ រូប លើវិញ្ញាវាយទោល បុរស-នារី វាយគូរបុរស-នារី និងវាយក្រុមបុរស៕
ក្នុងឱកាសសំណេះសំណាលនេះ លោក ស សុខា បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនដល់ប្រតិភូចំនួន ៥៦នាក់ក្នុងម្នាក់ ១០០ដុល្លារអាមេរិកបន្ថែមលើប្រាក់ហោប៉ៅរបស់ក្រសួងអប់រំយុវជន និង កីឡា ។