ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កសិករនៅក្នុងខេត្ដប៉ៃលិនប្រកបរបរដាំដំណាំបន្លែទំពាំងបារាំង ដើម្បីបន្ថែមលើមុខ​របរ​ប្រចាំថ្ងៃ និងរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ កាត់បន្ថយចំណាកស្រុក

71

ប៉ៃលិន៖ ដើម្បីបង្កើនប្រាក់ចំណូលបន្ថែម សម្រាប់ផ្គត់ផ្គង់គ្រួសារ និងជួយលើកកម្ពស់ជីវភាពកាន់តែ​ប្រសើរ​ថែមទៀត កសិករនៅក្នុងខេត្ដប៉ៃលិន បានចាប់ផ្ដើមដាំដំណាំបន្លែទំពាំងបារាំងពីព្រោះ ទំពាំងបារាំងនេះគឺជាដំណាំបន្លែមួយប្រភេទ ដែលមានគុណតម្លៃដល់សុខភាព និងមានរស់​ជាតិឆ្ងាញ់ ងាយលក់រកប្រាក់ចំណូល បន្ថែម លើមុខរបរប្រចាំថ្ងៃ របស់កសិករ ។
អ្នកស្រី លឹម សុភាព អាយុ ៤៩ ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលក្រៅពីប្រកបរបរដាំដំណាំពោតក្រហម ដំឡូងមី​ប្រចាំរដូវ គាត់​បានទុកដីចំនួន៣រ៉ៃ ក្នុងចំណោមដីទាំងអស់ចំនួន៥ហិក​តា សម្រាប់ដាំ​ដំណាំ បន្លែទំពាំង​បារាំងនេះ។ គាត់ចាប់ផ្តើមដាំដំណាំទំពាំង បារាំងនេះ តាំងពីខែមេសា ឆ្នាំ២០១៦ មកម្លេះ ដែល​​មកដល់ពេលនេះ គាត់បានដាំនៅលើផ្ទៃដីចំនួន២រ៉ៃកន្លះហើយ តែ​ទំពាំង​បារាំងដែល​កំពុងតែប្រមូលផលរាល់ថ្ងៃ គឺមានទំហំ១រ៉ៃកន្លះទេ។ អ្នកស្រី លឹម សុភាព បាន​ឱ្យដឹងថា ក្នុង​ចំនួនដី១រ៉ៃកន្លះនេះ ក្នុងរដូវប្រាំង គាត់ប្រមូលផលទំពាំង បារាំងបានចន្លោះពី៧ ទៅ១០ គីឡូ​ក្រាមក្នុង មួយថ្ងៃ។ ប៉ុន្តែបើរដូវភ្លៀង មានទឹកគ្រប់គ្រាន់ គឺបងស្រីអាច​ប្រមូល​ផល​បានពី២០ ទៅ២៨គីឡូក្រាម ក្នុងមួយថ្ងៃ។ អ្នកស្រីបានបន្ថែមថា “បន្លែទំពាំងបារាំងនេះ គេ​និយម​ហូបណាស់ ព្រោះមានគុណតម្លៃល្អដល់សុខភាព និងមានរស់ជាតិឆ្ងាញ់ ហើយ​ទីផ្សាក៏មាន​តម្រូវការខ្ពស់ មានប៉ុន្មានក៏លក់អស់ដែរ ក្នុង១គីឡូលក់បានតម្លៃបោះដុំរហូត​ដល់១.២០០០​រៀល“។ អ្នកស្រីបានបន្ថែមទៀតថា ពេលប្រមូលផលហើយ ត្រូវវិចខ្ចប់ឱ្យបានត្រឹមត្រូវ​រួចបញ្ជូនទៅឱ្យម៉ូយលក់បន្តនៅផ្សាក្នុងខេត្តប៉ៃលិន និងនៅរាជធានី ភ្នំពេញដែលម៉ូយ​ត្រូវលក់រាយក្នុងតម្លៃខ្ពស់ជាងនេះ ។
លោក ម៉ម សុផានី ប្រធានស្តីទីការិយាល័យផ្សព្វផ្សាយកសិកម្ម នៃមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន បានដឹកនាំមន្រ្តីក្រោមឱវាទចុះសិក្សា និងជំរុញលើកទឹក​ចិត្ត​ដល់អ្នកស្រី លឹម សុភាព ក៏ដូចជាប្រជាកសិករដទៃទៀត ក្នុងភូមិក្រចាប់ ឱ្យបន្តខិតខំយកចិត្ត​ទុក​ដាក់ពង្រីកការដាំដំណាំទំពាំងបារាំងនេះឱ្យបានចំនួនកាន់តែច្រើន ព្រោះជាដំណាំងាយដាំ ត្រូវការតែទឹក និងដីដែលមានជីធម្មជាតិស្រាប់ ឬដីធម្មតាគ្រាន់តែប្រើជីធម្មជាតិ​ផលិតពី​លាមកគោ ជ្រូក មាន់ ទា តែប៉ណ្ណោះ មិនត្រូវការប្រើសារជាតិគីមីអ្វីទាំងអស់។ លោកបាន​បន្ដថា សំខាន់​ទំពាំងបារាំង គឺជាមុខរបររួមផ្សំមួយបន្ថែមទៀត ដែលអាចបង្កើនថវិកាជួយ​លើកស្ទួយដល់កម្រិតជីវភាពគ្រួសារប្រជាកសិករយើងឱ្យកាន់តែល្អប្រសើរឡើង ។

សូមបញ្ជាក់ថា ៖ មកដល់ពេលនេះ នៅក្នុងភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានប្រជាពលរដ្ឋចំនួន១០គ្រួសារហើយ ដែលកំពុងដាំដំណាំ​ទំពាំងបារាំងនេះ ដោយក្នុងនោះមានផ្ទៃដីដាំសរុបប្រមាណជាង២ហិចតា៕

អត្ថបទដែលជាប់ទាក់ទង