ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌត្រូវពិនិត្យការចាក់បំពេញដី ត្រូវមានលិខិតអនុញ្ញាតឲ្យបានត្រឹមត្រូវ ធ្វើកិច្ចសន្យាថែទាំជួសជុលផ្លូវ

80

ភ្នំពេញ៖កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ លោក នុត ពុធដារ៉ា ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ បានដឹកនាំកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពខណ្ឌ ដោយមានការចូលរួមពី គណៈអភិបាលខណ្ឌ អធិការនគរបាលខណ្ឌ មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ តំណាងភូមិភាគពិសេសប្រចាំខណ្ឌ គណៈនាយករដ្ឋបាល ប្រធានការិយាល័យចំណុះជំនាញនានាជុំវិញខណ្ឌ ចៅសង្កាត់ ស្មៀន សង្កាត់ទាំង១២ មេភូមិទាំង៨១ និងតំណាងសាលារៀនទាំងអស់ក្នុងខណ្ឌ។

ក្នុងឱកាសនោះ លោក លោកស្រីចៅសង្កាត់ទាំងអស់បានរាយការណ៍ជូនអង្គប្រជុំអំពីសកម្មភាពការងារដែលបានអនុវត្តតាមខ្លឹមសារណែនាំរបស់អង្គប្រជុំគណៈបញ្ជាការឯកភាពខែកន្លងមក និងលើកឡើងអំពីបញ្ហាប្រឈម ដើម្បីដាក់ចេញនូវផែនការសម្រាប់អនុវត្តបន្ត។

លោកប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានធ្វើការណែនាំដល់អង្គប្រជុំលើខ្លឹមសារសំខាន់ៗនានាដូចខាងក្រោម៖
ត្រូវបន្តអនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព បង្កាបង្ក្រាប និងទប់ស្កាត់បទល្មើសលួចឆក់ប្លន់​បទល្មើសគ្រឿនញៀន ល្បែងស៊ីសង គ្រប់ប្រភេទ ឲ្យមានប្រសិទ្ធិភាព។ ត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមនានាក្នុងមូលដ្ឋានសង្កាត់ រួមមាន៖ បញ្ហាទំនាស់ដីធ្លី ល្បែងស៊ីសង បញ្ហា អនាម័យ បរិស្ថាន និងសំរាមជាដើម។ត្រូវសហការចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ ជៀសវាងការដាក់តាំងលក់សម្ភារៈនៅលើផ្លូវ ការសង់រោងបុណ្យ រោងការបិទផ្លូវសាធារណៈ បន្តកាត់យ៉ាប ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មដែលបានសាងសង់ និងដាក់ចូលចំណីផ្លូវ ព្រមទាំងរថយន្តតាក់ស៊ីដែលដាក់ចាប់ម៉ូយនៅតាមផ្លូវអាណាធិបតេយ្យ។
ត្រូវយកចិត្តទុកដាក់ទប់ស្កាត់ និងចុះធ្វើការហាមឃាត់រាល់ការសាងសង់សំណង់គ្មានលិខិតអនុញ្ញាតសាងសង់ សំណង់សាងសង់ខុសលិខិតអនុញ្ញាត និងសំណង់ដែលសាងសង់រំលោភលើបឹង ស្ទឹង ប្រឡាយ ដីសាធារណៈរបស់រដ្ឋជាដើម
លោកអភិបាលខណ្ឌដង្កោបានបញ្ជាក់ថា៖ ពីពេលនេះតទៅពិនិត្យការចាក់បំពេញដី ត្រូវមានលិខិតអនុញ្ញាតឲ្យបានត្រឹមត្រូវ ធ្វើកិច្ចសន្យាថែទាំជួសជុលផ្លូវ ការដឹកជញ្ជូនមិនត្រូវឲ្យហូរធ្លាក់ដី ខ្សាច់ តាមដងផ្លូវ និងត្រូវដាក់ប្រព័ន្ធលូ ឲ្យបានតាមការណែនាំរបស់មន្ត្រីជំនាញបច្ចេកទេស
– បន្តចុះពិនិត្យបណ្តាញលូដែលកកស្ទះ និងធ្វើការស្តារប្រព័ន្ធលូ ដើម្បីបញ្ជៀសការលិចលង់
លោកបន្តទៀតថា៖ ត្រូវយកចិត្តទុកដាក់ចំពោះបញ្ហាជម្ងឺគ្រុនឈាម បន្តការដាក់ថ្នាំអាល់ប៊ែតតាមខ្នងផ្ទះ និងកាប់ព្រៃដែលបង្ករជាជម្រកមូសខ្លា៕

អត្ថបទដែលជាប់ទាក់ទង