ក្រុម IS ចេញមុខទំនួសខុសត្រូវ ដែលប្រើក្មេងម្នាក់ឲ្យបំផ្ទុះគ្រាប់បែកអត្តឃាតនៅពិធីមង្គលការ បណ្តាលឲ្យស្លាប់៩នាក់
មនុស្សចំនួន ៩នាក់បានស្លាប់ និង ១២នាក់ផ្សេងទៀតរងរបួស ក្នុងពេលក្មេងម្នាក់ត្រូវបានក្រុមរដ្ឋអ៊ីស្លាម (IS) ដែលចងគ្រាប់បែកពេញខ្លួន ប្រើប្រាស់ដើម្បីបំផ្ទុះគ្រាប់បែកអត្តឃាត នៅក្នុងរោងការមួយកន្លែង ស្ថិតក្នុងភាគខាងកើតប្រទេសអាហ្គានីស្ថាន។ ក្រុមរដ្ឋអ៊ីស្លាម (IS) បានចេញមុខអះអាងថា វាគឺជាទំនួសខុសត្រូវរបស់ពួកគេ។
ការវាយប្រហារកាលពីថ្ងៃសុក្រម្សិលមិញនេះ កើតឡើងនៅក្នុងស្រុក Pachiragam ស្ថិតក្នុងខេត្ត Nangarhar។
អ្នកនាំពាក្យខេត្តខាងលើ បានបញ្ជាក់ថា ក្មេងម្នាក់ត្រូវបានគេប្រើប្រាស់ដើម្បីវាយប្រហារមេបញ្ជាការយោធាគាំទ្ររដ្ឋាភិបាល។
សូមបញ្ជាក់ថា នេះមិនមែនជាលើកដំបូងទេ ដែលក្រុមជ្រុលនិយមខាងលើ បានប្រើប្រាស់កុមារ ដើម្បីវាយបំផ្ទុះគ្រាប់បែកអត្តឃាត៕