ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជូនមន្ត្រីជំនាញ និងឧបករណ៍ធ្វើរោគវិនិច្ឆ័យដល់កន្លែងផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក

82

ភ្នំពេញ៖ យោងតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃទី១២ ខែកក្កដា ម្សិលមិញនេះ បានដាក់បទបញ្ជាដល់មន្ត្រីអាជ្ញាធរខេត្តកើតមានជំងឺប៉េស្តជ្រូកអាហ្វ្រិក និងមន្ត្រីជំនាញ ត្រូវចុះទៅឱ្យដល់កន្លែងកើតជំងឺ ដើម្បីដោះស្រាយបញ្ហាបន្ទាន់ជូនប្រជាពលរដ្ឋនោះ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានប្រកាសថា លោកបានសម្រេចបញ្ជូនមន្ត្រីជំនាញ រួមទាំងឧបករណ៍សម្រាប់ធ្វើរោគវិនិច្ឆ័យផងទៅកាន់តំបន់ផ្ទុះជំងឺប៉េស្តជ្រូក ក្នុងបំណងធ្វើរោគវិនិច្ឆ័យរកជំងឺប៉េស្តជ្រូកឱ្យបានឆាប់រហ័សសម្រួលដល់ការលក់ដូរជ្រូករបស់ប្រជាពលរដ្ឋ។

នៅពេលថ្មីៗនេះក្រោយពីមានការផ្ទុះជំងឺប៉េស្តជ្រូកនៅក្នុងប្រទេសកម្ពុជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីណែនាំមួយដោយឱ្យផ្អាកជាបណ្តោះអាសន្ននូវការចិញ្ចឹម ទិញ លក់ និងដឹកជញ្ជូនសត្វជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូកគ្រប់ប្រភេទនៅក្នុងតំបន់ផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក ក្នុងបំណងទប់ស្កាត់ការរីករាលដាលជំងឺនេះទៅកាន់តំបន់ផ្សេងៗទៀត។
ក្រោយការសម្រេចបែបនេះ ធ្វើឱ្យប្រជាពលរដ្ឋជាអ្នកចិញ្ចឹមជ្រូកមួយចំនួនមានការព្រួយបារម្ភអំពីវិធានការទប់ស្កាត់ចរាចរទិញ លក់សត្វជ្រូកនៅក្នុងតំបន់នោះ ធ្វើឱ្យជ្រូករបស់គាត់មិនអាចធ្វើការទិញលក់បាន និងប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។
បន្ទាប់ពីមានព្រួយបារម្ភរបស់ប្រជាពលរដ្ឋបែបនេះហើយ ទើបនៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩នេះ លោក វេង សាខុន បានធ្វើការសម្រេចដាក់ចេញវិធានការថ្មី ដោយចាត់បញ្ជូនមន្ត្រីជំនាញបសុព្យាបាលរួមទាំងឧបករណ៍សម្រាប់វិភាគជាបន្ទាន់ចុះពិនិត្យដល់ទីកន្លែង និងយកសំណាកឈាមសត្វជ្រូកធ្វើការវិភាគនៅនឹងកន្លែងតំបន់ផ្ទុកជំងឺតែម្តង ដើម្បីរកមេរោគជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ។
លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បានបញ្ជាក់ថា ក្នុងករណីលទ្ធផលនៃការវិភាគសំណាកឈាមជ្រូក មិនមានវត្តមានជំងឺប៉េស្តជ្រូកអាហ្វ្រិកទេនោះ ក្រសួងនឹងអនុញ្ញាតឱ្យធ្វើការលក់សត្វជ្រូកចេញពីតំបន់នោះ ដើម្បីផ្តល់លទ្ធភាពជូនប្រជាពលរដ្ឋអាចទទួលបានប្រាក់ចំណូល ក្នុងការទូទាត់ចំណាយដែលបានខិតខំចិញ្ចឹមកន្លងមក។
លោក វេង សាខុន បានអំពាវនាវដល់ប្រជាកសិករចិញ្ចឹមជ្រូកមេត្តារក្សាភាពស្ងប់ស្ងាត់ អត់ធ្មត់ យោគយល់ និងផ្តល់ការសហការឲ្យបានល្អប្រសើរដល់មន្ត្រីជំនាញបសុព្យាបាលនៃក្រសួង ក្នុងការចុះបំពេញភារកិច្ចនេះឱ្យទទួលបានលទ្ធផលល្អប្រសើរ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះជំងឺប៉េស្តជ្រូកអាហ្វ្រិក បានកើតមាននៅក្នុងខេត្តចំនួន៥ហើយរបស់កម្ពុជា រួមមាន៖ រតនគិរី ត្បូងឃ្មុំ ស្វាយរៀង តាកែវ និងកណ្តាល។ ជ្រូកសរុបជាង ២ពាន់ក្បាលហើយត្រូវបានសម្លាប់ និងងាប់ដោយសារជំងឺប៉េស្តជ្រូកអាហ្វ្រិក៕

អត្ថបទដែលជាប់ទាក់ទង